Sunday, July 05, 2015

ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃប្រទេស​មេគង្គ អញ្ជើញចូល​ថ្វាយ​​បង្គំ​គាល់​ព្រះចៅ​អធិរាជ អធិរា​ជ​នី​​​ជប៉ុន និង​​ថ្នាក់​​ដឹក​​នាំ​ជប៉ុន

បន្ទាប់ពីបានបញ្ចប់នូវវេទិកាសេដ្ឋកិច្ច នៃប្រទេសមេគង្គ‑ជប៉ុនរួចមក នៅរសៀលថ្ងៃទី៣​នោះ​ដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ រួមមានព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រ ជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ រាជាណាចក្រថៃ និង​សាធារណរដ្ឋសង្គមនិយមវៀត​ណាម បានអញ្ជើញចូលបង្កុំគលព្រះចៅអធិរាជ ព្រះអធិរាជិនី​ជប៉ុន ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំប្រទេស បាន​​​អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា ប្រធានរដ្ឋសភា ជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា មានប្រសាសន៍​ក្នុង​នាមសភា និងប្រជាជន​ជប៉ុន សំដែងនូវការស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ជូន​ចំពោះ​បណ្តាមេដឹកនាំនៃប្រទេសមេគង្គ​ទាំងប្រាំ ដែលបានចំណាយ​ពេលវេលាដ៏មានតំលៃ​បំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូប្រទេសជប៉ុន។
ឯកឧត្តមប្រធានសភាជប៉ុន មានប្រសាសន៍បន្តថា ឯកឧត្តមពិតជាមានការ​រីករាយ​ខ្លាំងណាស់ ក្នុង​ការធ្វើបដិសណ្ឋារកិច្ចចំពោះថ្នាក់ដឹកនាំទាំងអស់ និងបានចាត់ទុកថា មេដឹកនាំ​នៃប្រទេស​មេគង្គ និងជប៉ុន បានរួមវិភាគទានដ៏មានសារៈសំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ច​សហ​ប្រតិ​បត្តិ​ការនៃប្រទេសមេគង្គ ជាមួយនិងប្រទេសជប៉ុន មានការរីកចំរើន​យ៉ាងឆាប់រហ័ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានសំដែងនូវការរីករាយរួមគ្នា ចំពោះ​ការសភារបស់ប្រ​ទេសជប៉ុន បានធ្វើការគាំទ្រដល់គំនិតផ្តួចផ្តើមឲ្យ​មាននូវកិច្ចសហ​ប្រតិបត្តិ​ការ នៃប្រទេសមេគង្គ ជាមួយនិង ប្រទេសជប៉ុន ដែលកំពុងទទួលបាន​នូវលទ្ធផល​ជាវិជ្ជមាន​ជា​ច្រើ​ន ដែលជាផលប្រយោជន៍នៃប្រទេសនិង ប្រជាជនក្នុងបណ្តាប្រទេសមេគង្គ ជាមួយ​និងប្រទេសនិងប្រជាជនជប៉ុន។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បាន​អញ្ជើញ​ចូល ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី មាសា​អាគី ប្រធានព្រឹទ្ធសភា​ជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភា​ជប៉ុន មានប្រសាសន៍សំដែងនូវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ​មេដឹក​នាំ​នៃប្រទេសមេគង្គទាំងប្រាំ ដែលបានចំ​ណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកចូលរួម​កិច្ច​ប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនដ៏ស្រស់បំព្រងនេះ។
បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានចាត់ទុកថា សព្វថ្ងៃនេះ ប្រទេសមេគង្គមានកិច្ច​សហ​ប្រតិបត្តិការជាមួយប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និង ប្រទេស​ចិន។ មេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន មាន សារៈសំខាន់ជាងគេ ដោយកន្លងមកជប៉ុនបានផ្តល់ថវិកាចំណួន ៦០០ពាន់​លានយ៉េន ក្នុងការអនុវត្តយុទ្ធ សាស្រ្តក្រុងតូក្យូឆ្នាំ២០១២ ដែលមានសសរស្តម្ភ៣ គឺទី១‑ការតភ្ជាប់​តំបន់​មេគង្គ ទី២‑ការអភិវឌ្ឍរួមគ្នា និងទី៣‑ការធានានូវសន្តិសុខមនុស្សជាតិ និងចីរភាពបរិស្ថាន។ ក្នុងកិច្ចសន្ទនាគ្នានោះ មេដឹកនាំនៃប្រទេសមេគង្គ បានវាយតំលៃខ្ពស់​ចំពោះការប្តេជ្ញា​ចិត្ត​របស់​​​ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ តាមរយៈការចូលរួមជំរុញ កំណើនសេដ្ឋកិច្ច និង​សមាហរណកម្មទូលំទូលាយ នៃបណ្តាប្រទេសមេគង្គ។
បណ្តាមេដឹកនាំនៃប្រទេស មេគង្គ​ទាំង​ប្រាំក៏បានចាត់ទុកថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុ​ន លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤កក្កដាស្អែកនេះ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុន នឹង​អនុម័តយុទ្ធសាស្រ្តក្រុងតូក្យូឆ្នាំ២០១៥ សំរាប់កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន រយៈ​ពេល​៣ឆ្នាំ​២០១៦-២០១៨ ដែលជាឯកសារសំខាន់នៃក្របខណ្ឌ កិច្ចសហប្រតិបត្តិការតំបន់មេគង្គ ជប៉ុន។
ជាមួយគ្នានេះមេដឹកនាំនៃប្រទេសជប៉ុន ក៏បានថ្លែងនូវអំណរគុណជូនចំពោះ​រដ្ឋាភិបាល និង​ស្ថាប័ននិតិបញ្ញាតិ្តរបស់ជប៉ុន ដែលបានផ្តល់នូវការគាំទ្រនិងផ្តល់ជំនួយអភិវឌ្ឍន៍ ដ៏ធំធេង​ក្នុង​ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ ក្នុងបណ្តាប្រទេសមេគង្គ។ បន្ទាប់ពីបាន បញ្ចប់នូវកិច្ចសន្ទនាគ្នារួចមក មេដឹកនាំនៃប្រទេសមេគង្គ ដែលអមដំណើរដោយឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភា​ជប៉ុន អញ្ជើញទស្សនាក្នុង​សាលប្រជុំព្រឹទ្ធ​សភា​របស់​ប្រទេសជប៉ុន ដែលជា​ស្ថាប័នដ៏កំពូលរបស់ប្រទេសជប៉ុន។
បន្ទាប់នៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្ធ​រៀប​ចំ​ពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គទាំងប្រាំ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ថ្លែងសុន្ទរកថា​ក្នុងពិធីលាង​សាយភោជន៍​ជា​មហាកិត្តិយសនោះ ឯកឧត្តម ហ្សិនហ្សូ អាបេ មាន​ប្រសាសន៍ថ្លែងនូវអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត ជូនចំពោះមេដឹកនាំទាំងអស់ ដែល​បានអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
តាមរយៈវត្តមានដ៏មាន​តំលៃនៃថ្នាក់ដឹកនាំទាំងអស់ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំ​និងប្រជាជន​ជប៉ុន សូមសំដែងនូវការធ្វើ​បដិ​សណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធពរជ័យ​បវរមហា​ប្រសើរ ជូនដល់ការស្នាក់អាស្រ័យនៃការ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើក​ទី៧ នៅទីក្រុងតូក្យូប្រទេសជប៉ុននៅពេលនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ថាម​ពល​​រឹងមាំ ដើម្បីជានិម្មិតរូបនៃភាពរីកចំរើនសំរាប់ប្រជាជន នៃប្រទេសមេ គង្គ និងប្រទេស​ជប៉ុន។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ‑ ជប៉ុន លើកទី៧របស់យើងនៅថ្ងៃទី៤កក្កដា យើងនឹងធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅបំផុតពីកាលា​នុវត្ត​ភាពថ្មីៗ ដែលប្រទេសមេគង្គ និងប្រទេសជប៉ុន រួមគ្នាដោះស្រាយ​ដើម្បី​ឲ្យ​តំបន់​របស់​យើង ទទួលបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រកបដោយចីរភាព​ខ្ពស់៕ 

No comments:

Post a Comment