Sunday, July 05, 2015

ប្រតិភូ​ឧក្រិដ្ឋកម្ម​សង្គ្រាម​សហរដ្ឋអា​មេរិកមាន​បំណងចូល​រួមស្ដាប់ការ​បើកសវនាកា​របណ្ដឹង​ឧទ្ធរណ៍​របស់​សាលាក្ដី​ខែ្មរក្រហមលើ​សំណុំរឿង០០២វគ្គ០១

ក្នុងជំនួបពិភាក្សា ជាមួយឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្ដី នៅអាគារមិត្តភាព នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ប្រតិភូសហរដ្ឋអាមេរិកមួយក្រុម ដឹកនាំដោយ ឯកឧត្តម STEPHEN RAPPឯកអគ្គរដ្ឋទូតគោចរ សហរដ្ឋអាមេរិក​ទទួល​បន្ទុកឧក្រិដ្ឋកម្មសង្គ្រាមបានមានប្រសាសន៍ថា៖ គោលបំណងសំខាន់របស់ប្រតិភូ​មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺក្នុងន័យគាំទ្រអំពី​ដំណើរការ អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុងតុលាការកម្ពុជា អ.វ.ត.ក ឬសាលាក្ដីខ្មែរក្រហម ដែលសហរដ្ឋអាមេរិក បានជួយ​គាំទ្រចាប់តាំងពីថ្ងៃការបង្កើត សាលាក្ដីកូនកាត់មួយនេះមក។
ឯកឧត្តម STEPHEN RAPP បានប្រសាសន៍បន្ដទៀតថា៖  ទាក់ទងទៅនឹងដំណើរការនៃ អង្គជំនុំជំរៈ វិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងការកាត់ទោសអតីតៈ​មេដឹកនាំខ្មែរក្រហម​ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនេះដែរ ប្រតិភូសហរដ្ឋអាមេរិក ក៍មាន​បំណងចូលរួមស្ដាប់ការបកស្រាយករណី បណ្ដឹង០០២របស់តុលាការ ដែលនឹងបើក​ដំណើរការនៅថ្ងៃទី២ដល់់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៥ អំពីបណ្ដឹង ឧទ្ធរណ៍ទាក់ទង​នឹងសាលក្រម ដែលតុលាការបានចេញដីកា កាលពីខែសីហា ឆ្នាំ២០១៤ កន្លងមក ដោយបានកាត់ទោស អតីតៈមេដឹកនាំខ្មែរក្រហមចំនួន២រូប គឺ ទណ្ឌិត នួន ជា  និង ខៀវ សំផន តម្រូវជាប់ព័ន្ធធានាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ដល់ខែធ្នូ ឆ្នាំ ១៩៧៧ ។
ក្នុងនាមរាជារដ្ឋាភិបាលកម្ពុជា ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែក  ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត​សាលាក្ដីខ្មែរក្រហម ដើម្បីធ្វើការកាត់ទោសអតីតៈមេដឹក​នាំខ្មែរក្រហម ស្វែង​រក​យុត្តិ​ធម៌​ជូនដល់ជនរងគ្រោះ ពិសេសតាមរយៈការបញ្ជូនគណៈ​ប្រតិភូ មកចូលរួម​តាមដាន​ស្ដាប់ការបើកសវនាការបណ្ដឹងឧទ្ធរណ៍លើករណីសំណុំរឿង០០២ ដែលអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧  ខែកក្កដា ​ឆ្នាំ​២០១៥នេះផងដែរ៕

No comments:

Post a Comment