Tuesday, December 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសនានាបានជោគជ័យដោយសារការញុះញង់កងកម្លាំងប្រដាប់អាវុធ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បដិវត្តន៍ពណ៌​នៅតាមបណ្តាប្រទេសជាច្រើនសម្រេចបានជោគជ័យ ដោយសារតែការអនុវត្តន៍អព្យាក្រឹតូបនីយកម្មកងកម្លាំងប្រដាប់អាវុធ ដូចនេះកងទ័ព និ​ងកម្លាំងប្រដាប់អាវុធទាំងមូល គឺជាឧប​ករណ៍របស់រដ្ឋ ដែលត្រូវតែការពាររដ្ឋ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ស្ថិតនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្នកមិនអាចញុះញង់ឱ្យកងទ័ពបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើអព្យាក្រឹត្យកម្មកងទ័ពបានទេព្រោះកងទ័ពគឺជាឧប​ករណ៍របស់រដ្ឋដែលត្រូវការពាររដ្ឋ។ កន្លងមកបដិវត្តន៍ពណ៌ដែលកើតឡើងនៅគ្រប់ទីកន្លែងទាំង អស់ គេតែងតែខិតខំធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធជាពិសេសគឺកងទ័ពនេះតែម្តងរហូតដល់គេទទួលបានជោគជ័យ។

ការថ្លែងសារជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីទណ្ឌិតសម រង្ស៊ី ដែលបានរត់គេចខ្លួនក្រៅសំណាញ់ច្បាប់ទៅក្រៅប្រទេសបានអំពាវនាវញុះញង់ដោយខុសច្បាប់ជាថ្មីម្តងទៀតក្នុងពេលថ្មីៗនេះដើម្បីឱ្យកងទ័ពឈរនៅជាអព្យាក្រឹត្យហើយកុំស្តាប់តាមការបញ្ជារបស់មេបញ្ជាការក្នុងជួររាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា អព្យាក្រឹត្យនៃកងកម្លាំងប្រដាប់អាវុធធ្វើបានតែចំពោះមុខបណ្តាបក្សនយោបាយតែប៉ុណ្ណោះនៅក្នុងស្ថានភាពដែលប្រទេសជាតិរបស់យើងអនុវត្តន៍នូវរបបប្រជាធិបតេយ្យ សេរីពហុបក្សគឺយើងអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយទាំងអស់ដូចជាការដាក់ការការពារសម្រាប់បក្សកាន់អំណាច ឬបក្សមិនកាន់អំណាចគឺការពារឱ្យ​ទាំង​​​អស់គ្នាស្មើៗគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កងទ័ពឬកងកម្លាំងប្រដាប់អាវុធទាំងមូល មិនមែនអព្យាក្រឹត្យចំពោះមុខម្ខាងជារាជរដ្ឋាភិបាល និងម្ខាងជាបក្សនយោបាយទេ។ កងទ័ពឬកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើតឡើងដើម្បីការពាររដ្ឋ ដូច្នេះគ្មានទេពាក្យអព្យាក្រឹត្យនៅទីនេះ។ បើសិនជាមានការធ្វើខុស រដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធដើម្បីបង្រ្កាបឬក៏ទប់ស្កាត់នូវអំពើណាដែលលេចចេញមកអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ។ លោកបានបន្តថា «គុកគេបង្កើតឡើងសម្រាប់ដាក់អ្នកទោស អ្នកធ្វើខុស ហើយអ្នកទៅដាក់ខ្នោះចំ​ពោះ​អ្នកខុសគឺកម្លាំង នគរបាលឬអាវុធហត្ថនេះតែម្តង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ព ប៉ុន្តែរាជរដ្ឋាភិបាលដែលកតើចេញពីការបោះឆ្នោត បង្កើតជារដ្ឋមានសិទ្ធិបញ្ជាទៅលើកម្លាំងប្រ​ដាប់​អាវុធ។ លោកបានបន្ថែមថា លោកបញ្ជាកងទ័ពមិនមែនក្នុងក្របខណ្ឌនៃប្រធានគណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែលោកបញ្ជាកងទ័ពក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងថ្នាក់ដឹកនាំដទៃទៀត មិនមែនបញ្ជាកងទ័ពក្នុងនាមគណបក្សប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែបញ្ជាកងទ័ពក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្នុងនាមជាអគ្គបញ្ជាការកងយោធនពលខេមរភូមិន្ទ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា គ្មានទេអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងជាបក្សនយោបាយឬសង្គមស៊ីវិល។ យើងអព្យាក្រឹត្យតែចំពោះមុខបក្សនយោបាយដែលត្រូវមានការស្មើគ្នាក្នុងការប្រកួតប្រជែងនៅទីលានប្រជាធិបតេយ្យ តាមរយៈនៃការបោះឆ្នោតឬតាមរយៈនៃការបញ្ចេញមតិទាំងឡាយ ក៏ប៉ុន្តែនៅពេលមានការបំពានទៅលើច្បាប់រដ្ឋ ត្រូវតែចេញមុខភ្លាមដើម្បីការពាររដ្ឋមិនអាចបណ្តែតបណ្តោយបានទេ៕





No comments:

Post a Comment