Wednesday, January 08, 2020

នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថាមជ្ឈដ្ឋានខាងក្រៅនឹងគោរពសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជននូវមាគ៌ាសម្រាប់ការអភិវឌ្ឍស្របទៅនឹងប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សង្គម និងរដ្ឋធម្មនុញ្ញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវសេចក្តីសង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅខ្លះដែលតែងតែលើកឡើងដដែលៗពីបញ្ហាការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នឹងពិចារណាឱ្យបានត្រឹមត្រូវចំពោះការវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួនដែលស្របទៅនឹងប្រវត្តិសាស្រ្ត ស្ថានភាពសង្គម វប្បធម៌ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន លោក ស ខេង និង លោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឱ្យល្អប្រសើរឡើងដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្រ្ត៕











No comments:

Post a Comment