Wednesday, January 08, 2020

ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជ័យជនះ ៧ មករា ១៩៧៩-៧ មករា ២០២០

កំពង់ឆ្នាំង៖ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង និងជាអ្នក តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជ័យជនះ ៧មករា ១៩៧៩ – ៧មករា ២០២០ នៅថៃ្ងទី៧ ខែមករា ឆ្នាំ ២០២០ នៅបរិវេណសួនច្បារ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន១០.៥៧៦អង្គ/នាក់។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តខេត្តកំពង់ឆ្នាំង បានអានសុន្ទរកថារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយបានគូសបញ្ជាក់ថា ៧មករាជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានសម្លាប់ ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃជាង លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។
លោកបានបន្តទៀតថា រយៈពេល៤១ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ ថាប្រទេស កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធារ និងមានកំណើន សេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា ។
លោកបានបញ្ជាក់ទៀតថា ថៃ្ងជ័យជំនះ ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាសច្ចភាព ប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចបដិសេធន៍បានឡើយ បើគ្មានរដ្ឋប្រហារថៃ្ង ១៨មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករា ក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ ដូច្នេះយើងខ្ញុំស្រឡាញ់សន្ដិភាព អរគុណសន្ដិភាព និងប្ដេជ្ញាការពារសន្ដិភាព ។
នៅចុងបញ្ចប់គណៈអធិបតីនិងសមាជិក សមាជិកា អង្គមិទិ្ទញចូលរួមរាប់បាត្រប្រគេនព្រះសង្ឃ ៤១អង្គដើម្បីឧទ្ទិសកុសលជូន ដល់បុព្វការីជន យុទ្ធជន យុទ្ធមិត្ត ញាតិការទាំងប្រាំសន្តានដែលបានពលីជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕







No comments:

Post a Comment