កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីសន្តិសុខស្បៀងពិភពលោក ក្រោមប្រធានបទ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៥ របស់កិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ៤៥ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ព្រឹកថ្ងៃទី២៣មករា។
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៧១ ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
វេទិកាសេដ្ឋកិច្ចពិភពលោក WEF មានតួនាទីសំខាន់ គឺធ្វើឲ្យប្រសើរឡើងនៃរដ្ឋនីមួយៗនៅលើពិភព លោក តាមរយៈកិច្ចសហប្រតិបត្តិការរវាងដៃគូសាធារណៈ និងឯកជន ដោយសម្របសម្រួល រវាង មេដឹកនាំនយោបាយ ធុរៈកិច្ច វិជ្ជាករ និងមេដឹកនាំដទៃទៀត សហការគ្នារៀបចំកម្មវិធីសម្រាប់ ពិភព លោក តំបន់ និងឧស្សាហកម្ម ដើម្បីកំណត់ឲ្យច្បាស់នូវការប្រឈមដំណោះស្រាយ និងសកម្មភាព អនុវត្តជាក់ស្តែង។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ មានការចូលរួមពីមេដឹកនាំ ពិភពលោកប្រមាណ៤០ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹកនាំវ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២ពាន់៥០០នាក់ មកពី១៤០ប្រទេស ក្នុងគោលបំណងចែក រំលែកការយល់ដឹង គំនិតផ្តួចផ្តើម និងសកម្មភាពចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទៅនិងបញ្ហាប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដែលមានប្រធានបទសំខាន់គឺ បរិបទសកលលោកថ្មី។
ស្ថិតក្រោមមូលបទ បរិបទសកលលោកថ្មី វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៥នេះ បានផ្តល់នូវ គោលនយោបាយរួម ដោយផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា សម្រាប់ជាមូលដ្ឋាន ក្នុងការសម្រេចចិត្តនាពេលអនាគត។ បរិបទថ្មីនោះនឹងឆ្លុះបញ្ចាំងឲ្យឃើញនូវផលវិបាកនានា ដែលអាចកើត មានឡើងចំពោះមុខ និងរយៈពេលវែងក្នុងអនាគតដូចជា ឥទ្ធិពលជាប្រព័ន្ធ នៃកំហុសភូមិសាស្រ្ត នយោបាយ ជ្រាលជ្រៅ ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការកើតឡើងនៃ យុទ្ធសាស្រ្ត ប្រកួតប្រជែង។
ធ្វើឲ្យមានប្រក្រតីភាពឡើងវិញ នៃគោលនយោបាយរូបិយវត្ថុ តាមរយៈការកាត់បន្ថយ ការផ្គត់ផ្គង់សាច់ប្រាក់ ពីធនាគារកណ្តាល និងធ្វើឲ្យអាត្រាការប្រាក់កើន ឡើងវិញនភពេល អនាគត។ ការបាត់ជំនឿទៅលើស្ថាប័នរដ្ឋ និងឯកជន រួមទាំងការធ្លាក់ចុះនៃកិច្ចសន្ទនា រវាងរដ្ឋាភិបាល និងធុរៈកិច្ច ក្នុងក្របខណ្ឌទូលំទូលាយ។ ទំហំនិងល្បឿននៃភាពជឿនលឿនផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត ដែលចាត់ ទុកជាកត្តាជម្រុញ និងធ្វើឲ្យមានឥទ្ធិពល ប៉ុន្តែវាក៏ជាកត្តារំខាន និងគំរាមកំហែងផងដែរ។ អសមត្ថភាព ក្នុងការធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រង និងអភិបាលកិច្ច ដែលមានវិសាលភាពទូលំទូលាយ ជា ពិសេសធនធានធម្មជាតិ និងលំហូព័ត៌មានវិទ្យា។ ផលវិបាកនៃប្រព័ន្ធអេកូឡូស៊ីសង្គម និងអាជីវកម្ម ដែលប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ ភាពអត់ការងារធ្វើរបស់យុវជន និងវិសមភាព ចំណូល ជាដើម។
ក្នុងន័យឆ្លើយតបចំពោះបញ្ហាប្រឈមទាំងអស់នោះ វេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៥នេះ បានផ្តោតលើគោលដៅយុទ្ធសាស្រ្តកំណែទម្រង់ពិភពលោក និងអភិវឌ្ឍន៍ក្នុងក្របខណ្ឌសកល តំបន់ និងកម្រិតវិស័យ តាមរយៈការដាក់ចេញនូវរបៀបវារៈ មួយចំនួនរួមមាន
១-របៀបវារៈសកល កិច្ចប្រជុំ ប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៥ បានធ្វើការប្រមូលផ្តុំបណ្តា មេដឹកនាំ នយោបាយកំពូលចំនួន ២៥០រូប ដើម្បីពិភាក្សាជាមួយប្រមុខមេដឹកនាំ នៃអង្គការអន្តរជាតិ និងមេដឹក នាំធុរៈកិច្ច ស្តីពីវិធីសាស្រ្តធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ចសកល តាមរយៈកិច្ច សហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន។ ការពិភាក្សាគ្នានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការ យ៉ាង ជិតស្និត ជាមួយនឹងអង្គការអន្តរជាតិនានា ក្នុងគោលដៅផ្តល់នូវធាតុចូលក្រៅផ្លូវការ ដែលមានសារៈ សំខាន់សម្រាប់ការលូតលាស់របស់ពិភពលោក។
២-របៀបវារៈសេដ្ឋកិច្ច កិច្ចប្រជុំដ៏មាន សារៈ សំខាន់នេះ មានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់មតិយោបល់ចំពោះកំណើនសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាព ធ្វើយ៉ាងណាដើម្បីសំរេចបាននូវក្តីសង្ឃឹម ដោយ ទប់ទល់និងកំណើនទាបនៃសេដ្ឋកិច្ចពិភពលោក និងការលេចឡើងនៃហានិភ័យភូមិសាស្រ្តនយោបាយ នៅក្នុងប្រទេសមួយចំនួន។
៣-របៀបវារៈតំបន់មេដឹកនាំទាំងអស់ បានធ្វើការសិក្សាស៊ីជម្រៅអំពីការផ្លាស់ប្តូរ សង្គម និងនយោបាយ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៃពិភពលោក ដោយមានប្រតិបត្តិករគន្លឹៈពាក់ព័ន្ធនយោបាយ រចនាសម្ព័ន្ធគ្រប់គ្រង ដែលនិងគូសបញ្ជាក់យ៉ាងច្បាស់ពីការប្រឈម ក្នុងប្រទេសនិងតំបន់។
៤-របៀបវារៈស្តីពីឧស្សាហកម្មនិងធុរកិច្ច មេដឹកនាំទាំងអស់ បានធ្វើការពិភាក្សាគ្នា យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងយុទ្ធសាស្រ្តនៃការអភិវឌ្ឍឧស្សាហកម្ម និងអាជីវកម្ម តាមម៉ូដែលប្រព័ន្ធអេកូឡូស៊ី ជាពិសេសក្នុងបរិបទនវានុវត្តន៍ វិទ្យាសាស្រ្ត បច្ចេកទេស និងនយោបាយ តាមរយៈកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំក្នុងវិស័យដ៏មានអាទិភាពនោះ ជាមួយនិងរដ្ឋាភិបាល ដើម្បីទទួលយកនូវមតិយោបល់ និងសំណើរផ្សេងៗ ក្នុងគោលដៅកសាងទំនុកចិត្តទៅវិញទៅមក
៥-របៀបវារៈស្តីពីអនាគត មេដឹកនាំទាំងអស់ បានលើកឡើងនូវទស្សនៈ នវានុវត្តន៍ ការរកឃើញថ្មីៗ ដែលអាចកែប្រែពិភពលោក ដោយធ្វើការយ៉ាងជិតស្និតជាមួយនិងសកម្មភាពប្រែប្រួល ដោយគិតតាំងពីវិស័យសិល្បៈ សារព័ត៌មាន វេជ្ជសាស្រ្ត និងបច្ចេកវិទ្យា រួមទាំងការពិភាក្សាទៅលើបញ្ហាប្រឈមសកលផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នោះថា បញ្ហាគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ ត្រូវបានព្យាករថា នឹងបន្តកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។ ដូចនេះការដោះស្រាយបញ្ហាសន្តិសុខស្បៀង នឹងអាស្រ័យជាសំខាន់ទៅលើសមត្ថភាពរបស់យើង ក្នុងការគ្រប់គ្រង និងការកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ និងការបន្សុាំប្រព័ន្ធ កសិកម្ម ទៅនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា គន្លឹៈក្នុងការធានាដោះស្រាយបញ្ហាសន្តិសុខស្បៀង គឺស្ថិតនៅលើការប្តេជ្ញាចិត្ត និងឆន្ទៈរបស់យើងទាំងអស់គ្នា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ព្រមទាំងការជំរុញអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងឡាយ ដែលយើងទាំងអស់គ្នាបានដាក់ចេញមក ឲ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ដោយឡែកនៅក្នុងរបៀបវារៈ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក ក្រោមប្រធានបទ តើសេដ្ឋកិច្ចអាស៊ានទទួលផលប្រយោជន៍ពី សមាហរណកម្មក្នុងតំបន់ដ៏ទូលំ ទូលាយយ៉ាងដូចម្តេច ក្នុងបរិការណ៍សេដ្ឋកិច្ចសកលលោកថ្មី ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២៣ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបង្កើតឡើង នូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានគោលដៅសំរេចឲ្យបាននូវ សក្តានុពលនៃលំហូដោយសេរីនូវទំនញ មូលធន និងពលករជំនាញ និងផ្តល់ជាឱកាសដ៏ធំធេងសម្រាប់អាស៊ាន ប្រែខ្លួនឲ្យទៅជាមជ្ឈមណ្ឌលផលិតកម្មនៃពិភពលោក និងជាទីផ្សារតំបន់ដ៏ធំមួយ និងប្រកបដោយភាពប្រកួតប្រជែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈការ ពង្រឹងតួមាទីស្នូលរបស់ខ្លួន អាស៊ាននឹងអាចទាញយកផលចំណេញជាច្រើន ពីនិន្នាការស្ទុះឡើងជាប្រចាំ នៃសេដ្ឋកិច្ចចិន ការបង្កើតឡើងនិងបើកចំហជាបណ្តើរៗនៃសេដ្ឋកិច្ចឥណ្ឌា និងចលនាការប្រែប្រួលថ្មីនៃ សេដ្ឋកិច្ចជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលនឹងបើកឡើងនូវឱកាសពាណិជ្ជកម្ម និងវិនិយោគដ៏ច្រើនបន្ថែម លើទីផ្សារប្រពៃណីរបស់ខ្លួន រួមមានទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា អាស៊ានរំពឹងថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន បូក១ អាស៊ានបូក៣ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ព្រមទាំងការបោះដៃទៅតភ្ជាប់ជាមួយនឹងភាពជាដៃគូអន្តរប៉ាស៊ីហ្វីក នឹងដើរតួនាទី ជាយន្តការដ៏សំខាន់សម្រាប់អាស៊ាន ទាញយកផលប្រយោជន៍ពីកាលានុវត្តភាពថ្មី ដែលកំពុងតែកើត មានឡើងចំពោះមុខ ស្របជាមួយនិងការបន្តកិច្ចប្រឹងប្រែងដោះស្រាយ បញ្ហាប្រឈមមួយចំនួនរបស់ខ្លួន សម្រាប់ធានានូវសមត្ថភាពស្រូបទាញប្រយោជន៍ពី សមាហរណកម្មតំបន់ដ៏ទូលំទូលាយនោះ។ ដោយឡែកចំពោះកម្ពុជាវិញ សម្តេចបានធ្វើការគូសបញ្ជាក់ថា ការធ្វើសមាហរណកម្មតំបន់ គឺជាកាលានុវត្តភាព ប្រវត្តិសាស្រ្តសម្រាប់ភាពជឿនលឿន និងវិបុលភាណរបស់កម្ពុជា។ សម្តេចតេជោមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេសបើកចំហរនៅតំបន់អាស៊ី និងអាស៊ាន ប្រកបដោយជវភាពខ្ពស់ មានអំណោយផលពី ផលលាភប្រជារាស្រ្ត និងជាប្រទេសដែលសំរេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចិរភាព ក្នុងរយៈពេលជាងពីរទសវត្សកន្លងមក ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ហើយថែមទាំងមានសក្តានុពលឈានទៅជាប្រទេស មានជំណូលមធ្យមមួយរឹងមាំ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រៅពីការគ្រោងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលកម្ពុជានិងបន្តជម្រុញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការតភ្ជាប់ការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ដើម្បីធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌនិយ័តកម្ម និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម ការកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ ក៏ដូចជាអភិវឌ្ឍន៍សេវា និងប្រព័ន្ធគាំពារ សង្គមចាំបាច់នានា ក្នុងគោលបំណងចែករំលែកស្ថានភាពឈ្នះ‑ ឈ្នះ ជាមួយកម្ពុជា៕
No comments:
Post a Comment