Monday, January 26, 2015

សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី-សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ បងប្អូន​ជនរួម​ជាតិ​ខ្មែរ​ចំនួន ៨៥នាក់ ដែល​កំពុង​រស់​នៅ​ប្រទេសស្វីស


បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅ ទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល ២ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី​២៤មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែលជាទីកន្លែង នៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ច​ពិភព​លោកលើកទី៤៥ ក្នុងដំណើរមកកាន់ ទីក្រុងស៊ួរីក ប្រទេសស្វីស។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកចំនួន៤០រូប មកពី៤០ ប្រទេស និងបណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹក​នាំ​វ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់​៥០០​នាក់ មកពី​១៤០​ប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែល ជា ទីក្រុងខ្ពស់រាប ក្នុងរដូវត្រជាក់ទឹកកកធ្លាក់តាមបែបធម្មជាតិរបស់ប្រទេសស្វីស។ រដូវត្រជាក់ ទឹកកកធ្លាក់នៅពេលនេះ គឺស្ថិតនៅក្រោមអាកាសធាតុដក១៦ក្រោមសូន្យអង្សារសេ ដែលជា អាកាសធាតុដ៏ត្រជាក់ របស់ប្រទេសស្វីស។


បន្ទាប់ពីអញ្ជើញដល់ទីក្រុងស៊ួរីក ពោល គឺនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចអគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជន​រួមជាតិ​ខ្មែរ​ចំនួន​៨៥នាក់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា ក្នុងប្រទេសស្វីស។

ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតនិងជាតំណាងអចិន្រៃ្តយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានប្រសាសន៍​ជំរាបជូន​សម្តេច​​តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា បងប្អូនជនរួមជាតិខ្មែររស់នៅ​ប្រទេស​ស្វីស​នៅពេលនេះ មានចំនួនសរុប ប្រមាណ ១ម៉ឺននាក់រួចមកហើយ ពោលគឺរស់នៅស្ទើរ​គ្រប់​ទីកន្លែងក្នុងប្រទេសស្វីស។ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍បន្តថា បើទោះបីជាឃ្លាត​ឆ្ងាយពីស្រុកកំណើតមានរយៈពេលដ៏យូរក៏ពិតមែន ប៉ុន្តែបង​ប្អូនជនរួមជាតិទាំងអស់ នៅតែ​រក្សា​ការពារបាននូវទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អផូរផង់ ពិសេសនៅប្រទេសស្វីស មាន​ទីអារាមព្រះពុទ្ធសាសនាចំនួនពីរ ដែលបងប្អូនជនរួមជាតិយើងតែងតែនាំគ្នាទៅគោរពប្រ​តិបត្តិ​តាមជំនឿសាសនា ពោល គឺនៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ និងរដូវបុណ្យភ្ជុំបិណ្ឌ មាន​បងប្អូនជនរួមជាតិខ្មែរយើងទៅចូលរួមមិនដែលអាក់ខានម្តងណាឡើយ។


ឯកឧត្តម​បន្តថា វត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ​ទាំង​អស់ មកកាន់ប្រទេសស្វីសនៅពេលនេះ គឺបានបង្ហាញឲ្យ ឃើញពីការយកចិត្ត​ទុកដាក់​ខ្ពស់ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជន​រួមជាតិទាំងអស់ ដែលរស់នៅឃ្លាតចាកឆ្ងាយពីស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅប្រទេសស្វីស សម្តេច​អគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្ស​រីករាយ​ខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់​ជាមួយបងប្អូនជនរួមជាតិ​ទាំង​​អស់ ដែលមានវត្តមានក្នុងពិធី ដ៏កម្រនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីង​ជូរចត់​បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋ​ស្លាប់​បាត់បង់ជីវិត ព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើនរបស់ខ្លួន មករស់នៅផុតពី សេចក្តី​ស្លាប់​និងសង្រ្គាមនៅបរទេស។


សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខ បងប្អូនជនរួមជាតិទាំងអស់​នោះ​ដែរ​ថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជួរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវប្រវត្តិ​សាស្រ្ត​​ច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់​របស់យើងតទៅមុខ​ទៀត​នោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេច បានសិក្សា​ពីប្រវត្តិនៃសង្រ្គាម​ដែល​បានកើតនៅលើបណ្តាប្រទេសមួយចំនួនលើពិភពលោក ពោល គឺយើងមិនអាច​ប្រើ​ប្រាស់​សង្រ្គាម​ដើម្បីបញ្ចប់សង្រ្គាម បាននោះទេ តាមរយៈនេះហើយបានជារូបសម្តេចផ្ទាល់បាន​ចំណាយពេលវេលា ដ៏ច្រើនបំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្រ្គាមបង្ហូរ​ឈាមរវាង​ខ្មែរ​និង​ខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភព លោកយើងនេះ។ សម្តេច​តេជោ​មានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជារូបសម្តេចមិនពូកែពិសារម្ហូប​បារាំង ឬការជិៈ​យន្ត​ហោះផ្លូវឆ្ងាយជិតក៏ពិតមែន ប៉ុន្តែការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម គឺរូប សម្តេចផ្ទាល់នឹងខិតខំពុះពារឲ្យខានតែបាន សំដៅធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរ​ឈាមខ្មែរ​គ្នាឯង។
សម្តេច​តេ​ជោមានប្រសាសន៍បន្តថា មកដល់ពេលនេះកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្រោមការដាក់ចេញនូវ​នយោបាយ​ឈ្នះ‑ឈ្នះ កាលពីឆ្នាំ១៩៩៨។ នៅចំ​ពោះមុនបងប្អូនជនរួមជាតិខ្មែរនោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានធ្វើការ ក្រើនរំលឹកដល់បងប្អូនជន​រួមជាតិខ្មែរទាំងអស់ បឈ្ឈប់ការ​លាប​ពណ៌ដាក់​គ្នាពោលគឺយើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយ​ទៅវិញគឺយើង​ទាំង​អស់​គ្នា​ជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែលយើងមករស់នៅបែកឃ្លាតពីប្រទេស កំណើត​គឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន  ដែលបង្ខំឲ្យយើងទៅ​នៅទីនេះទៅនៅ​ទីនោះ បែបនេះ។


សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាព​របស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់​តាំង​ពីទីក្រុង រហូតដល់តំបន់ចុងកាត់មាត់ញក។ សម្តេចតេជោនាយករដ្ឋមន្រ្តី​មាន​ប្រសា​សន៍​សង្កត់ធ្ងន់ថា សម្តេចមាន ប្រសាសន៍នៅចំពោះមុខបងប្អូន​ជនរួមជាតិខ្មែរ​នៅពេល​នេះ គឺមិន​មែននិយាយក្នុងនាមជាមេដឹកនាំ​គណបក្ស​នយោបាយនោះទេ ផ្ទុយទៅវិញ​គឺរូប​សម្តេច​និយា​យ​​ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេស​មួយកំពុង​ដើរលើ​ផ្លូវត្រូវ និង​កំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេ​ជោមាន​ប្រសាសន៍​សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូន​បាន​ឮ​​និងបានឃើញនៅ​ តាម​បណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់​គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែ បងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុក​កំណើត​ដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាព​បែប​ណានោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មិនមែនជា​ប្រទេស​របស់អ្នកកាន់អំណាយមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រ​ទេស​របស់​ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមាន​រស់​នៅក្រៅប្រទេសទាំងអស់ផងដែរ។ តាមរយៈពិធីសំណេះសំណាល​ក្នុងលក្ខណៈ​ជាមហា​គ្រួ​សារ​នោះដែរ  សម្តេច​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូន​ចំពោះ​បង​ប្អូន​ជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីក​ចំរើន​រហូតមកដល់ពេលបច្ចុប្បន្ននេះជា សក្ខីភាពស្រាប់៕

No comments:

Post a Comment