Monday, February 20, 2017

អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ស្នេហាជាតិ

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ពាក្យស្នេហាជាតិ ជាទ្រឹស្តីទន្ទេញចាំមាត់ របស់អ្នកនយោបាយដែលតែងតែយកទៅឃោសនាឱ្យប្រជាជនជឿជាក់លើខ្លួន និងគណបក្សខ្លួន ហើយបោះឆ្នោតគាំទ្រខ្លួន។ ស្មារតីស្នេហាជាតិ មិនស្ថិតនៅលើតែការនិយាយ ឬការឃោសនាទេ វាទាមទារឱ្យមានសកម្មភាពជាក់ស្តែងថែមទៀត។

អ្នកនាំពាក្យរូបនោះ ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានក្រោកឈរឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនឱ្យផុតពីការកាប់សម្លាប់ផ្តាច់ពូជ តស៊ូទប់ស្កាត់ការចង់វិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម ស្វះស្វែងរកការចរចាបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ឈានដល់ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ នាំដល់ការបោះឆ្នោត ឆ្នាំ ១៩៩៣ កសាងបានរដ្ឋធម្មនុញ្ញថ្មីមួយដែលប្រើរហូតសព្វថ្ងៃ ដាក់ចេញនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិដោយយកជីវិតទៅដូរ មិនខ្លាចសេចក្តីស្លាប់ ធ្វើឱ្យមានឱកាសសម្រាប់ការកសាង និងអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ។ ទោះបីមិនមានសញ្ញាបត្រធំៗក៏ដោយ តែដោយស្មារតីស្នេហាជាតិជ្រាលជ្រៅ ទើបធានាការដឹកនាំ និងគ្រប់គ្រងប្រទសបានរីកចម្រើនដូចឃើញស្រាប់។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ចំណែកមេបក្សប្រឆាំងវិញ ទើបតែមានមុខ ក្រោយកិច្ចព្រមព្រៀងប៉ារីសប៉ុណ្ណោះ គ្មានបានលំបាកអ្វីសោះ ស្រាប់មកស៊ីផលស្រាប់របស់គណបក្សប្រជាជនកម្ពុជា ហើយធ្វើសកម្មភាពនយោបាយដោយបង្កើតបញ្ហាឱ្យជាតិជាប់ជានិច្ច មិនខ្វល់ពីការលំបាករបស់ប្រជាជន គិតតែពីយកជើងរាទឹក មិនចង់ឱ្យជាតិរីកចម្រើនខ្លាចបានគុណសម្បត្តិមកគណបក្សប្រជាជនកម្ពុជា អួតអាងសញ្ញាបត្របណ្ឌិតធំ តែគ្មានឧត្តមគតិស្នេហាជាតិបន្តិចសោះ ដូចយ៉ាងពួក ប៉ុល ពត, អៀង សារី, ខៀវ សំផន ជាដើម ដោយសារសញ្ញាបត្រធំនេះហើយ បានជា តែជាង ៣ឆ្នាំ ស្លាប់ប្រជាជនអស់ជាង ៣លាននាក់។ បែបនេះមិនអាចថាស្នេហាជាតិទេ។

ខាងលើនេះ ជាលក្ខណៈវិនិច្ឆ័យសម្រាប់សម្គាល់ខាងណា ពិតជាស្នេហាជាតិ ហើយមួយណាមិនស្នេហាជាតិ និងក្បត់ជាតិ។ ដូច្នេះ មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោតគាំទ្រគណបក្សណាមួយ ប្រជាពលរដ្ឋ គប្បីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយពីលក្ខណៈវិនិច្ឆ័យទៅលើគណបក្សប្រកួតប្រជែង៕



No comments:

Post a Comment