Thursday, February 23, 2023

វិភាគអន្តរជាតិ៖ តើសុន្ទរកថារបស់លោក ពូទីន បង្ហាញអ្វីខ្លះពីផែនការរបស់លោក នៅអ៊ុយក្រែន?



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈនេះបានចាប់ផ្ដើមការថ្លែងសុន្ទរកថារបស់លោកជាមួយការគូសបញ្ជាក់ពីភាពចាំបាច់ ជាច្រើននៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ «វាជាពេលវេលានៃការផ្លាស់ប្ដូរទាំងស្រុង និងមិនអាចត្រឡប់ក្រោយវិញបាន នៅទូទាំងពិភពលោក។ វាជាពេលវេលានៃ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលនឹងកំណត់ពីអនាគតប្រទេសជាតិ និងប្រជាជនរបស់យើង ហើយវាក៏ជាពេលវេលាដែលយើងទាំងអស់គ្នាគ្រប់ៗរូប ត្រូវតែទទួលខុសត្រូវ យ៉ាងធំធេងផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ប្រាប់សមាជិកសភារុស្ស៉ីរាប់រយនាក់ដែលបានអង្គុយស្ដាប់លោកថ្លែងសុន្ទរកថា។

នៅក្រោយបន្តិចនៃការថ្លែងសុន្ទរកថា បណ្ដាសារព័ត៌មានអាមេរិកធំៗទាំងអស់បានស្រង់យកឃ្លាជាច្រើនរបស់លោក ពូទីន មកចុះផ្សាយដោយផ្តោតជាសំខាន់លើការប្រកាស របស់លោកដែលថារុស្ស៉ីនឹងផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ជាសន្ធិសញ្ញានុយក្លេអ៊ែរនៅសេសសល់ចុងក្រោយគេបំផុតជាមួយសហរដ្ឋអាមេរិក ហើយ ការប្រកាសនេះដែរបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភជាថ្មីពីហានិភ័យនុយក្លេអ៊ែរក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញមួយចំនួន ដូចជាលោក Daniel Goure មកពីវិទ្យាស្ថាន Lexington Institute មានមូលដ្ឋាននៅសហរដ្ឋអាមេររិក សុន្ទរកថារបស់លោក ពូទីន ក៏បានបញ្ជាក់ដែរថាតើលោក ពូទីន នឹង ដោះស្រាយដូចម្ដេចជាមួយសង្រ្គាមក្នុងឆ្នាំទី២ ដែលលោកជាអ្នកចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបង្ហាញពីការផ្លាស់ប្ដូរនៃវោហាសាស្ត្ររបស់លោកទាំងនៅ ក្នុងស្រុក និងនៅលើពិភពលោក។

អ្នកជំនាញផ្នែកយោធារូបនេះបានសង្កត់ធ្ងន់ទៀតថា សុន្ទរកថារបស់លោក ពូទីន កាលពីថ្ងៃអង្គារគឺសឹងតែជាសុន្ទរកថាសង្រ្គាមពិតៗ ដែលគេបានឮជាលើកដំបូងមកទល់នឹង ពេលនេះ ហើយលោក ពូទីន ហាក់ដូចជាលែងចាត់ទុកថាសង្រ្គាមនៅអ៊ុយក្រែន គឺជាប្រតិបត្តិការយោធាពិសេសដើម្បីរំដោះអ៊ុយក្រែន ដោយជំនួសមកវិញនូវការចាត់ទុកថា វាជាសង្រ្គាមប្រឆាំងនឹងលោកខាងលិចតែម្ដង។

*​ ចអង្អុលដាក់មុខលោកខាងលិច

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ពូទីន បាននិយាយថាមេដឹកនាំលោកខាងលិច មិនបានលាក់បាំងពីគោលដៅរបស់ពួកគេនោះទេ ពោលគឺពួកគេចង់បំបាក់រុស្ស៉ី។ «ដូច្នេះតើ នេះមានន័យយ៉ាងដូចមេ្ដច? ជាការចោទសួររបស់លោក ពូទីន ជាមួយការបន្ថែមថា «លោកខាងលិចមានផែនការពង្រីកសង្រ្គាមមួយនៅក្នុងតំបន់ ឱ្យក្លាយជាទៅជា ការប្រឈមមុខដាក់គ្នាជាសកល។ នេះជារឿងដែលរុស្ស៉ីបានយល់យ៉ាងច្បាស់ ហើយនឹងធ្វើការឆ្លើយតបយ៉ាងសមស្រប ពីព្រោះវាជាការគំរាមកំហែងមួយដល់ប្រទេស របស់យើង»។

នៅត្រង់ចំណុចនេះ លោក Daniel Goure បានកត់សម្គាល់ថាលោក ពូទីន ចង់ផ្ញើសារទៅកាន់ប្រជាជនរុស្ស៉ីថាការបញ្ជូនទាហានទៅកាន់សមរភូមិ មិនមែនត្រឹមតែដើម្បី ការពារប្រជាជនរុស្ស៉ីនៅអ៊ុយក្រែន ឬព្រំដែនរុស្ស៉ីប៉ុណ្ណោះទេ តែក៏ដើម្បីការពារវប្បធម៌ និងប្រជាជនរុស្ស៉ីពីលោកខាងលិចដែរ។ ដោយឡែក លោក Andres Kasekamp ជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of Toronto បានពន្យល់ថាលោក ពូទីន ចង់ពន្យល់ទៅកាន់ប្រជាជនរុស្ស៉ីថាតើហេតុអ្វីបានជា សង្រ្គាមរបស់រុស្ស៉ីបរាជ័យនាកន្លងមក ដោយមិនទាន់អាចសម្រេចគោលដៅតាមផែនការអស់រយៈពេលជិតមួយមកនេះ នោះគឺលោក ពូទីនចង់ប្រាប់ប្រជាជនរុស្ស៉ីថា រុស្ស៉ីកំពុង ប្រយុទ្ធតតាំងជាមួយលោកខាងលិចទាំងមូល មិនមែនជាមួយអ៊ុយក្រែននោះទេដែលនេះឯងធ្វើឱ្យសង្រ្គាមមានការលំបាក។ នេះគឺជាវោហាសាស្ត្រនៅក្នុងស្រុករបស់លោក ពូទីន។ ចំណែកឯ ជាលក្ខណៈអន្តរជាតិវិញ ដោយទម្លាក់កំហុសទៅលើលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក លោក ពូទីន ចង់ប្រើវាដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដា ប្រទេសដទៃ នៅក្នុងតំបន់អាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន បន្តរក្សាគោលជំហរអព្យាក្រឹត ជាជាងថ្កោលទោស ឬចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៉ី។

* ការសម្លុតគំរាមនុយក្លេអ៊ែរ

លោក Andres Kasekamp បានពិព័ណ៌នាថាសុន្ទរកថារបស់លោក ពូទីន មិនបានបង្ហាញពីសញ្ញាបើកចំហទ្វារសម្រាប់កិច្ចសន្ទនា ឬក៏ការកែប្រែចិត្តយល់ព្រមបកក្រោយវិញ នោះទេ ហើយសុន្ទរកថានេះទៀតសោតក៏មិនមានអ្វីខុសប្លែកច្រើនពីសុន្ទរកថាមុនៗជិតមួយឆ្នាំមកនេះដែរ។ «អ្វីដែលថ្មី» នៅក្នុងសុន្ទរកថា នោះគឺការប្រកាសថារុស្ស៉ីនឹងផ្អាក ការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលបានជាប់គាំងរួចទៅហើយដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។

ដូចគ្នានេះដែរ លោក Leon Aron ជាអ្នកជំនាញសិក្សាពីរុស្ស៉ីម្នាក់មកពីវិទ្យាស្ថាន American Enterprise Institute (AEI) បាននិយាយថាសម្រាប់លោក ពូទីន ការសម្លុតគំរាម នុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់ដែលលោក ពូទីន សល់នៅក្នុងដៃ។ អ្នកជំនាញរូបនេះបន្តថា «ខណៈរុស្ស៉ីជាប់ផុងកាន់តែជ្រៅនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន អ្វីដែលនៅ សល់ គឺអាវុធនុយក្លេអ៊ែរ ដែលជាមធ្យោបាយតែមួយគត់របស់រុស្ស៉ី ដើម្បីអាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់លោកខាងលិច និងសង្រ្គាមសព្វថ្ងៃ»។

* ត្រៀមលក្ខណៈសម្រាប់សង្រ្គាមរយៈពេលវែង

ក្រៅតែពីការសម្លុតគំរាមកំហែងនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់លោក ពូទីន នោះគឺការត្រៀមលក្ខណៈសម្រាប់សង្រ្គាមរយៈពេលវែង និងលើកទឹកចិត្តឱ្យប្រជាជនរុស្ស៉ីសម្របខ្លួន ទៅនឹងការពិតសព្វថ្ងៃដែលពួកគេកំពុងប្រឈម។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ពូទីន បាននិយាយថាទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងរុស្ស៉ីបានទទួលបរាជ័យ រីឯសេដ្ឋកិច្ច រុស្ស៉ីនៅតែដំណើរការទៅមុខ ហើយផលិតផលកសិកម្មនៅតែបន្តកើនឡើង ស្របពេលអត្រាគ្មានការងារធ្វើបានថយចុះ។ បន្ថែមពីលើនេះខណៈលោក ចូ បៃដិន បានសន្យានៅ ក្នុងសុន្ទករថាមួយ នៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញថាសហរដ្ឋអាមេរិកនឹងឈរនៅជាមួយអ៊ុយក្រែនដល់ទីបញ្ចប់ លោក ពូទីនវិញក៏បានសន្យាដែរថាលោកនឹងប្រយុទ្ធរហូតដល់ ទីបញ្ចប់ដូចគ្នា។

បើតាមលោក Kasekamp នៅក្នុងគំនិតរបស់លោក ពូទីន លោកនៅតែជឿជាក់ថាលោកអាចតស៊ូបានយូរជាង លោកខាងលិច។ ពោលគឺទោះជាបីជាបច្ចុប្បន្នលោកកំពុងចាញ់ តែលោកនៅតែយល់ថាសាមគ្គីភាពរបស់លោកខាងលិចអាចនឹងប្រែប្រួលភ្លាមៗគ្រប់ពេលវេលា។ តួយ៉ាង ខណៈលោក ចូ បៃដិន ប្រហែលជាអាចប្ដេជ្ញាគាំទ្រអ៊ុយក្រែន រយៈពេលយូរ ប៉ុន្តែជំហរបែបនេះអាចនឹងប្រែបួលភ្លាមៗ ប្រសិនបើប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ ឬក៏សាមគ្គីភាពនៅក្នុង NATO អាចនឹងរង្គោះរង្គើរ ប្រសិនបើមានការផ្លាស់ប្ដូររដ្ឋាភិបាល នៅក្នុងចំណោមរដ្ឋជាសមាជិក។ បានន័យថារដ្ឋាភិបាលនៅបណ្ដាប្រទេសលោកខាងលិចតែងតែមានការផ្លាស់ប្ដូរ តែលោក ពូទីន វិញប្រហែលជានឹងមិនចាកចេញទៅណាឡើយ ឬក៏អាចកាន់អំណាចអស់មួយជីវិតក៏ថាបាន៕





No comments:

Post a Comment