Monday, November 21, 2016

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យដឹកលើសទម្ងន់នាំឱ្យខូចផ្លូវ ហើយរថយន្តធុនធំ មិនត្រូវតទ្រុង ឱ្យលើស និងហួសលក្ខណៈបច្ចេទេសនោះទេ

ពីខេត្តរតនគីរី ដែលជាខេត្ត ស្ថិតនៅភាគឥសាន្ត នៃប្រទេសកម្ពុជា មានចម្ងាយជាង៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧៦ ប្រវែង១៧២ . ចាប់ពីសែនមនោរម្យ-កោះញែក (ខេត្តមណ្ឌលគិរី) ដល់តាអង (ខេត្តរតនគិរី) ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជំងឺឡានតទ្រុង ខុសលក្ខណៈបច្ចេកទេស និងស្តង់ដារចេញពីរោងចក្រ និងដឹកលើសទំងន់ ពេលនេះវាបានរើឡើងវិញហើយ បន្ទាប់ស្ងាត់មួយរយៈ ក្រោយពីសម្តេចបានស្រែកម្តង ពីខេត្តសៀមរាប កាលពីប៉ុន្មានឆ្នាំមុន។
ដូច្នេះថ្ងៃនេះ ពីខេត្តរតនគិរី សម្តេចបានបញ្ជា ឱ្យអនុវត្តន៍ ចំពោះរថយន្តដឹកធ្ងន់ និងតទ្រុង ទាំងនេះ ជាបន្តទៀត ព្រោះរថយន្តទាំងនេះហើយ ដែលវាមិនត្រឹមតែបំផ្លាញផ្លូវថ្នល់ ដែលយើងបានធ្វើស្អាតនោះទេ តែវាបានបង្កើតស្ថានភាព គ្រោះថ្នាក់ចរាចរថែមទៀត។ អញ្ចឹងទេសូមអំពាវនាវឱ្យមានការដឹកជញ្ជូន និងការធ្វើចរាចរ ដោយគោរពច្បាប់ចរាចរ ដោយមិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតទ្រុងរថយន្ត អោយលើស និងហួសលក្ខណៈបច្ចេទេស យានយន្តផលិត​​ចេញពីរោងចក្រនោះទេ។ តែបើនៅតែមាន នៅតែល្មើស ត្រូវចាប់ឱ្យអស់ ហើយប្រមូលឡានហ្នឹង កុំអោយបើកបរលើផ្លូវ ហើយនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នា ដើម្បីប្រមូលរថយន្តទាំងនោះ យកទៅកាត់ទ្រុងចេញ តែបើមិនកាត់ចេញទេ ចាប់ហើយទុកចោលតែម្តងកុំខ្ចីខ្វល់ ព្រោះយើងមិនអាចអោយវាមកបំផ្លាញផ្លូវ ដែលយើងប្រឹងធ្វើយ៉ាងល្អស្អាតបានទៀតឡើយ។ បើតាមសម្តេច យើងប្រឹងណាស់ ដើម្បីបានផ្លូវល្អ ហើយសួរថាផ្លូវនេះផលប្រយោជន៍នរណា?
ដោយឡែក សំរាប់អ្នកធ្វើដំណើរតាមម៉ូតូ ពេលបានផ្លូវល្អស្អាតហើយ កុំភ្លេចពាក់មួកសុវត្ថិភាព​​ជាប្រចាំផង ហើយបើកបរនោះទៀតសោធ ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយបើក្នុងករណី មានកើតគ្រោះថ្នាក់ចរាចរ ដោយការជិះលឿនលើផ្លូវល្អ សូមកុំជេរនាយករដ្ឋមន្ត្រី ដោយសារការធ្វើផ្លូវល្អនេះ ព្រោះកន្លងមកធ្លាប់មានករណីនេះ កើតឡើងរួចមកហើយ។
ពីវេទិការនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ដោយមិនរាប់បញ្ចូលថ្ងៃនេះ គឺនៅសលតែ៨ថ្ងៃទៀតតែប៉ុណ្ណោះ សំរាប់ការចុះឈ្មោះបោះឆ្នោត ឃុំសង្កាត់។ ដូច្នេះសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ចើញរួសរាន់ប្រញាប់ប្រញាល់  ទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាការប្រើសិទ្ធិ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  នៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភា នៅឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ត្រូវបិទទ្វារនាល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ។ ទន្ទឹមនេះដែរ ជាមួយ នឹងការអំពាវនាវដល់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ទៅដល់មន្ត្រីបំរើការងារផ្នែកចុះឈ្មោះបោះឆ្នោត មេត្តាជួយសម្រួល ក្រែងលោនាទីចុងក្រោយ ប្រជាពលរដ្ឋ លោកសម្រុកទៅ ដើម្បីបំពេញបែបបទ ក្នុងការចុះឈ្នោះបោះឆ្នោតនេះ។

គួរបញ្ជាក់ថា របាយការណ៍សាងសង់ ដែលថ្លែងដោយទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧៦បន្ត ដែលមានប្រវែង១៧៦គ. នេះ ត្រូវបានលើកកម្រិត និងពង្រីកទទឹងតួផ្លូវ ទំហំ៩មែត្រ ក្នុងនោះទ្រូងថ្នល់ មាន២គន្លង ទទឹង.៥០ម និងមានចិញ្ចើមថ្នល់ទទឹង ១ម៉ែត្រសងខាង ព្រមទាំងសាងសង់ស្ពានឆ្លងកាត់ទន្លេស្រែពក មួយកន្លែងប្រវែង ប្រវែង២៧៨ម៉ែត្រ ស្ពានតូច និងស្ពានមធ្យម ចំនួន២៩កន្លែង ប្រវែង ១២០៦ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន២៩៦កន្លែង និងលូដាក់តាមប្រឡាយសងខាង ចំនួន២១៤កន្លែង។ កំណាត់ផ្លូវជាតិលេខ៧៦បន្តនេះ សាងសង់ឡើងតាមស្តង់ដារ ផ្លូវថ្នល់កម្រិតទី៣នៃគំរូរចនាប្លង់សំណង់ របស់សាធារណរដ្ឋប្រជាមានិតចិន ជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់​(DBST) ដែលចំណាយថវិកាប្រមាណ ៩១លាន៦សែន ៨ម៉ឺនដុល្លា អាមេរិកជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤លាន ៦សែន ៩ម៉ឺន ៨៦០០ដុល្លារអាមេរិក និងថវិកាសំរាប់ដោះស្រាយផលប៉ះពាល់ និងដោះមីន អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុប ២លាន ១សែន ៤ម៉ឺន ៣ពាន់ ៧២ដុល្លា អាមេរិក ដែលអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក្វាងចូវ វ៉ានអាន របសរដ្ឋចិន ដែលចាប់ផ្តើម ពីឆ្នាំ២០១២ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនាឆ្នាំ២០១៦នេះ។ កំណាត់ផ្លូវជាតិលេខ៧៦បន្តនេះ ជាសមិទ្ធិផល ដ៍ធំធេងថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយកម្ពុជា ឲ្យស្គាល់នូវសុខសន្តិភាព និងប្រែក្លាយក្តីស្រមៃរបស់ប្រជាជនកម្ពុជា ទៅជាក្តីសង្ឈឹម នៃមោទនភាពជាតិ និងជំនឿជាក់ លើការអភិវឌ្ឈ៕






No comments:

Post a Comment