Monday, November 21, 2016

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ប្រតិភូ​យុវជន អាស៊ាន ជប៉ុន ជួបសំដែង​ការគួរសម

នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូនាវា យុវជន អាស៊ីអាគ្នេយ៍ ជប៉ុន ដឹកនាំដោយលោកស្រី កៅ រីណាកាមូរី (Kao Ri Nakamuri) ចូល ជួបសំដែងការគួរសម ។
លោកស្រី បានគោរពសំដែងនូវការរីករាយ និងអំណរគុណដល់រាជរដ្ឋាភិបាល និងមន្ត្រីរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានគាំទ្រដល់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ជប៉ុននេះ។ លោកស្រីបន្តថា កម្មវធីនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៤មក ដែលគោលដៅនៃកម្មវិធីដើម្បីពង្រឹង និងពង្រីកមិត្តភាព ទំនាក់ទំនង រវាង យុវជន និងយុវជននៅក្នុងតំបន់។
សព្វថ្ងៃ កម្មវិធីនេះបានក្លាយទៅជាបណ្តាញយុវជនមួយដែលមានការ យល់គ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលជប៉ុនពិតជាមានមោទនភាព និងគាំទ្រចក្ខុវិស័យនេះតទៅមុខទៀត។ លោកស្រីបន្តថា ប្រទេសជប៉ុន ក៏បានសំដែងការរីករាយ និងមោទនភាពដែលកម្ពុជា បានរៀបចំសន្និបាតនាវាយុវជន អាស៊ីអាគ្នេយ៍ ជប៉ុន នៅខេត្តសៀមរាបកន្លងមក ក្រោមប្រធានបទ បរិស្ថាននិងពិភពលោកបៃតង។ ការដឹកនាំសន្និបាតនេះ បានប្រព្រឹត្តទៅប្រកបដោយអត្ថន័យដ៏ល្អប្រសើរដែលប្រទេសជប៉ុន នឹងចងចាំទុកជានិច្ច។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះយុវជនទាំងអស់ ដែលបានមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចបន្តថា ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំជប៉ុន និងអាស៊ាន ឱ្យមាន កម្មវិធីនាវាយុវជន ជប៉ុននេះ កាលពី៤៩ឆ្នាំកន្លងមកនេះហើយនោះ គួរជាទីគោរព និងមរតក ដែលបន្សល់ ឱ្យយើង ជំរុញកម្មវិធីតទៅទៀត ហើយតាមរយៈកម្មវិធីនេះ ពិតជានាំឱ្យយុវជន កម្ពុជា យុវជន អាស៊ាន ជប៉ុន យល់គ្នាច្បាស់ ហើយការស្គាល់គ្នាច្បាស់ នឹងសម្រួលជួយធ្វើឱ្យរាល់ទំនាក់ទំនងជាមួយគ្នាបានស្រួលដោយប្រសិទ្ធភាពទៅថ្ងៃអនាគត។ សម្តេចបានមានប្រសាសន៍ថាអាស៊ាន ជាសហគមន៍មួយ មានជោគវាសនាតែមួយ ហើយតាមរយៈការយល់គ្នារវាងរវានាវាយុវជននេះ នឹងជំរុញទំនាក់ទំនងរវាងយុវជន អាស៊ាន និង ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចបានជំរាបជូនថា  កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបាន រៀបចំសន្និបាត នាវាយុវជន អាស៊ីអាគ្នេយ៍ ជប៉ុន នៅខេត្តសៀមរាបកន្លងមក ហើយសម្តេចបានមាន ប្រសាសន៍ថា នៅលើពិភពលោកនេះ ជាការពិតណាស់ទោះបីប្រទេសនីមួយៗមានទស្សនៈផ្សេងៗគ្នា ក៏ដោយ ប៉ុន្តែប្រទេសទាំងអស់នោះមានការស្រុះស្រួលគ្នា លើ៤ចំណុច ទី១.គឺការការពារ ដោះស្រាយបញ្ហា វិបត្តិសេដ្ឋកិច្ច , ទី២.ការប្រយុទ្ធប្រឆាំងភេរវកម្ម ,ទី៣.ការគ្រប់គ្រងគ្រោះមហ្តរាយ និងទី៤.គឺការដោះស្រាយការប្រែប្រួលអាកាសធាតុ។ កត្តាទាំង៤ចំណុចខាងលើនេះហើយ ដែលយុវជនទាំងអស់ត្រូវចូលរួមជួយការពារ ជួយដល់ពិភពលោកយើងទាំងមូល។ សម្តេចក៏បានលើកឡើងជំរាបជូនប្រតិភូអំពីប្រវត្តិសាស្ត្រ របស់កម្ពុជា អំពីស្ថានភាពនយោបាយ របស់កម្ពុជាហើយ ជាទីបញ្ចប់ សម្តេចក៏បានផ្តាំផ្ញើតាមរយៈយុវជន ទាំងអស់ សូមពាំនាំនូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំនៃប្រទេសរៀងៗខ្លួនជូនចំពោះសម្តេចផង៕

ប្រភពពីGNN





No comments:

Post a Comment