Friday, December 02, 2016

ស​ម្តេច ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នកវិនិយោគ​មក​ពីប្រទេស​ចិន​

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ មុនពេលអញ្ជើញជាអធិបតីភាពប្រកាសបិទវេទិការធុរកិច្ច និងហិរញ្ញវត្ថុ កម្ពុជា-ចិន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានឆ្លៀតទទួលជួប ពិភាក្សាការងារ ទ្វេភាគីជាមួយ អ្នកវិនិយោគមកពីប្រទេសចិន ដើម្បីជំរុញលើកទឹកចិត្តឲ្យធុរកិច្ចជនទាំងនោះចាប់អារម្មណ៍វិនិយោគ នៅកម្ពុជាកាន់តែច្រើន។
សម្តេច ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលពិភាក្សារការងារជាមួយ លោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG មុននឹងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន ក្នុងឱកាសនោះផងដែរ សម្តេចបានមានប្រសាសន៍ថា សម្តេចធ្លាប់បានជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំងកំឡុងពេលដែលលោកចុះមកទស្សនៈ កិច្ចនៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាគ្នាជាបន្តបន្ទាប់ អំពីការរៀប ចំអោយមានវេទិកាធុរកិច្ច កម្ពុជាចិននេះឡើង។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានខិតខំរៀបចំអោយមានវេទិកាធុរកិច្ចកម្ពុជាចិននេះឡើង ដោយសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។
សូមរំលឹកផងដែរថា ក្នុងពេលថ្លែងប្រកាសបើកវេទិការធុរកិច្ចនិងហិរញ្ញវត្ថុកម្ពុជា-ចិន សម្តេចបានបញ្ជាក់ថា កម្ពុជាបានសម្រេចឲ្យអ្នកវិនិយោគទុនចិនទទួលបានការផ្តល់ទិដ្ឋាការ (VISA) ៣ ឆ្នាំ ដែលអាច ចេញចូល បានច្រើនដងដោយមិនចាំបាច់សុំមួយលើកៗក្នុងពេលមកកម្ពុជា។ រីឯវិនិយោគិនកូរ៉េក៏ទទួលបានដូចគ្នាដែរ។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ចិនកំណត់ផែនការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧៕

No comments:

Post a Comment