Friday, December 02, 2016

ទូត​អាឡឺ​ម៉ង់​សន្យា​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ងារ​អភិរក្ស​បេតិ​កភណ្ឌ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​

នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា  បានទទួលជួបពិភាក្សាការងារជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ថ្មីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ    ភាគីទាំងពីរ បានជជែកគ្នាច្រើនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងសហការគ្នា រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន អាឡឺម៉ង់ ដែលកំពុងដំណើរការក្នុងរមណីយដ្ឋានអង្គរ។
មានប្រសាសន៍ក្នុងជំនួបនោះ លោកបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងពីការងារជាច្រើន ដែលជាកិច្ចសហប្រតិបត្តិការរវាងភាគីអាជ្ញាធរជាតិអប្សរា និងភាគីអាឡឺម៉ង។ ក្នុងចំណោម ការងារទាំងនោះ គឺគម្រោងកម្មវិធីអភិរក្សថ្ម ដែលជាការងារទទួលបានជោគជ័យខ្លាំងបំផុត ហើយត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ជាពិសេសគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor)។
បន្ថែមពីនេះលោកបណ្ឌិត ស៊ុំ ម៉ាប់ ក៏បានកោតសរសើរចំពោះកម្មវិធីអភិរក្សថ្មនេះដែរ ដោយកម្មវិធីនេះបានជួប បណ្តុះបណ្តាលអ្នកជំនាញខ្មែរជាច្រើន ជាពិសេសបានផ្ទេរចំណេះដឹងនិងបទពិសោធន៍ដល់អ្នកជំនាញខ្មែរ ដើម្បីអនុវត្តការងារឲ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ លើជំនាញអភិរក្សថ្មប្រាសាទនេះ។
ជុំវិញការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ លោកអគ្គនាយក ក៏បានស្នើទៅភាគីអាឡឺម៉ង់ ជួយជំរុញធ្វើយ៉ាងណាឲ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ ទៀតលើសពីការងារ ដែលកំពុងមានសព្វថ្ងៃ ជាពិសេសការពង្រឹងសមត្ថភាពរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រោះសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបានផ្តោត លើការបណ្តុះបណ្តាលធនធានមនុស្សជាសំខាន់ ហើយទាំងបានបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរផងដែរ។ លើសពីនេះទៅទៀត លោកអគ្គនាយកក៏បានស្នើសុំដល់ភាគីអាឡឺម៉ង់ ជួយផ្តល់អ្នកជំនាញការបច្ចេកទេស ដើម្បីជួយលើការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការងារអភិរក្ស ជួសជុលប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។
ឆ្លើយតបនឹងសំណើនេះ លោក  Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានសម្តែងអារម្មណ៍ សប្បាយរីករាយ ចំពោះលទ្ធផលដ៏ប្រសើរដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការនានា នៅរមណីយដ្ឋានអង្គរ។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្ត និងគាំទ្ររាល់សំណូមពរ និងគំនិតផ្តួចផ្តើម របស់អាជ្ញាធរជាតិអប្សរា ហើយលោកបានសន្យាថា នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ថ្មីៗបន្តទៀត។ លោកក៏បានបញ្ជាក់បន្ថែមថា ប្រទេសអាឡឺម៉ង់បានចូលរួមការងារអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរជាង២០ឆ្នាំមកហើយ ហើយកិច្ចសហប្រតិបត្តិការលើការងារ អភិរក្សបេតិកភណ្ឌជាការងារដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាឡឺម៉ង់។ ជាមួយគ្នានេះដែរ លោកក៏បានទទួលយកការអញ្ជើញ របស់លោកអគ្គនាយក ដើម្បីមកចូលរួមកិច្ចប្រជុំ ICC-Angkor នាពេលខាងមុខ។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយលោក ក៏បានជំរុញឲ្យមានការរៀបចំ ផ្លាស់ប្តូរវគ្គបណ្តុះបណ្តាលនិសិ្សតកម្ពុជា-អាឡឺម៉ង់ ជាពិសេសផ្តល់ឱកាសដល់និស្សិតអាឡឺម៉ង់ ក្នុងការមកធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់ពីការងារអភិរក្សបេតិកភណ្ឌ សំដៅធ្វើយ៉ាងណាឲ្យយុវជនកាន់តែស្រឡាញ់និងចូលរួមយ៉ាងសកម្មលើការងារនេះ៕






No comments:

Post a Comment