Friday, December 02, 2016

សម្តេច​តេជោ ហ៊ុន សែ​ន ចង​ចាំ និង​អបអរសាទរ​ខួបទី ៣៨ នៃរណ​សិរ្សសង្គ្រោះ​ជាតិ ២​ ធ្នូ​

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា  ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបាន   បណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខួប៣៨ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។
សម្តេចតេជោ ក៏បានជូនពរជនរួមជាតិទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕




No comments:

Post a Comment