Monday, December 07, 2015

អង្គប្រជុំព្រឹទ្ធសភា សម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០១៦

យោងតាមសេច​ក្តីប្រកាសព័ត៌មាន​ របស់អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធសភា ​ស្តីពីលទ្ធផល​ នៃសម័យប្រជុំ​វិសាមញ្ញព្រឹទ្ធសភា​ នីតិកាលទី៣​ នៅថ្ងៃទី ០៧​ ខែធ្នូ ឆ្នាំ២០១៥នេះ​ បានឲ្យដឹងថា​ អង្គប្រជុំព្រឹទ្ធ​សភាបានពិនិត្យ​ និងឲ្យយោបល់​ឯកភាពទាំងស្រុង​ លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៦​ ក្នុង៤៦សំឡែង​ នៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល​ ក្រោមអធីបតី​ភាពសម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ​ ប្រធានព្រឹទ្ធសភា​។
សេចក្តី​ព្រាងច្បាប់​ ស្តីពីហិរញ្ញវត្ថុ​ សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៦​ រួមមាន០៥ជំពូក​ ចែកជា​ ១៦មាត្រា។​ សេចក្តីព្រាង​ច្បាប់នេះ​ ត្រូវបានរៀបចំ​ឡើងនៅក្នុង​បរិការណ៍​ ដែលព្រះរាជា​ណាចក្រ ​កម្ពុជា ​ស្ថិតនៅក្នុងសន្តិភាព​ ឯកភាពទឹកដី​ ឯកភាពជាតិ​ ស្ថិរភាព​នយោបាយ​ និងស្ថិរភាព​ម៉ាក្រូ សេដ្ឋកិច្ច​ ដោយធានា​បាននូវកំណើន​សេដ្ឋកិច្ច៧%។​ សេចក្តីព្រាងច្បាប់​ថវិកាឆ្នាំ២០១៦នេះ​ ត្រូវបានរៀប​ចំឡើងក្នុង​ឆ្នាំដែលឋិត​នៅពាក់កណ្តាល​អាណត្តិនៃរាជ​រដ្ឋាភិបាល​ ដែលដើរ​តួនាទី យ៉ាងខ្លាំង​ ដើម្បីសម្រេច​បានតាមការប្តេជ្ញា​ និងការសន្យា​កន្លងមក​ ដោយបង្ហាញ​ពីលទ្ធផល ដែលបាន​សម្រេចបាន។​ ម៉្យាងវិញទៀត​ជាឆ្នាំដែលកម្ពុជា​ ឆ្លងផុតពីប្រទេស​ដែលមាន​ចំណូល កម្រិតទាប​ ទៅជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតទាប​ នាំឲ្យការកាត់​បន្ថយភាព​ក្រីក្រ នៅសល់​ ១៣,% ​នៅចុងឆ្នាំ២០១៤។​ ជាមួយគ្នានេះដែរ​ ដោយសារឆ្នាំ​២០១៦ ក៏ជា​ឆ្នាំទីមួយ ​នៃការចាប់​ផ្តើមរបស់​សហគមន៍អាស៊ាន​ ហើយកម្ពុជា​ក៏មានភាព​ចាំបាច់ត្រូវរៀប​ចំខ្លួនឲ្យបានល្អ ដើម្បី​បង្កើនសមត្ថភាព​ប្រកួតប្រជែង​ ដែលទាមទារ​ឲ្យមានការប្រឡង​ប្រណាំងទាំង​សេដ្ឋកិច្ច​ និងធនធាន​មនុស្សផងដែរ​។
សេចក្តី​ព្រាងច្បាប់ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់​គ្រងឆ្នាំ២០១៦នេះ​ គឺពិតជា​ដើរតួនាទី ជាឧបករណ៍​ នៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ ជាពិសេស​ ការខិតខំបង្កើន​ប្រសិទ្ធភាព​ និងកម្រិតនៃ​ការកៀរគរចំណូល​គ្រប់ប្រភេទ​ ប្រកបដោយ​ មហិច្ឆតា​ តាមរយៈការអនុវត្តវិធានការ​យ៉ាងម៉ឺងម៉ាត់​ និងមុតស្រួច​ ទាំងវិធាន​ការរដ្ឋបាល ​និងវិធានការ​ គោលនយោបាយ​ ដែលមាន​ចែងក្នុងយុទ្ធសាស្ត្រ​កៀរគរចំណូលរយៈ​ពេលមធ្យម​ ២០១៤​-២០១៨ សំដៅ​សម្រេចបាន​នូវសមិទ្ធផល​សំខាន់ៗ​បន្ថែមទៀត​ ដើម្បីធានា​បាននូវដំណើរ ​ផ្លាស់ប្តូរមួយ ឆ្ពោះទៅរក​ការអភវិឌ្ឍប្រកប​ដោយគុណភាព​ និងចីរភាព​ ដោយផ្សារភ្ជាប់ ​ការគិតគូរអំពីតុល្យភាព​នៃកំណើន​សេដ្ឋកិច្ច​ និងការបែង​ចែកផលនៃ​កំណើននេះ ​ទៅនឹងជីវភាព​ រស់នៅប្រចាំថ្ងៃ​ និងបំណង​ប្រាថ្នារបស់ប្រជាជន​ ព្រមទាំងឆ្លើយតប​ទៅនឹងបរិការណ៍ថ្មី​ របស់កម្ពុជា​ និងនិន្នាការ​ពិភពលោក​ និងតំបន់ ​ដើម្បីនាំនាវា​កម្ពុជាឆ្ពោះទៅ​កាន់ត្រើយ ​សុខសន្តិភាព​យូរអង្វែង វិបុលភាព​ និងយុត្តិធម៌សង្គម​៕








No comments:

Post a Comment