Monday, December 07, 2015

តើ អ្វីទៅ ជាសភាតំបន់អាស៊ី APA?

សភានៃព្រះរាជា​ណាចក្រកម្ពុជា​ នឹងរៀបចំទទួល​ធ្វើជាម្ចាស់ផ្ទះ​ សភាតំបន់អាស៊ី ​(អេភីអេ) លើកទី៨​ នាសប្តាហ៍ក្រោយនេះ។​ តើអ្វីទៅ​ជាសភាតំបន់​អាស៊ីនេះ​?
សភាតំបន់អាស៊ី​ ដែលហៅកាត់ថា​ APA មានឈ្មោះ​ពេញថា “Asian Parliamentary Assembly”  ត្រូវបាន​បង្កើតឡើង​នៅក្នុងឆ្នាំ២០០៦​ ដោយបាន​ប្តូរមកពី​ សមាគមសភាអាស៊ី​ ដើម្បីសន្តិភាព​ ហៅកាត់ថា​ AAPP សភា​ប្រទេសកម្ពុជា​ ជាសមាជិក​ស្ថាបនិកAAPP​ ដែលបានប្រសូត្រ ​ឡើងនៅឆ្នាំ១៩៩៩។​ AAPP ជា​ស្ថាប័នមួយ​ ដែលបាន​ប្រមូលផ្តុំសំឡេង ​អ្នកតំណាង​ប្រជាពលរដ្ឋ​ នៅក្នុងតំបន់អាស៊ី​ ឲ្យរួបរួមគ្នា​ជាធ្លុងតែមួយ​ ក្នុងគោលដៅ​ស្វែងរកសុខសន្តិភាព​ និងការផ្សះផ្សា​ ប្រជាជាតិ​ទំាងឡាយ​នៅក្នុងតំបន់​អាស៊ីនេះ​ ឲ្យក្លាយជា​មហាគ្រួសារតែមួយ​ ទទួលបាន​សុខសន្តិភាព​ និងការអភិវឌ្ឍ​ស្មើៗគ្នាដោយ​ចីរភាព។​ បន្តបេសកកម្មពី​សមាគមសភា​អាស៊ីដើម្បីសន្តិភាព​(AAPP), សភាតំបន់​អាស៊ី(APA)​ បានពង្រីក​ទំាងទំហំ​ និងភារកិច្ច​របស់ខ្លួនជាលំដាប់​ ដែលរហូតដល់​ពេលនេះ សភា​តំបន់អាស៊ី​ មានសមា​ជិក​ចំនួន៤២ប្រទេស​ មានអ្នកសង្កេតការណ៍​ចំនួន១៦ប្រទេស​ និងអង្គការជា​ដៃគូចំនួន១០​។
ឈរលើគោល​បំណងនៃការ​ជំរុញនូវសុខ​សន្តិភាព ​និងសមាហរណកម្ម​សម្រាប់ប្រជាជាតិ​នៅក្នុង តំបន់​អាស៊ីAPA ​បានកំណត់​ឲ្យមានជំនួបកំពូល​ជាមហាសន្និបាត​នៃថ្នាក់ដឹកនាំ​សភានៃបណ្តា​ប្រទេស ដែល​ជាសមាជិក​ និងកិច្ចប្រជុំ ​  គណៈកម្មាធិការនានា​ ជាទៀងទាត់​ប្រចំាឆ្នំា​ ដើម្បីប្រមូល​នូវឆន្ទះរួម ដំណោះ​ស្រាយរួម​ យុទ្ធសាស្រ្តរួម​ ដាក់ជូនដល់​អ្នកអនុវត្តច្បាប់​ គឺរដ្ឋាភិបាល​នៃប្រទេសនីមួយៗ​ នៃរដ្ឋជា​សមាជិកAPA ​ដើម្បីធានាឲ្យ​បាននូវសុខសន្តិភាព​សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងតំបន់​ ក៏ដូចជាពិភពលោក​។
ក្នុងរយៈពេល​១៦ឆ្នាំ ដែល​កម្ពុជាបានចូល​រួមជាស្ថាបនិក​ សមាគមសភា​អាស៊ីដើម្បី​សន្តិភាពមក សភា​កម្ពុជាធ្លាប់​បានទទួលធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំសភាតំបន់អាស៊ី​ បានជាច្រើន​លើកមកហើយ ក្នុងនោះ​បានទទួលធ្វើជា​ម្ចាស់ផ្ទះមហាសន្និបាត​លើកទី២ ​របស់សមាគមសភា​អាស៊ីដើម្បី​សន្តិភាព នៅ​ក្នុងឆ្នាំ២០០១​ ដើម្បីជំរុញ​ដំណើរការសមា​ហរណកម្មសភា​តំបន់អាស៊ី​ និងកិច្ចប្រជុំអនុ ​គណៈកម្មាធិការស្តីពី​ ការកាត់បន្ថយភាព​ក្រីក្រក្នុងតំបន់អាស៊ី​ នៅឆ្នាំ២០០៩​។
រហូតមក​ដល់ពេលនេះ​ សភាតំបន់អាស៊ី​បានរៀបចំមហា​សន្និបាតចំនួន៧លើក​ ព្រមទំាងរៀបចំ កិច្ច​ប្រជុំគណៈកម្មការជា​ច្រើនលើក។​ ក្រៅពីព្រះរាជា​ណាចក្រកម្ពុជា ​ប្រទេសជាសមាជិក​ផ្សេងទៀត រួមមាន​សាធារណរដ្ឋអ៊ី​ស្លាមអ៊ឺរ៉ង​ ឥណ្ឌូនេស៊ី​ ស៊ីរី និងប្រទេស​ប៉ាគីស្ថានសុទ្ធតែ​ធ្លាប់បាន ​ទទួលរៀបចំមហា​សន្និបាតប្រចំា​ឆ្នាំរបស់ APA​ ។
ប្រធានបទ​សំខាន់ៗ​ ត្រូវបានលើកយកម​កពិភាក្សានៅក្នុង​ជំនួបប្រចំាឆ្នាំ​ទំាងនោះ។ ​“សាមគ្គីភាព ក្នុង​តំបន់អាស៊ីដើម្បី​សន្តិភាព​ និងយុត្តិធម៌”​ ជាប្រធានបទ​នៃមហាសន្និបាត​លើកទី១​ របស់អេភីអ  ដែល​បានប្រារព្ធធ្វើ​នៅប្រទេសអ៊ីរ៉ង់​ ក្នុងឆ្នាំ២០០៦។​ “តួនាទីសភា​តំបន់អាស៊ី​ ក្នុងការពង្រឹង​លទ្ធិ ប្រជាធិបតេយ្យ​ ឆ្ពោះទៅរក​វិបុលភាព​ សន្តិភាព​ និងយុត្តិធម៌ ​នៅក្នុងតំបន់ “​ជាប្រធានបទ​ នៃមហាសន្និបាតលើកទី៤​ ដែលប្រទេស​ឥណ្ឌូនេស៊ី​ ជាម្ចាស់ផ្ទះ​ នៅឆ្នាំ២០០៩។​ ចំណែក​ នៅឆ្នាំ២០១៤ កន្លងទៅនេះ​ មហាសន្និបាត​លើកទី៧​ របស់ APA​ ដែលប្រទេស​ប៉ាគីស្ថានទទួល ​ធ្វើជាម្ចាស់ផ្ទះ បាន​ពិភាក្សាលើ​ប្រធានបទ​ ”កិច្ចស្វះស្វែង​រួមគ្នាដើម្បី​សម្រេចបាន​នូវសភាអាស៊ី​ ក្នុងសតវត្សអាស៊ី”។​ ជាមួយគ្នានេះដែរ​ សមាជិកសភា​ដែលជាសមាជិក​APA បានឯកភាពគ្នា​ ធ្វើការសិក្សា​ដើម្បីរកមធ្យោបាយ​មួយ ធ្វើជាផែន​ទីបង្ហាញផ្លូវ​ក្នុងការប្រែក្លាយពី​ APA ទៅជា ​AP(សភាអាស៊ី) ​នៅពេលអនាគត​។
ចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១២​ ខែធ្នូ នេះ ​សភានៃព្រះរាជា​ណាចក្រកម្ពុជា ​នឹងទទួលធ្វើ​ជាម្ចាស់ផ្ទះ សភា​តំបន់អាស៊ី​ លើកទី៨​ នៅសណ្ឋាគារ​សុខាភ្នំពេញ​ និងរ៉េស៊ីដង់​ ដោយមានប្រធាន​ ឬថ្នាក់ដឹកនាំជាន់ខ្ពស់​ រដ្ឋសភា ព្រឹទ្ធសភា​ បណ្តាប្រទេស​ជាសមាជិក​អេភីអេ​ យ៉ាងតិចំនួន២៣​ ប្រទេសចូលរួម ជាមួយ​នឹងវត្តមានគណៈ​ប្រតិភូបណ្តា​ប្រទេសជាអ្នក​សង្កេតការណ៍​ អង្គការដៃគូ​ របស់អេភីអេ ​ជាច្រើនទៀ​ត។
ហេតុអ្វីបាន​ជាមហាសន្និបាត​លើកទី៨ ​ជ្រើសរើសប្រធាន​បទ
“ការជំរុញ​​សន្តិភាព​ ការផ្សះផ្សា​ និងការសន្ទនា​ក្នុងតំបន់អាស៊ី”?​
 “ការជំរុញសន្តិភាព​ ការផ្សះផ្សា​ និងការសន្ទនា​ក្នុងតំបន់អាស៊ី” ​អាចថាជាប្រធា​នបទមួយ​ មានលក្ខណៈសមស្រប​ទៅនឹងភាពជាក់​ស្តែងរបស់តំបន់​និងពិភពលោក។​ ប៉ុន្តែវាក៏មិនមែន​ជាការចៃដន្យពេក​នោះទេ ដែល​ប្រធានបទនេះ​ ត្រូវលើកយកមក​ជជែកលើទឹកដី ​នៃព្រះរាជាណាចក្រកម្ពុជា​។ យើងជឿជាក់ថា​ រាល់ទំនាស់​សុទ្ធតែអាច​ដោះស្រាយបានតាមកិច្ច​ សន្ទនាគ្នា​ ប្រសិនបើរាល់​គ្នាប្តេជ្ញាចិត្ត​ បែរខ្នងដាក់​ការប្រើអំពើហឹង្សា​ ហើយវិលមករកការ​ ដោះស្រាយតាម​កិច្ចសន្ទនាវិញ​។
វប្បធម៌សន្ទនា​ ជាកេរដំណែល​ ដែលបន្សល់ពី​អតីតព្រះមហាវីរក្សត្រ​ សម្តេចព្រះ​នរោត្តមសីហនុ ព្រះ​បរមរតនកោដ្ឋ ​ដែលព្រះអង្គ​បានប្រើប្រាស់​ ការសន្ទនាជាមួយ​ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន ដើម្បីផ្សះផ្សា​ បញ្ចប់ជម្លោះ​ខ្មែរគ្រប់ភាគី​ រហូតបង្កើតបាន​នូវកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ឆ្នាំ១៩៩១។​
នៅក្នុងការដឹកនាំ​ប្រទេសតាម​គោលការណ៍លិទ្ធិ​ប្រជាធិតេយ្យ​សេរីពហុបក្ស​ វប្បធម៌សន្ទនា បាន​បន្តអនុវត្តនៅ ​ កម្ពុជា រហូតមកដល់​ពេលបច្ចុប្បន្ន​។ ពិសេសនៅក្នុ​ងនីតិកាលទី៥​ នៃរដ្ឋសភានេះ​ វប្បធម៌សន្ទនា​ត្រូវបានពង្រឹង​ និងអនុវត្ត ​រវាងគណបក្ស ​ដែលមានអាសនៈក្នុង​រដ្ឋសភា ដើម្បីដោះ​ស្រាយបញ្ហា​ជាតិសំខាន់ៗ​។
បទពិសោធន៍​ជាក់ស្តែងដ៏ល្អ​ ពីការអនុវត្ត​វប្បធម៌សន្ទនានេះ ​គេរំពឹងថាកម្ពុជា​នឹងចែករំលែក ​ដល់បណ្តាប្រ​ទេ​សជាមិត្តទំាងឡាយ​ នៅក្នុងមហា​សន្និបាតលើកទី៨​ នៃសភាតំបន់​អាស៊ីនេះ៕​

ចំណាំ
រូបថតដែល​យើងខ្ញុំភ្ជាប់មកជួយនេះ​ មួយ រូបស​ញ្ញាឡូហ្គោ​ អេភីអេ​ ដែលសភាកម្ពុជា​ធ្វើម្ចាស់ផ្ទះ និង​មួយទៀត​ ជាកិច្ចប្រជុំគណៈ​កម្មការរៀប​ចំមហាសន្និបាត​អេភីអេ ​នាពេលកន្លងមក​ ក្រោមអធិបតីភាព ​ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល​ អនុប្រធានទី២​រដ្ឋសភា​ និងជាប្រធាន​គណៈកម្មការ​ រៀបចំមហា​សន្និបាតអេភីអេ​ ។


No comments:

Post a Comment