Monday, December 07, 2015

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចាត់ទុក លោក សម រង្ស៊ី ថាជាអ្នកនយោបាយ គ្មានសីលធម៌ ប្រើសម្តីមិនថ្លៃថ្នូរ

ឯកឧត្តមហោ​ ណាំហុង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​ បានហៅលោក ​សម រង្ស៊ី​ ប្រធានគណ​បក្សសង្រ្គោះ​ជាតិថាជា​ អ្នកនយោបាយ​ ដែលគ្មាន​សីលធម៌​ និងប្រើ​សម្តីមិនថ្លៃថ្នូរ។​ ការហៅដូចនេះ​ ឆ្លើយតប​ទៅនឹងសម្តី​លោក សម រង្ស៊ី​ ដែលបាន​ចោទប្រកាន់​រូបលោកថា​ ជាមេគុកបឹង​ត្របែក​ ធ្វើបាប និងចូលរួម​សម្លាប់ពលរដ្ឋខ្មែរ​ក្នុងរបប​ខ្មែរក្រហម​។

ថ្លែងប្រាប់​ក្រុមអ្នកព័ត៌មាន​ ក្រោយជួប​សំណេះ​សំណាលជា​មួយឯកអគ្គរដ្ឋទូត​អាមេរិកថ្មីប្រចាំ​ នៅកម្ពុជា​ លោក William Heid នាព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ ហោ ណាំហុង​ បានឲ្យដឹងថា ​«  រូបលោកធ្លាប់​បានទុកឱកាស​ និងបើកទ្វារ​ចំហឲ្យលោក​ សម រង្ស៊ី​ រួចផុតពីការ​ផ្តន្ទាទោស​ តែឱកាស​ត្រូវបានកន្លង​ផុតទៅហើយ ​» ។ កន្លងផុតដោយ​សារមេបក្ស​ប្រឆាំងរូបនេះ​ មិនត្រឹមតែ​មិនទទួលស្គាល់​នូវអ្វីជាកំហុស​របស់ខ្លួននោះទេ​ ថែមទាំងផ្គើន​លើសដើម​ ដោយបានទាមទារ​ឲ្យឧបនាយក​រដ្ឋមន្រ្តី ហោ​ ណាំហុង សុំទោស​ក្រុមគ្រួសារ​ពលរដ្ឋខ្មែ​រ ដែលស្លាប់​ក្នុងរបបខ្មែរ​ក្រហមថែមទៀត។​ នេះហើយជាសម្តី​ ដែលត្រូវបាន​ឯកឧត្តម ហោ​ ណាំហុង ចាត់​ទុកថា សម រង្ស៊ី​ ជាអ្នកនយោបាយ​គ្មានសីលធម៌​ ប្រើសម្តីមិនថ្លៃថ្នូរ​ ពីព្រោះតែឯក​ឧត្តម ហោ ​ណាំហុង​ បានឈ្នះក្តី​ ហើយជានិច្ចកាល​ឯកឧត្តម ហោ​ ណាំហុង តែង​តែលើកឡើងថា​ រូបគាត់ជាជនរង​គ្រោះក្នុងរបបនោះ​ ហើយសាច់​ញាតិរបស់គាត់​ក៏ត្រូវបានគេ​សម្លាប់អស់​ជាច្រើននាក់​ផងដែរ។​

ឯកឧត្តម ​ហោ ណាំហុង ​បានហៅសម្តី​លោក សម រង្ស៊ី​ ថាជាពាក្យ​សម្តីព្រហើន​ កោងកាច ដែលបង្ខំ​ឲ្យរូបលោក​សុំសាលាឧទ្ធរណ៍​ អនុវត្តន៍ដីការ​លើបណ្តឹងលោក​ សម រង្ស៊ី។

ឧប​នាយករដ្ឋមន្រ្តី​ បានបញ្ជាក់យ៉ាងដូច្នេះ​ «ខ្ញុំមិននឹក​ស្មានអ្នកនយោបាយ​ បញ្ញវន្តមួយ​ អត់សីលធម៌​ខាងស្មារតី​ ប្រើពាក្យសម្តី​មិនថ្លៃថ្នូរ​យ៉ាងនេះទេ​»

ឧបនាយក​រដ្ឋមន្ត្រី ហោ​ ណាំហុង​ បានលើកឡើងថា​ សម្តីការបរិហា​រកេរ្តិ៍របស់លោក ​សម រង្ស៊ី​ កាលបីឆ្នាំ២០០៨​ គឺ ជារឿងតូចទេ​ ដោយគ្រាន់តែ​ពិន័យអាចបញ្ចប់រឿង​ ប៉ុន្តែការញុះញង់​ឲ្យមានការរើសអើង​ នៅមុខមនុស្សរាប់រយនាក់​ គឺជារឿងធ្ងន់​ធ្ងរមិនអាចអត់​ឱនបាននោះឡើយ​។
កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រម និង សាលដីកា របស់តុលាការពាក់ព័ន្ធបទ
 «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង»  លើឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង ដែលបានធ្វើឡើងនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។

ឯកឧត្តម ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងសម្តីចោទប្រកាន់ថា រូបលោកជាប្រធានជំរុំបឹងត្របែក និងបានចូលរួម ធ្វើបាបប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែររក្រហម។

ឯកឧត្តម ហោ ណាំហុង បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី នេះ ធ្វើឲ្យរូបលោកឈឺចាប់យ៉ាងខ្លាំង ត្បិតរូបបងប្អូន និងសាច់ញាតិរបស់លោក ជាង៣០នាក់ ត្រូវបានរបបខ្មែរក្រហមសម្លាប់ផងដែរ៕

No comments:

Post a Comment