Monday, December 07, 2015

សម្តេចតេជោ៖ រួមគ្នាដោះស្រាយផលវិបាកខ្វះទឹក ក្នុងវិស័យកសិកម្ម

សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃ​ទី ០៧ ខែធ្នូ ​ឆ្នាំ២០១៥ បាន​បង្ហោះនៅក្នុង​ទំព័រហ្វេសប៊ុក​ ផ្លូវការរបស់​សម្តេច ឈ្មោះ Samdech Hun Sen , Cambodian Prime Minister ថា ឆ្នាំនេះ ​ដំណាំកសិកម្ម​នានា ពិសេសដំណាំស្រូវ ​ទាំងស្រូវវស្សា ទាំង​ស្រូវប្រាំងបាន​ និងកំពុងប្រឈមនឹងការខ្វះទឹក។​ ក្នុងសភាពការណ៍បែបនេះជាមួយ​ វិធានការដែល​រាជរដ្ឋាភិបាល​បានដាក់ចេញ​រួចមកហើយសម្តេចតេជោ ​បានដាស់តឿនអោយយកចិត្តទុក​ដាក់ ក្នុងការ​អន្តរាគមន៍ជួយ​បូមទឹកសង្គ្រោះ​ស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវ ​ទុកអោយស្រូវខូច​នៅតំបន់ដែល​មានប្រភព​ទឹកនោះឡើយ​។
ជាមួយនោះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានណែនាំអោយកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ​ និងមន្ត្រីរាជការ​ ចាត់តាំង​កម្លាំងចុះជួយ​ច្រូតកាត់ប្រមូលផសំរាប់គ្រួសារដែលខ្វះកម្លាំង​ពលកម្ម ដោយសារ​តែភាពចាស់ជរា ជាស្ត្រីមេម៉ាយ​ ជាជនពិការ​ និងគ្រួសារ​យុទ្ឋជនជាដើម ព្រមគ្នានឹងស្ថាប័ន​កសិកម្ម​ ត្រូវផ្ដល់ពូជដំណាំ​ដល់ប្រជាកសិករដែលមិនអាច​ធ្វើស្រែប្រាំងបាន​ ដោយជំរុញអោយពួកគាត់ដាំដុះ​ដំណាំរួមផ្សំវិញ​។
ខណៈដែល​បានដាស់តឿន​អោយត្រៀម​អន្តរាគមន៍​ កំចាត់សត្វបំផ្លាញដំណាំ​ និងទប់សា្កត់​ជម្ងឺ សត្វ​គ្រប់ប្រភេទ​ សម្តេចតេជោ​ ក៏បានផ្តល់​មតិអោយស្ថាប័ន​ហិរញ្ញវត្ថុ និងធនាគារ​ ត្រូវធ្វើការជាមួយ​ស្ថាប័នមី​ក្រូហិរញ្ញវត្ថុ​ រកវិធីអនុគ្រោះមួយ​ចំនួនជូនប្រជាជន​ដែលរងគ្រោះ​ ដូចជាពន្យារពេលសង​ ឬពន្យារពេល​សងដោយមិនយក​ការប្រាក់​ ឬបន្ថយការប្រាក់​ ទប់ស្កាត់ ការឆ្លៀតឱកាសរឹបអូសដីធ្លី​ ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ។ល។ ​ពីសំណាក់ម្ចាស់​បំណុល​ ចំពោះកូន​បំណុលដែលកំពុងជួបការលំបាកដោយសារ​គ្រោះធម្មជាតិ​៕



No comments:

Post a Comment