Friday, January 20, 2017

ប្រធានាធិបតីស្វីស សរសើរពីការរីកចម្រើននៅកម្ពុជា និងសន្យាជួយអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីប្រទេសស្វីសលោកស្រី Doris Leuthard បានទទួលស្គាល់ និងមើលឃើញថាប្រទេសកម្ពុជាដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមានការវិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកស្រីប្រធានាធិបតីបានសន្យាថា នឹងបន្តប្រឹងប្រែងជួយឱ្យប្រទេសងើបចេញពីសង្រ្គាមដ៏កម្សត់មួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកសរសើររបស់លោកស្រី Doris Leuthard ចំពោះភាពរីកចម្រើនរបស់កម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជំនួបពិភាក្សារវាងលោក ហ៊ុន សែន និងលោកស្រី Doris Leuthard បានធ្វើឡើងក្រោមបរិយកាសដ៏រីករាយ និងស្និទ្ធស្នាល។ លោក ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលបានផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការខ្មែរក្រហមផងដែរ។
ដើម្បីជំរុញភាពរីកចម្រើន និងបង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀតនោះ លោក ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីស្វីសជំរុញអ្នកវិនិយោគស្វីសទៅកាន់កម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដែលត្រឹមជាង ៣០លានដុល្លារនាពេលបច្ចុប្បន្នឱ្យមានទំហំធំឡើង។
ក្នុងជំនួបនោះលោក ហ៊ុន សែន និងលោកស្រី Doris Leuthard បានចាត់ចែងឱ្យក្រុមការងារនៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នា ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេស (FTA) នៃប្រទេសទាំងពីរ និងខិតខំជំរុញឱ្យវិស័យឯកជនចូលរួមឱ្យបានច្រើនឡើង ដូចជាការនាំផលិតផលស្វីស ដែលមានគុណភាពចូលកម្ពុជា និងនាំផលិតផលកម្ពុជាដូចជាអង្ករចេញមកប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជាមិនមែនសម្រាប់តែទីផ្សាររបស់កម្ពុជា ដែលមានប្រជាពលរដ្ឋ ១៥លាននាក់នោះទេ តែអាចចែកចាយសម្រាប់ទីផ្សារអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ ៦០០លាននាក់។ បន្ថែមពីលើនោះ សព្វថ្ងៃកម្ពុជាមានទីផ្សារដូចជានៅអឺរ៉ុប អាមេរិក ចិន កូរ៉េខាងត្បូង។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារអាមេរិក។
ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា លោកស្រីប្រធានាធិបតីស្វីសបានសន្យាថា នឹងបន្តជួយពង្រឹងសន្តិសុខស្បៀងដល់កសិករកម្ពុជា ដោយជំរុញឱ្យកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះគឺរដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹងសមត្ថភាពតួនាទីរបស់សភាកម្ពុជាផងដែរ។
នៅចំពោះមុខប្រធានាធិបតីស្វីស លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រពីលោកស្រីប្រធានាធិបតី។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានហៅសកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាលស្វីស លោកវេជ្ជបណ្ឌិត Richner ក៏ដូចជាប្រជាពលរដ្ឋស្វីសដទៃទៀតថា គឺជាទឹកចិត្តផុសចេញពីបេះដូង ចំពោះប្រជាពលរដ្ឋកម្ពុជា។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ប្រធានាធិបតីស្វីស ពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយមន្ទីរពេទ្យគន្ធបុប្ផា ហើយបច្ចុប្បន្នបានសម្រេចកាត់ថវិកាពីរដុល្លារ ពីសំបុត្រចូលទស្សនាអង្គរវត្ត ដើម្បីជួយទ្រទ្រង់បន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីប្រធានាធិបតីស្វីស បានអរគុណលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទទួលស្គាល់គាំទ្រ និងជួយជាថវិកាដល់លោកវេជ្ជបណ្ឌិត Richner ដែលកំពុងជួយមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃ។
លោកស្រីប្រធានាធិបតីស្វីស សរសើរពីការរីកចម្រើននៅកម្ពុជា និងសន្យាជួយអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត
ចំពោះមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋាភិបាលស្វីស បានជួយប្រមាណ ៤លានដុល្លារជារៀងរាល់ឆ្នាំ និង ២លានដុល្លារជួយមន្ទីរពេទ្យគាំពារស្រ្តីមាតាបិតា។ លោកស្រីប្រធានាធិបតី សន្យាជំរុញទេសចរណ៍ស្វីសទៅទស្សនាកម្ពុជាឱ្យបានច្រើនឡើងថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ព្រមទាំងសំណូមពរឱ្យស្វីសបន្តជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ក្នុងនាមព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកស្រីប្រធានាធិបតីស្វីស មកទស្សនកិច្ចកម្ពុជា នៅពេលវេលាដ៏សមគួរណាមួយ និងស្នើឱ្យលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជា នាខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។
កិច្ចពិភាក្សារវាង លោកនាយករដ្ឋមន្រ្តី និងលោកស្រី ប្រធានាធិបតីស្វីស គឺបានពង្រឹងនូវចំណងមិត្តភាពដែលមានរយៈពេលប្រមាណ ៤០ឆ្នាំ និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕



No comments:

Post a Comment