Friday, January 20, 2017

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ICRC ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលជួបជាមួយលោកប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ និងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា ICRC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយការដួលរលំខ្មែរក្រហម ដែលពេលនោះ ប្រជាជនកម្ពុជារាប់លាននាក់ កំពុងជួបប្រទះនូវភាពអត់ឃ្លាន ទុរភិក្សយ៉ាងខ្លាំង និងគ្មានជម្រក។ នៅពេលនោះ លោក ហោ ណាំហុង ជាអនុរដ្ឋមន្ត្រីការបរទេស បានធ្វើការជាមួយ ICRC, Oxfam, World Vision, UNICEF និងអង្គការបារាំងផ្សេងទៀតជាច្រើន។ល។ ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចពីភាពអត់ឃ្លាន និងទុរភិក្ស។
លោកបានបន្ថែមថា សព្វថ្ងៃនេះគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក៏បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដែលមាន លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានក្នុងការជួយប្រជាជនកម្ពុជា ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ និងប្រជាពលរដ្ឋ ដែលរងគ្រោះនៅទូរទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណចំពោះលោក Bart Vermeiren ក្នុងអាណត្តិរបស់លោកជានិច្ចកាល បានខិតខំប្រឹងប្រែងជាមួយកាកបាទក្រហមកម្ពុជា រហូតទទួលបាននូវជោគជ័យជាច្រើន ដែលគួរឱ្យកោតសរសើរ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជូនពរលោក Bart Vermeiren ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យថ្មីថែមទៀត នៅក្នុងបេសកកម្មមនុស្សធម៌នៅជុំវិញពិភពលោក និងសុំឱ្យ ICRC នៅតែជាដៃគូដ៏ល្អ មិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជា៕

No comments:

Post a Comment