Friday, January 20, 2017

អគារការិយាល័យថ្មីរបស់ព្រឹទ្ធសភា ០១ខ្នង កម្ពស់០៣ជាន់ ត្រូវបានសម្ពោធនៅថ្ងៃទី២០ ខែមករានេះ

(ភ្នំពេញ)៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសន្យាខិតខំប្រើប្រាស់ រាល់ជំនួយរបស់មិត្តចិនក្នុងផល ប្រយោជន៍រួម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយខិតខំប្រឹងប្រែងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

លោក សាយ ឈុំ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារការិយាល័យថ្មី ០១ខ្នង កម្ពស់០៣ជាន់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនដល់ព្រឹទ្ធសភា។ កម្មវិធីសម្ពោធនេះមានការចូលរួមពី សមាជិក-សមាជិកាព្រឹទ្ធសភា តំណាងរដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ។

លោកប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹទ្ធសភាមានភ័ព្វសំណាងដ៏ល្អ ដោយសារប្រទេសជាមិត្តជាច្រើន បានយកចិត្ត ទុកដាក់ចំពោះស្ថាប័នថ្មីនេះ ហើយបានផ្តល់ការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងទូលំទូលាយ ដោយមហាសប្បុរសទាំងស្មារតី សម្ភារ ការបណ្តុះបណ្តាលធនធានមនុស្ស និងថវិកា។ រដ្ឋាភិបាលចិន បានឈានមុខគេយ៉ាងសកម្ម ក្នុងការរួមចំណែកបំពេញ នូវការខ្វះខាត តូចធំផងទាំងឡាយ ។ ជាក់ស្តែង អាស្រ័យដោយសារជំនួយជាបន្តបន្ទាប់របស់សាធារណរដ្ឋប្រជាមានិតចិន ព្រឹទ្ធសភាមានកន្លែង ធ្វើការកាន់តែល្អប្រសើរឡើង និងបំពាក់ដោយសម្ភារ ឧបករណ៍ទំនើបៗ។

លោកបានថ្លែងបន្តថា ទាំងសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដឹងគុណជានិច្ចចំពោះសភា រដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាបំផុត ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប ជំនួយសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗទៀត ដូចជាការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពាន ថ្នល់ វារីអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ។      

ព្រមជាមួយនេះព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគចិន ដែលបានចូលមកធ្វើវិនិយោគទុននៅកម្ពុជា ហើយ បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើងជាលំដាប់។

លោក​ សាយ ឈុំ សង្ឃឹមថា រដ្ឋាភិបាលចិននឹងបន្តជួយជាបន្តបន្ទាប់ទៀតដល់ព្រឹទ្ធសភា ជាពិសេសការគាំទ្រក្នុងការ ជួយកសាងអគារសាលប្រជុំពេញអង្គថ្មីមួយ នាពេលខាងមុខ ដែលជាតម្រូវការចាំបាច់ចំពោះមុខ និងយូរអង្វែងនៅក្នុងដំណើរការ កសាងកម្ពុជាជានីតិរដ្ឋ ស្មើសិទ្ធិស្មើមុខជាមួយរដ្ឋដទៃ នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕






No comments:

Post a Comment