Friday, January 20, 2017

លោក ប៉ុល សារឿន បើកការដ្ឋានសាងសង់ផ្លូវបេតុង ៧៣០០ម៉ែត្រ ពីភូមិអូរចំណាទៅដល់ភូមិកោះខ្យង

ការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៧.៣០០ ម៉ែត្រពីផ្លូវជាតិលេខ៤ ក្នុងភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ឆ្លងកាត់ឃុំបឹងតាព្រហ្ម ទៅកាន់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលជាអាណាបក្ខដើមខ្សែ។
ផ្លូវមួយខ្សែខាងលើនេះ ទទួលស្ថាបនាដោយ កងវិស្វកម្មលោក ហ៊ុន សែន សៀមរាបសម្រាប់រយៈពេល៣ខែ ចាប់ពីថ្ងៃប្រារព្ធពិធីបើកការដ្ឋាន។
ផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ឃុំអូរឧកញ៉ា ហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ មានប្រវែង ៧.៣០០ ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្រាស់បេតុង ២០សង់ទីម៉ែត្រ។
ថ្លែងក្នុងឱកាសប្រារព្ធ ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ខាងលើនេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានរំលឹកផងដែរនូវអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី និងលោកស្រីកិត្តិព្រិទ្ធបណ្ឌិតបានផ្តល់ជូនដល់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុជាមួយនឹងអំណោយផ្លូវបេតុងមួយខ្សែខាងលើនេះ រួមមានៈ អគារសិក្សាចំនួន១៧ខ្នង ស្មើនឹង៤៧៦បន្ទប់ អគារទីចាត់ការចំនួន១៣ខ្នង ស្មើនឹង៣៩បន្ទប់ អគារអន្តេវាសិកដ្ឋានចំនួន១១ខ្នង ស្មើនឹង១១៦បន្ទប់ រួមជាមួយសម្ភារៈសិក្សាមួយចំនួនទៀត៕

No comments:

Post a Comment