Friday, January 20, 2017

ការប្រឆាំងតវ៉ានៅថ្ងៃ​ប្រគល់តំណែង​របស់​​​លោក Trump នឹង ​បង្កើត​ឱ្យមានមន្ត្រី​​អនុវត្ត​ច្បាប់ ​​​ដើម្បីបង្កើនការឆ្លើយតប​

ការប្រឆាំងតវ៉ានៅក្នុងសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋកាលពីខែកក្កដា បានប្រែក្លាយជាទៅជាការផ្សព្វផ្សាយបំភ្លើសហួសហេតុ ប៉ុន្តែការប្រឆាំងតវ៉ា នៅចុងសប្តាហ៍ខាងមុខ នាថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោននោះ អាចផ្ទុយពីនេះ។
ជាមួយនឹងការរំពឹងដែលថា មនុស្សប្រហែលជា ១លាននាក់នឹងគ្របដណ្តប់នៅក្នុងទីក្រុង ដោយរួមមានក្រុមប្រឆាំងនឹងលោក Trump ជាច្រើននោះ ថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅចុងសប្តាហ៍នេះនឹងត្រូវបានគេមើលឃើញថា នឹងមានការប្រឆាំងតវ៉ាមួយត្រូវបានរៀបចំឡើងយ៉ាងធំ។
លោក Michael Heaney សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅក្នុងសកលវិទ្យាល័យMichigan ដែលសិក្សាពីវ៉ូងបាតុករនៅក្នុងថ្ងៃសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនោះ បានមានប្រសាសន៍ថា «ខ្ញុំអាចនិយាយបានថា បាតុកម្មនោះនឹងមានទំហំធំ នៅក្នុងថ្ងៃចូលកាន់តំណែងរបស់លោក Trump ដែលយើងមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្ត្រ»។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេ ដែលក្រុមបាតុករទាំងនោះបានរៀបចំប្រឆាំងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ ជាក់ស្តែងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក Obama ទាំងពីរលើក គេឃើញមានក្រុមបាតុករដែរ ប៉ុន្តែមានបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺប្រហែលជាង ១០០នាក់ ដែលបានប្រឆាំងនឹងប្រធានបទ ដូចជាបញ្ហាសង្គ្រាមនៅអឺរ៉ាក់ ខណៈដែលចំនួនអ្នកប្រឆាំងតវ៉ានឹងលោកប្រធានាធិបតី George W Bush កាលពីឆ្នាំ២០០៥ មានទំហំធំជាងនេះ។
លោក Heaney បានបន្តទៀតថា «កាលពីឆ្នាំ២០០៥ អ្នកប្រហែលជាឃើញមានក្រុមបាតុករប្រមាណជា ១០.០០០នាក់។ ដែលកាលនោះ ការធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមគឺជាបញ្ហាធំ។ មានការប្រឆាំង «Turn Your Back on Bush» ដែលបានកើតឡើងអំឡុងពេលការចូលស្បថលើកទី២របស់គាត់ នៅពេលដែលគាត់កំពុងតែថ្លែងសន្ទរកថា»។
ប៉ុន្តែ អ្វីដែលខុសប្លែកនៅពេលនេះគឺថា មានក្រុមបាតុករជាច្រើនបាននិយាយថា ពួកគេគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងលោក Trump មុនពេលដែលគាត់ចូលបំរើការងារមួយថ្ងៃនៅក្នុងការិយាល័យពងក្រពើនោះ។
តើអ្នកណាកំពុងតែធ្វើការប្រឆាំងតវ៉ានោះ?
ក្រុមតវ៉ាដែលស្ថិតក្នុងបញ្ជីឈ្មោះដ៏វែងមួយកំពុងតែរៀបចំធ្វើការដើរជាក្បួន ធ្វើបាតុកម្ម និងធ្វើសកម្មភាពមិនសប្បាយចិត្តនឹងថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅចុងសប្តាហ៍នេះ។ ភាគច្រើននៃពួកគេទំនងជាត្រូវបានរៀបចំឡើងឱ្យដើរជាក្បួន ដោយស្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងត្រូវធ្វើឡើងមួយថ្ងៃក្រោយពេលដែលលោកស្បថចូលកាន់តំណែង។ ការដើរក្បួន ដែលអ្នករៀបចំបាននិយាយថា អាចទាក់ទាញអ្នកចូលរួមប្រមាណជា ២០០.០០០នាក់នោះ មិនត្រូវបានគេជួលដើម្បីប្រឆាំងនឹងព្រឹត្តិការណ៍របស់លោក Trump នោះទេ។ ជំនួសមកវិញ គោលបំណងរបស់ក្បូននេះគឺជំរុញឱ្យសិទ្ធិ និងការផ្តល់អំណាចដល់ស្ត្រី។
ក្បួន DisruptJ20 ដែលត្រូវបានគ្រោងដោយអ្នករៀបចំយ៉ាងច្រើននោះ ក៏នឹងក្លាយជាការធ្វើបាតុកម្មមួយដ៏ធំផងដែរ ហើយនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក។ អ្នករៀបចំក្រុមបាននិយាយថា ក្បួននេះគឺមានបំណងចង់រំខានដល់ពិធីស្បថចូលកាន់តំណែងរបស់លោក Trump ។
លោក Lacy MacAuley អ្នករៀបចំក្បួន DisruptJ20 បានមានប្រសាសន៍ថា យើងពិតជាចង់ឱ្យមានការរំខានដ៏ខ្លាំងមួយ។ យើងចង់ផ្តល់នូវអ្វីមួយដល់អ្នក ដែលមានអារម្មណ៍ត្រូវបានគំរាមកំហែងដោយលោក Donald Trump។
ក្រុមផ្សេងៗទៀតជាច្រើនក៏បានដាក់លិខិតសុំអនុញ្ញាតដើម្បីប្រឆាំងនឹងលោកក្នុងថ្ងៃស្បថចូលកាន់តំណែង ឬអំឡុងថ្ងៃចុងសប្តាហ៍ផងដែរ។ មកដល់ពេលនេះ មានតែក្រុម Women’s March on Washington ក្រុមប្រឆាំងនឹងលោក Trump និងក្រុម Answer Coalition ប៉ុណ្ណោះបានទទួលការអនុញ្ញាត។
ក្រុមផ្សេងទៀតដែលមិនមានគម្រោងសុំការអនុញ្ញាត ដែលរួមមានក្រុមប្រឆាំងនឹងគោលនយោបាយគ្រឿងញឿនសហព័ន្ធនោះ ក៏នឹងចូលរួមផងដែរ។
ការត្រៀមខ្លួនរបស់មន្ត្រី
ខណៈដែលវាមិនអាចកំណត់ឱ្យបានពិតប្រាកដ ថាតើនឹងមានមនុស្សប៉ុន្មាននាក់នឹងចូលរួមនៅក្នុងថ្ងៃស្បថចូលកាន់តំណែងចុងសប្តាហ៍នោះ មន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងទីក្រុង កំពុងតែត្រូវបានរៀបចំឡើងដើម្បីមកជួបជុំគ្នា។ នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីតោនឌីស៊ី ប៉ូលិសប្រចាំសេតវិមាន ក្រុម FBI និងភា្នក់ងារសំខាន់មានគម្រោងរួមគ្នានៅក្នុងថ្ងៃស្បថចូលកាន់តំណែងហើយពួកគេមានគម្រោងនឹងដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើង។
លោក Paul Abbate ជំនួយការប្រធាន FBI ប្រចាំរដ្ឋវ៉ាស៊ីនតោនបានមានប្រសាសន៍ថា វាទំនងជាមានការយកចិត្តទុកដាក់បន្ថែមទៀតទៅលើចំណុចនេះ ដោយសារតែមានការចាប់អារម្មណ៍ទៅលើបាតុកម្ម និងនយោបាយ។ ប៉ុន្តែ នេះមិនមែនជារឿងរបស់ពួកយើងទេ យើងមិនមានការបារម្ភចំពោះបញ្ហានេះ។ យើងគ្រាន់តែធ្វើការរបស់យើង គឺរក្សាសន្តិសុខ សុវត្ថិភាព និងការពារប្រជាជនតែប៉ុណ្ណោះ។
អ្នកតំណាងរបស់ FBI និងភា្នក់ងារសំងាត់ ក៏បានលើកយកពីគម្រោងរបស់ពួកគេ ដែលរួមមានគំាទ្រដ៏ខ្លាំងចំពោះសិទ្ធិរបស់អ្នកចូលរួមប្រឆាំងផងដែរ។
លោក Abbate បានបន្ថែមទៀតថា យើងនឹងស្វែងរកអ្នក ដែលចូលរួម ហើយបង្កឧក្រិដ្ឋកម្ម គំរាមកំហែង ប៉ះពាល់ដល់មនុស្សផ្សេង បង្កហិង្សា និងធ្វើអ្វីដែលខុសច្បាប់។ យើងនឹងទប់ស្កាត់ពួកគេពីបញ្ហាទាំងអស់នោះ។ ប៉ុន្តែគាំទ្រទាំងស្រុងចំពោះការប្រឆាំងតវ៉ាប្រកបដោយសន្តិភាព និងសិទ្ធិនៃការបញ្ចេញមតិរបស់ពួកគេ។
កាសែត Washington Post បានបញ្ជាក់ថា ជាមួយនឹងប៉ូលិសប្រចាំក្រុងវ៉ាស៊ីនតោនឌីស៊ីនោះ ក្រុងនេះនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់ចំនួន ៣.០០០នាក់បន្ថែមទៀត ដើម្បីល្បាតផ្លូវ។ ជាងនេះទៅទៀត មានកងអង្គរក្សជាតិ ៥.០០០នាក់ នឹងឈរជើងនៅក្នុងក្រុងដោយគ្មានអាវុធ ហើយពិនិត្យមើលទៅលើផ្លូវទាំងនោះ។

លោក Jeh Jonhson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា យើងក៏មានគម្រោងដាក់ឧបករណ៍សាងសង់ធន់ធ្ងន់ដើម្បីរារាំងការវាយប្រហារដោយរថយន្ត ដូចដែលបានកើតមានឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំងផងដែរ៕

ប្រភព : KFDI ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧


No comments:

Post a Comment