Monday, September 10, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែលនឹងប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ​ សមុទ្រស​តវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នា​ជាច្រើនពីអាស៊ាន និងចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពា​ណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន រួមទាំ​ងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។
ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដើ​ម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។​
​អំឡុងពេលស្នាក់នៅប្រទេសចិន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗនិងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិនព្រមទាំងផ្តល់​បទសម្ភាសន៍ដល់សារព័ត៌មាន​ចិន​ផងដែរ៕








No comments:

Post a Comment