Monday, September 10, 2018

លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះជាអាសន្នហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមដីការបង្គាប់ឱ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
ខ្លឹមសារដីកាបង្គាប់ឱ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញបានសរសេរថា ៖ បង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ«ក្បត់ ជាតិ» ។ លោកត្រូវបានតុលាការ បញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕


No comments:

Post a Comment