Monday, September 10, 2018

កម្ពុជា ថៃ បិទវគ្គបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងទាំង២

ប៉ៃលិន៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានបិទវគ្គគម្រោងបំប៉នសមត្ថភាព និងអភិវឌ្ឍន៍ជំនាញ សម្រាប់ពលករ កម្ពុជា ឡាវ មីយ៉ានម៉ា ឆ្នាំ២០១៨ លើជំនាញ ១-ជួសជុលម៉ាស៊ីនត្រជាក់ ២-ជួសជុលគ្រឿងយន្តកសិកម្ម ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ឱ្យបានកាន់តែល្អប្រសើឡើងថែមទៀត ជាពិសេសវិស័យការងារ និងពលករ។
លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានឱ្យដឹងថា ដើម្បីបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី និងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ឱ្យបានល្អប្រសើឡើងមួយកម្រឹតថែមទៀតទើបខេត្តទាំង២ បានរួមគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយភាគីថៃ បានបញ្ជូនគ្រូជំនាញ និងសម្ភារៈបច្ចេកទេស មកបើកបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនតែម្តង ហើយនៅឆ្នាំបន្ទាប់ៗទៀត ការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី នឹងបន្តសហការបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យបានច្រើនជាងនេះ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែលបានជួយបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យពួកគាត់មានចំណេះជំនាញច្បាស់លាស់ ដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងស្រុក ជាសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលមានហានិភ័យខ្ពស់។
លោកអភិបាលខេត្ត ក៍បានជំរុញដល់មន្ត្រីជំនាញនៃខេត្តទាំង២ ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំង២ ជាពិសេសត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៍បានស្នើដល់ភាគីថៃ ធ្វើយ៉ាងណានៅថ្ងៃខាងមុខ ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា ដល់គ្រូនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តឱ្យបានច្រើន ដើម្បីឱ្យពួកគាត់យកចំណេះជំនាញទាំងនេះ មកបណ្តុះបណ្តាលបន្តដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន។
បើតាមការបញ្ជាក់របស់លោក គឺន សុគុន្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលដែលសហការរវាង កម្ពុជា ថៃនេះ គឺមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ ០៧ខែកញ្ញា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចំនួន ៤០នាក់ លើមុខជំនាញបច្ចេកទេស ជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលគ្រឿងយន្តកសិកម្ម/ម៉ាស៊ីនធុនតូច៕






No comments:

Post a Comment