Monday, September 10, 2018

នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងបរិស្ថានជំរុញបន្ថែមទៀតការអនុវត្តមុខងារសាធារណៈក្នុងការគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន (ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន ថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួង បរិស្ថាននឹងជំរុញបន្ថែមទៀតដល់ការអនុវត្តមុខងារតួនាទីគ្រប់វិស័យក៏ដូចជាការឆ្លើយតបទៅ នឹងយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញកន្លងមកទៅឱ្យថ្នាក់ក្រោមជាតិ និងពិភាក្សាគ្នាការអនុវត្តមុខងារសាធារណៈនេះទៅដល់ក្រុងទាំង២៦ និងស្រុក ក្នុងការជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង បរិស្ថាន ដូចជា ការគ្រប់គ្រងសំរាម ប្រព័ន្ធលូដើម្បីកិច្ចគាំពារបរិស្ថាន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាន៍ដែរថា មុខងារសាធារណៈគឺត្រូវមានការទទួលខុសត្រូ​វនូវអ្វីដែលបានចែងក្នុងអនុក្រឹត្យក្នុងការកំណត់មុខងារសាធារណៈរបស់ក្រសួងបរិស្ថានកំ​ណត់មុខងារសាធារណៈរបស់មន្ទីរ ដែលជាសេនាធិការឱ្យថ្នាក់ខេត្ត ថាតើត្រូវប្រែក្លាយមុខងារ យុទ្ធសាស្រ្ត និងយុទ្ធវិធីបែបណាដើម្បីការអនុវត្តដើរឱ្យឆ្លើយតបទៅនឹងផែនការក្រសួងធ្វើយ៉ា​ងណា ដើរឱ្យទាន់ទៅនឹងតម្រូវការសង្គមដែលទាមទារឱ្យរដ្ឋបាលសាធារណៈនេះ មានភា​ពឈ្លាសវៃ និងមានប្រសិទ្ធភាពឆ្លើយតបបានឆាប់រហ័សទៅនឹងសេចក្តីត្រូវការរបស់សង្គមយើងបច្ចុប្បន្ន។
សូមបញ្ជាក់ថា កិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន (ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថានទាំង២៥ រាជធានី -ខេត្តក្រុង ដើម្បីជំរុញ និងលើកកម្ពស់ការ អនុវត្តការគ្រប់គ្រងសំរាមទីប្រជុំជនក្រុងឱ្យមានប្រសិទ្ធភាព៕





No comments:

Post a Comment