Monday, February 09, 2015

បទអត្ថា​ធិប្បាយ​ ដោយ​៖ សួន​ចំរើន​, ការ​ជ្រើស​រើស​​កម្លាំង​​យុវជន​​ជំនាន់​​ក្រោយ​ របស់​​គណបក្ស​​​ប្រជាជន​​ ធ្វើ​ឲ្យ​គណ​​បក្ស​​​ប្រឆាំង​​ភិត​ភ័យ

ព្រឹត្តិការណ៍​​ថ្មីៗ ​​​​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយដែល​ត្រូវ​បាន​ក្រុម​អ្នកតាម​ដាន​ស្ថាន​ការ​ណ៍​នយោបាយ​នៅ​កម្ពុជា​​កំពុង​យក​ចិត្ត​ទុក​ដាក់​នោះ​​​ គឺ​​គណបក្ស​ប្រជាជន​​កម្ពុជា​ បាន​ធ្វើ​ការ​កែ​​ទម្រង់​យុទ្ធ​សាស្ត្រ​​​​​របស់​​ខ្លួន​ ទាំង​កិច្ច​ការ​ផ្ទៃ​ក្នុង​បក្ស​​ និង​កិច្ច​ការ​ដឹក​នាំ​រដ្ឋាភិបាល​​​​គួរ​ឲ្យ​កត់​សម្គាល់​។ ការ​ធ្វើ​កំណែ​ទម្រង់​នេះ ​​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ និង​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​​ មាន​ការភិតភ័យ និង​​ព្រួយ​​បារម្ភ​ យ៉ាង​ខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​ថ្មី​ៗ​ចុង​ក្រោយ​នេះ​។
គោលដៅជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា​ នៅ​ដើម​អាណត្តិ​ទី​៥​នេះ​ ​គឺ​ផ្តោត​លើ​ការ​បន្ត​វេន និងការចូលរួមរបស់យុវជននៅ​ក្នុង​រចនា​សម្ព័ន្ធ​​​គណបក្ស​ ដែលជាកត្តា​ប្រៀបឈ្នះមួយ​របស់​បក្ស​ ក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ ​អភិបាល​កិច្ច​ល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រួម​ចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។​
សមាស​ភាព​ក្រុម​យុវជន ដែល​គណបក្ស​ បាន​ធ្វើ​ការ​ជ្រើសរើស​ គឺ​សុទ្ធ​សឹង​ជា​ធន​​ធាន​​មនុស្ស​​ប្រកប​​ដោយ​គុណ​ភាព​ និង​សមត្ថភាព ​ពោរពេញ​ដោយ​ទេព​កោសល្យ​ និងបទពិសោធន៍ ស័ក្តិ​សម​ជា​ទំពាំង​ស្នងឫស្សី សម្រាប់​ប្រទេស​ទៅ​ថ្ងៃអនាគត​។​​
ជាក់ស្តែងថ្មីៗ​នេះ ​លោក សុខ សូ​កាន ​កូនប្រុស​របស់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីទទួលបន្ទុក​​​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ​បានជ្រើស​រើស​​ជា​អ្នក​តំណាងរាស្ដ្រ​វ័យក្មេងមួយរូប​ទៀត​ តាម​គោល​ការណ៍​​​ប្រជាធិបតេយ្យ​ និងគោលការណ៍ច្បាប់ជាធរមាន ជំនួសលោក សូរ ឃុន ដែល​ទទួល​មរណៈភាព សម្រាប់​មណ្ឌល​ខេត្តតាកែវ។​
ការទទួលបានតំណែងជាអ្នកតំណាងរាស្ត្រពេញសិទ្ធិរបស់លោក សុខ សូកាន នេះ គឺ​ដោយ​សារ​​​លោកបានឈរឈ្មោះបោះឆ្នោតនៅលេខរៀងទី៨ នៅក្នុងមណ្ឌលនេះ ហើយ​បេក្ខជន​ដែល​មាន​លេខ​រៀងលំដាប់ទី៥ ទី៦ និងទី៧ គឺមានលោកច័ន្ទ សារុន បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី លោកពេជ្រ សោ​ភ័ណ ជារដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុក ផេង ជា​រដ្ឋ​លេខា​ធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លា​ចេញ​ពី​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​អស់​គ្នា​ដោយ​សារ​តែអ្នកទាំង​នោះ​​មាន​តំណែង​ជាសមាជិករដ្ឋាភិបាលខាងលើនេះ។ ហេតុដូច្នេះហើយដែលលោក សុខ សូកាន​​បាន​ក្លាយជាអ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ ស្រប​​តាមនីតិ​វិធី​ និងច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត។​ លទ្ធផល​នេះ​គឺ​មិន​ស្ថិតនៅ​ក្រោម​ឥទ្ធិពលរបស់​​បុគ្គល​ណា​ម្នាក់​​នោះ​ឡើយ។​
ក្រៅពីការក្លាយខ្លួនជាអ្នកតំណាងរាស្ត្រ លោក សុខ សូ​កាន បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ចំនួន​៣ រួម​មាន​សាកលវិទ្យាល័យ​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ដ្រាលី នៅ​ឆ្នាំ​២០០៧ ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រវត្តិសាស្ដ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រោយ​មក​ ​លោក​បាន​បន្ដ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ជាតិ​របស់​សិង្ហ​បុរី (Lee Kuan Yew School) ផ្នែក​គោលនយោបាយ​សាធារណៈ​ក្នុង​ឆ្នាំ​២០១១ ប្រកប​​ដោយ​ជោគជ័យ​ មួយ​ឆ្នាំ​ក្រោយមក​ទៀត គឺ​នៅ​ឆ្នាំ​២០១២ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​កូឡុំប៊ី​សហរដ្ឋអាមេរិក ផ្នែក​រដ្ឋបាល​សាធារណៈ​ថែម​ទៀត​
បន្ថែម​លើ​ សកម្មភាពចុះ​ជួយ​សង្គម​ និង​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​​ និង​ចំណេះ​ដឹងខ្ពង់​ខ្ពស់​​របស់​លោក​ សុខ​ សូកាន​ ​បានធ្វើ​ឲ្យ​​ថ្នាក់​ដឹក​នាំ​គណបក្ស​សម្រេច​ជ្រើស​​តាំងលោក​​ ជាបេក្ខជនតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​ ​​​សម​ស្រប​ទៅនឹង​​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​​ការផ្តល់​ឱកាស​ដល់​យុវជន​​ដែល​មាន​សមត្ថភាព​ និង​​ជំរុញ​ឲ្យ​យុវជនជំនាន់​ក្រោយ​​មាន​តួនាទី​សំខាន់​​ ក្នុងការ​ចួល​រួម​ដឹក​នាំ​​រដ្ឋ និងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ​។
កម្លាំង​ថ្មី​នៃ​យុវ​ជន​នារបស់គណបក្សប្រជាជនកម្ពុជា នាពេល​នេះ​ បាន​ធ្វើ​ឲ្យ​​គណបក្ស​​ប្រឆាំង និង​ក្រុម​របស់​គេ​ បញ្ចេញប្រតិកម្ម​យ៉ាង​ចម្លែក​ បើទោះ​បី​​ជាការ​ជ្រើស​តាំង​នេះ​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​​​ក៏ដោយ​​។​ ជាទូទៅ​ ភាគ​ច្រើន​​នៃ​​ធនធាន​មនុស្ស​របស់​បក្ស​សង្គ្រោះ​ជាតិ គឺ​នៅមាន​​ភាព​ទន់​ខ្សោយ​ខ្លាំង​ណាស់​ បើ​ប្រៀប​ធៀប​ជាមួយ​​ធន​ធាន​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ ដូច្នេះ​ហើយ​បាន​ជាក្រុម​ប្រឆាំង​មាន​ការ​ភិត​ភ័យ​ ហើយ​ធ្វើ​ជាលើក​ឡើង​ថាការ​ជ្រើស​រើស​នេះ​​ខុស​តម្លាភាព​ទៅ​វិញ​។ ម្យ៉ាង​ទៀត​ កម្លាំង​យុវជន​ចំនួន​ពាក់​​កណ្តាល​​ដែល​បាន​គាំ​ទ្រ​បក្ស​ប្រឆាំង​ កាល​ពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​បែក​បាក់គ្នា​​ ដោយ​ខ្លះ​ឈាន​​ទៅ​បង្កើត​​គណបក្ស​ថ្មី​ ហើយ​ខ្លះ​ទៀត​​​ដោយ​សារ​អស់​ជំនឿ​លើ​លោក សម រង្ស៊ី និង​កឹម សុខា​។​​​
ជា​រួម​ក្រៅពីជោគជ័យនៃ​ការ​រំដោះជីវិតប្រជាពលរដ្ឋ ​ការ​នាំ​មក​នូវ​សិទ្ធិ​សេរីភាព សុខសន្តិភាព និងការអភិវឌ្ឍ​ឡើង​វិញ​រហូតមកដល់ពេលនេះ គណបក្សប្រជាជន នៅតែជាជម្រើស​តែ​មួយគត់របស់ប្រជាពលរដ្ឋខ្មែរ​សម្រាប់​​​ដឹក​នាំប្រទេស​ ពី​ព្រោះ​គណបក្ស​នេះ​បាន​បើក​ទូលាយ​នូវ​ការ​ចូល​រួម​របស់​យុវជន និង​មហា​ជន​គ្រប់​ស្រទាប់​​​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ ក្នុង​ការ​ដឹក​នាំ​។
សក្ខីភាពនេះ​​បញ្ជាក់​ថា​យុវជន​​​​គឺ​ជា​មហា​​កម្លាំង​សាមគ្គី និង​ជា​កម្លាំង​នយោបាយ​មួយដ៏ធំ​ ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​​ទទួលបាន​ជ័យជម្នះ​ថែមទៀត ដ៏​ត្រ​ចះ​​ត្រចង់​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ទៀតជាប្រាកដ​៕​

No comments:

Post a Comment