Monday, February 09, 2015

មន្ត្រី​​អគ្គីសនី តំ​ណាង​សហជីព និង​​អភិបាល​ខណ្ឌ ចុះផ្សព្វ​​ផ្សាយ​​គោល​​ការណ៍​​របស់​​រាជ​​រដ្ឋា​ភិបា​ល​ ស្តី​ពី​​ការ​​បញ្ចុះ​​តម្លៃ​​អគ្គីសនី និង​​បញ្ហា​​ប្រាក់​ខែ​កម្មករ

នៅព្រឹកថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្រុមការងារកសាងសហជីពខ័ណ្ឌដង្កោ បាន​រៀបចំ​កម្មវិធី​សំណេះសំណាលមួយ​ ដោយ​មាន​ការ​ចូល​រួម​ពីកម្មករ កម្មការីនីប្រមាណជិត៥០០នាក់​នៅផ្ទះ​ជួលមួយ​កន្លែង​ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ​មាន​ការ​​ចូល​រួម​ពី​ក្រុមការងារសហជីព អគ្គិសនីកម្ពុជា និងអភិបាលខ័ណ្ឌដង្កោ។
លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​សហជីព​ជាតិ​កម្ពុជា​ បាន​មាន​ប្រសា​សន៍​​ថា ការជួប​​ជុំ​គ្នា​នេះ គឺ​ផ្តោតសំ​ខាន់​លើការផ្សព្វផ្សាយគោលការណ៏ថ្មី​របស់​រាជ​រដ្ឋាភិ​បាល​​លើ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនីសម្រាប់​កម្ម​ករនៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ១គីឡូវ៉ាត់​ម៉ោង គឺ​រដ្ឋ​គិត​តម្លៃ​តែត្រឹម​៦១០រៀល​ប៉ុណ្ណោះ បើ​ក្រោម​៥០គីឡូ​វ៉ាត់ ​ និងបញ្ហាប្រាក់អប្បបរមា​កម្មករ រួមទាំង​បញ្ហា​​ផ្សេងៗ​មួយ​ចំ​នួន​ទៀត ។
លោក សោម អូន បាន​ថ្លែង​ថា តាម​អ្វី​ដែល​លោកបាន​ដឹង​ កម្ម​ករ​ប្រើប្រាស់​ភ្លើង​គិត​ជា​​មធ្យម​ប្រចាំ​ខែ គឺ​ម្នាក់​ៗប្រើអស់​ប្រមាណ​​ពី​២០ ទៅ​ជាង​៣០គីឡូវ៉ាត់​ តែ​ប៉ុណ្ណោះ ក្នុង​១ខែ​ៗ។
ដោយឡែក បញ្ហា​ប្រាក់​ខែ​ថ្មី សម្រាប់​ដើមឆ្នាំ​២០១៥​នេះ ក៏​ត្រូវ​បានលោក​ សោម អូន លើក​ឡើង​ក្នុង​ឱកាសជួប​ជុំ​គ្នា​នេះ​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា​ ចាប់​ពី​ដើម​មករានេះ​ទៅ ប្រាក់​ខែគោល​ទាប​បំ​ផុត​របស់​កម្ម​ករ​មាន​ចំ​នួន​១២៨ដុល្លារ ។ អំ​ពី​បញ្ហា​ប្រាក់​ខែកម្មករនេះ​ដែរ លោក សោម អូន នៅ​បានឲ្យ​ដឹង​ទៀត​ថា ជា​គោល​ការ​ណ៍​របស់​រាជរដ្ឋាភិបាល​ រៀង​រាល់​១ឆ្នាំ​ ម្តង គេនឹង​ចរចាពី​បញ្ហា​នេះ​ គឺ​មិន​មែន​កើត​ឡើង​ដោយ​សារ​ការ​ទាម​ទារ​របស់​អ្នក​ណា​ម្នាក់​ ទើប​មាន​ការ​ចរចារឿង​តម្លើង​ប្រាក់​ខែកម្មករទេ គឺ​​ឲ្យ​តែ​ដល់​ពេល​វេលា គឺ​គណៈកម្មការ​ត្រី​ភាគី​របស់​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចរចា ។ ក្នុង​ន័យ​នេះ ឆ្នាំ​២០១៥ តម្លើង​បាន២៨ដុល្លារ ឆ្នាំ​២០១៦ ចរចា​សារជាថ្មីទៀត គឺរៀង​រាល់​ឆ្នាំខាង​មុខនឹង​មាន​ការ​ចរចាតម្លើង​ប្រាក់​ឈ្នួល​ជា​បន្ត​បន្តាប់​។
ក្រៅពី​នេះ គឺអំពី​​បញ្ហា ការ​ប្រើប្រាស់​ទឹក​របស់​កម្មករ លោក សោម អូន ក៏​បាន​ជម្រាប​បងប្អូន​កម្មករដែរ​ថា  អីឡូវ​នេះ​រាជ​រដ្ឋាភិបាល​ បាន និង​កំ​ពុង​ជម្រុញ​ឲ្យ​ខាង​រដ្ឋករទឹក​ខិត​ខំ​ពិភាក្សាគ្នា ដើម្បី​រក​វិធី​បញ្ចុះ​តម្លៃ​ទឹក​ឲ្យ​បាន​សមរម្យ​ជូន​កម្មករដែរ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ចុះ​តម្លៃទាប​។
លោក នុត ពុធដារ៉ា អភិបាល​ខ័ណ្ឌដង្កោ ក៏បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរថា ការ​អនុវត្ត​គោល​នយោបាយ​បញ្ចុះ​តម្លៃ​អគ្គីសនីក្នុង​តម្លៃ​ទាប​ជូន​ដល់បងប្អូន​កម្មករ កម្មការីនី​នេះ គឺ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ចំ​ណាយ​ពាក់​ព័ន្ធ​នឹង​ថ្លៃភ្លើងជូនដល់​កម្មករ ដែល​ជា​យុទ្ធសាស្ត្ររបស់​​រាជរដ្ឋាភិ​បាល​​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រជូន​ដល់ប្រជាពលរដ្ឋ​  ជា​ពិសេស​ សម្រាប់​បងប្អូនកម្មករក្នុង​រាជធា​នីភ្នំ​ពេញ​ បាន​មួយ​កម្រិត៕
 

No comments:

Post a Comment