Monday, February 09, 2015

អង្គការ UNWTO ឲ្យតម្លៃ​ថាកម្ពុជា​គឺជា​ប្រទេស​ប្រភព​នៃ​អំណាច​ដ៏ខ្លាំង​​មួយ​នៅ​អាស៊ី​លើ​ផ្នែក​ទេស​ចរណ៏​វប្បធម៌

ពិភពលោកបានងាកមកចាប់អារម្មណ៏យ៉ាងខ្លាំងមកលើសក្តានុពលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ដោយ​បាន​ឲ្យ​តម្លៃខ្ពស់ក្នុង​ពេល​អនា​គត់ថា ជាប្រទេសនៃប្រភពអំណាចយ៉ាងខ្លាំងមួយ នៅអាស៊ី លើវិស័យ ទេសចរណ៏វប្បធម៌។
 
ឯកឧត្តម​បណ្ឌិត Tabel Rifai អគ្គលេខាធិការអង្គការទេសចរណ៏ពិភពលោក (UNWTO) បានថ្លែងក្នុង ពិធីបិទសន្និសីទពិភពលោក ស្ដីពីទេសចរណ៍​ និងវប្បធម៌ ដោយបានបង្ហាញពីការភ្ញាក់ផ្អើលចំពោះ​សក្តា នុពលវប្បធម៌​ដ៏​សម្បូរបែបរបស់កម្ពុជាបន្ទាប់ពីបានមកចូល​រួមក្នុងសន្និសីទ​ ទេសចរណ៏ ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះ​នា​ឆ្នាំ​២០១៥នេះ  ដោយលោកបានឲ្យតម្លៃយ៉ាងខ្ពស់ មកលើកម្ពុជា ថាជា ប្រទេសនៃប្រភពអំណា​ចមួយនៅ​អាស៊ី​ខាង​ផ្នែកទេសចរណ៏វប្បធម៌។
 
ឯកឧត្តមអគ្គលេខាធិការអង្គការទេសចរណ៏ពិភពលោកបានលើកឡើងថា កាលពីអតីតកាលគឺក្នុង អំឡុងពី១០ទៅ​២០ឆ្នាំមុន​ពិភព​លោក​មិនបានទទួលស្គាល់កម្ពុជា ថាជាមណ្ឌលនៃអំណាចខាងវប្ប ធម៌នោះទេ ​ ដោយសារគេមិន​ទាន់​បានស្គាល់កម្ពុជាច្បាស់ ប៉ុន្តែ​ពេលនេះ ​លោករំពឹ​ង​ថាទៅ អនាគតកម្ពុជា គឺ​ជាក្តីសង្ឃឹមរបស់អាស៊ី​ក្នុងការជួយ​ ឲ្យអាស៊ីមានការបោះជំហានវិវឌ្ឍន៏ ប្រកបដោយ ជោគជ័័យ ទៅមុខ​តាមរយៈវប្បធម៌នេះ ហើយជោគជ័យនោះ​មិន​ត្រឹមតែ​សម្រាប់កម្ពុជា ឬក្នុងតំបន់ប៉ុណ្ណោះទេ  ប៉ុន្តែ វាគឺជាជោគជ័យ​សម្រាប់​ពិភពលោកទាំងមូលតែម្តង។
 
ឯកឧត្តមបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់កម្ពុជានិងសូមឲ្យអាស៊ីរួមជាមួយពិភពលោកជួយគាំទ្រដល់ ​កម្ពុជា​ដើម្បីគាស់​រំលើង​​ ស្លាកស្នាមប្រវត្តិសាស្ត្រពីអតីតកាលឲ្យរស់ឡើងវិញ​ នឹងចូលរួម ទាំងអស់គ្នាជួយថែរក្សា​សម្បត្តិបេតិកភណ្ឌ​វប្បធម៌​មរត​ ករាប់ពាន់ឆ្នាំដែលពោរពេញ ដោយ ដំណើរ រឿងផ្សេងៗជាច្រើន ស្តែងឡើង​តាមរយៈ​សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ប្រពៃណី ជីវភាព​រស់នៅ ភាពរស់រាយរាក់ទាក់ សិល្បៈរបាំ ចម្រៀង​ គឺសុទ្ធ​សឹង​បង្ហាញពីភាពរស់​រវើកនៃវប្បធម៌​ដ៏ល្អផូរផង់​របស់កម្ពុជា​ដែល​ បុព្វបុរសជាច្រើនជំនាន់ខិតខំថែរក្សាការពារ បន្សល់​ទុកមកនេះ ឲ្យបានគង់វង្ស សម្រាប់ជាមរតកដ៏មានតម្លៃទុកបន្តឲ្យកូនចៅ​យើងជំ​នាន់ក្រោយៗទៀត។
 
ឯកឧត្តមសង្ឃឹមថា«  អ្នកមកចូលរួមក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៏ និងវប្បធម៌ នៅលើទឹកដីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នាពេលនេះនឹងវិលត្រឡប់ទៅវិញប្រកាសប្រាប់ ពិភពលោកឲ្យបានដឹងអំពីកម្ពុជា ដើម្បីគេ​បានមក​ទស្សនា​ប្រទេស​អច្ឆរិយៈដ៏អស់ចារ្យ មួយនេះ» ។
 
ថ្លែងបិទសន្និសីទពិភពលោកស្តីពីទេសចរណ៏និងវប្បធម៌នៅល្ងាចថ្លៃទី០៥  ​កុម្ភៈ ឆ្នាំ២០១៥នេះ  ​ឯកឧត្ដម បណ្ឌិត​​សភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដី​ការគណៈរដ្ឋ​មន្រ្តី និងជាប្រធាន​គណៈ​កម្មការ​​រៀបចំសន្និសីទ​ បានថ្លែងអំណគុណ​ចំពោះ​ ថ្នាក់ដឹកនាំអង្គការ ទេសចរណ៏ពិភពលោក អង្គការយូណេស្កូ ​និងអ្នកជំនាញ អ្នក​បច្ចេកទេស  អ្នកស្រាវជ្រាវ  និងបណ្តាប្រទេសនានានៅ​លើពិភព លោក​ដែលមានការ​កោតស្ញប់​ស្ញែញ​ចំពោះ​ភាព​ អច្ឆរិយៈ របស់កម្ពុជាមកលើសក្តានុពលវប្បធម៌ដ៏សម្បូរបែប ជាពិសេស​ភាពលេចធ្លោគ្មាន​ពីរ​នៅលើ ពិភពលោក​គឺប្រាសាទអង្គវត្ត កំពុងក្លាយជាតួឯកនៅ អាស៊ី ខាងវិស័យទេស​ចរណ៏និងវប្បធម៌ដ៏ល្បី​ល្បាញ​ជាងគេ។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៏ថា កម្ពុជា​មាន​មោទនៈភាពយ៉ាងខ្លាំងចំពោះ​សម្បត្តិ វប្បធម៌ និង ​ធម្មជាតិ​ជាពិសេស​តំបន់អង្គរដែលស្ថិតក្នុងបេះដូងនៃអត្តសញ្ញាណព្រលឹង របស់ជាតិ ដែលកំពុង បន្តដើរតួនាទីដ៍​សំខាន់នៅ​ក្នុងវប្បធម៌ និងអ​រិយ​ធម៌ប្រវត្តិសាស្រ្តក្នុងការជំរុញ ការអភិវឌ្ឍនឧ​ស្សាហកម្មទេសចរណ៏ឲ្យបានកាន់តែលូត​លាស​​​រីក​ចំរើនទៅមុខ ។
 
ឯកឧត្ដម បានបន្តថា វប្បធម៌ និងទេសចរណ៍​កាន់តែ​​មានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ដែលទាមទា​ឲ្យ មាន​ការ​អភិវឌ្ឍន៍ដោយប្រុងប្រយត្ន័និង​ប្រកបដោយនិរន្តរភាពនិង​ ការទទួលខុសត្រូវខ្ពស់។ ដូច្នេះដើម្បី ធានា​នូវការ​អភិរក្ស​យូរអង្វែងនៃសម្បត្តិបេតិកភណ្ឌរូបីនិងអរូបី ការ​ចូលរួម​ការពារពី ប្រជាជនក្នុងស្រុក និងជនជាតិដើម​ភាគតិច​គឺជា​ភាព​ចាំបាច់បំផុត។​

ឯកឧត្ដម បានបង្ហាញនូវជំនឿថា សន្និសីទ​ពិភព លោកដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឡើង​នេះ​ ជាផ្នែកមួយ ជួយជាពន្លឺបន្ថែមទៀតចំពោះកង្វល់​ធំៗ ទាំងឡាយដើម្បីរួមគ្នា ដោះស្រាយបញ្ហា ប្រឈម​ជា​អវិជ្ជមាន​ចំពោះវិស័យវប្បធម៌​ ខណៈ បច្ចុប្បន្នវិសយ័ ទេសចរណ៍និងវប្បធម៌ កំពុងបោះ ជំហានរីកចំរើនធំជាង​គេ​នៅ​លើ​​​ ទីផ្សារឧស្សាហកម្មទេស ចរណ៍ពិភពលោក ដែលបង្កើត​បាននូវគំនិតច្នៃប្រឌិតថ្មី លើផលិតផល​ទេសចរណ៏ និង​ការពង្រឹង​ប្រពៃណីដើម្បី​លើកស្ទួយទិសដៅ ទេសចរណ៍បានកាន់តែប្រសើរឡើង​ ជាមួយនិងការ​ផ្សារ​​ភ្ជាប់​ប្រជា​ជន​និងប្រជា​ជន នៅទូទាំង ពិភពលោក។ ឯកឧត្ដម សង្ឃឹមថា​អង្គរការទេសចរណ៍​ពិភពលោកនិងអង្គការយូណេស្កូ​នឹង​បន្តធ្វើ​ជាដៃគូរ និងកិច្ចសហប្រតិបត្តិការដើម្បីដឹកនាំកិច្ចប្រជុំពិភពលោកឱ្យក្លាយជាកំលាំង​ ចលករសំរាប់​ការ​អភិរក្ស​និងការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ និង​វប្បធម៌ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕

No comments:

Post a Comment