Monday, May 08, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថ្លែងអំណរគុណសប្បុរសជន ដែលតែងតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីរៃអង្គាសថវិកា ដើម្បីទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិច្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬតំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងកម្ពុជា បានកើតឡើងនាពេលកន្លងមក នៅតាមបណ្តាលខេត្តនានា។ ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីបេសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថាកាលពីឆ្នាំទៅកាកបាទ ក្រហមកម្ពុជាធ្វើឡើង ចំពេលដែលកម្ពុជាជួបនូវគ្រោះរាំងស្ងួត និងពេលនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការទ្រង់ ទ្រាយធំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេស តាម រយះការចែកចាយទឹក ការជីកអណ្តូង ជីកស្រះ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មពីកាកបាទក្រហមកម្ពុជាផងដែរ។ តាមរយះវិធានការណ៍នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជា ដែលបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌ដ៏ចាំបាច់មួយនេះ។ លោកក៏បានថ្លែងអំណរគុណដល់កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកទាំងឡាយទោះតូចក្តីធំក្តីធ្វើយ៉ាងណាជួយសង្គ្រោះដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះឧបទ្ទវហេតុ ឬ គ្រោះមហន្តរាយផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល ឪពុម្តាយ ត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនចៅចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដែលធ្វើអោយប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងវិញទៀត គឺសូមប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ សូមបើកបរអោយមានការប្រុងប្រយត្ន័ ជាពិសេសបើកបរដោយគ្មានការប្រើប្រាស់គ្រឿងស្រវឹង។ លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណៈជនដែលបានជួយដល់មន្ទីពេទ្យគន្ធបុប្ផានេះដើម្បីអោយដំណើរការទៅមុខ។ នៅក្នុងពេលថ្លែងទៅកាន់ សាធារណៈជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគោរពថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសចំរើនព្រះជន្មព្រះអង្គក្នុងពេលខាងមុខនេះ សូមព្រះករុណាមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្ម យឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ៗរូប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើ សារជូនពរ លោក ក្នុងហ្វេសប៊ុក (Facebook) និងតាមទូរស័ព្វ ក្នុងពេលដែល លោកបានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរីកាលពីអាទិត្យមុននេះ។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជនដែលបាន ចូលរួមវិភាគទានដល់កម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញ ពិនិត្យការតាំងពិពណ៌សមិទ្ឋផលស្នាដៃកាកបាទក្រហមកន្លងមកនេះ និងថតរូបអនុស្សាវរីយ៍ជាមួយសប្បុរសជន និងយុវជន យុវនារី ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។ ថវិកាសរុបសម្រាប់ឆ្នាំ២០១៧ នេះទទួលបានបឋមព្រឹកមិញចំនួន ១៣,៤១០,២៨០ ដុល្លារអាមេរិក៕





No comments:

Post a Comment