Monday, May 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» គឺជាប្រធានបទដែលត្រឹមត្រូវបំផុត

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» គឺជាប្រធានបទដែលត្រឹមត្រូវបំផុត។ លោក បានថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ«កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រធានបទរបស់កាកបាទក្រហមកម្ពុជាឆ្នាំនេះ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ជាប្រធានបទត្រឹមត្រូវបំផុតព្រោះថា មិនមែនគ្រាន់តែត្រូវជាមួយសភាពការណ៍របស់កម្ពុជាទេ ក៏ប៉ុន្តែវាត្រូវជាមួយគ្រប់ប្រទេសទាំង អស់ ដែលកើតនូវគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្តី ដោយមនុស្សក្តី គឺតែងតែកើតឡើងនៅមូលដ្ឋានឯណោះ។ ដូច្នេះ ការធ្វើសកម្មភាពនៅតាមទីកន្លែងភ្លាមៗគឺជាការចាំបាច់បំផុតសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនទាំងអស់ដែលបានចូលរួម ដោះស្រាយបញ្ហាកាលពីឆ្នាំកន្លងទៅ ដែលនេះបានបង្ហាញពីសាមគ្គីភាព រួបរួមគ្នាជួយគ្នាទៅវិញទៅមក។ កាលពីឆ្នាំមុន គឺជាឆ្នាំមិនគ្រាន់តែជាការខ្វះខាតទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទៅទឹកប្រើប្រាស់ និងទឹកសម្រាប់ផឹកទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំមួយបានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។ តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឱ្យយើងក្រៅពីសង្រ្គោះប្រជាពលរដ្ឋរួច ហើយនោះ ក៏បានប្រើប្រាស់មួយភាគធំដើម្បីជួយជីកអណ្តូងទឹក ស្រះទឹកនៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលឱ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែងដែលធ្លាប់តែខ្វះខាតទឹក មានទឹកប្រើប្រាស់៕




No comments:

Post a Comment