Monday, May 08, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន៖ កាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថាកាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។  លោកស្រី បានថ្លែងដូចនេះ ក្នុងឱកាស ប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិតាមរយៈយន្តការអនុវត្តនូវ គម្រោង និងកម្មវិធីជាច្រើនទៀតក្នុងសហគមន៍ តាមបណ្តាខេត្តនានាដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ភាពក្រីក្រ និងរួមចំណែកពន្លឿនការអភិវឌ្ឍដើម្បីបង្កើននូវកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ប្រធានកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់ថា ក្រៅពីការងារជួយសង្រ្គោះជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដោយប្រការផ្សេងៗ កាកបាទក្រហមកម្ពុជា នៅបានដោះស្រាយជាប្រចាំទៅនឹងសំណើរបស់អង្គការ ឬសមាគមជនពិការ និងកុមារកំព្រាជាច្រើនទៀត តាមរយៈការជួយឧបត្ថម្ភជាថវិកាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើ ប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់អង្គការ ឬសមាគមនោះតាមលទ្ធភាពជាក់ស្តែងដែល កាកបាទក្រហមកម្ពុជាមាន៕




No comments:

Post a Comment