Friday, September 05, 2014

សម្តេច​​តេជោ៖ កម្ពុជា​​មាន​​វិស័យ​​អាទិភាព​​ជា​​ច្រើន​​កំពុង​​តែ​​អនុវត្ត​ន៍​ដើម្បី​​អភិ​វឌ្ឍន៍​​ប្រទេស​

កម្ពុ​ជា​មាន​វិស័យ​អាទិភាព​ជាច្រើន ដែល​បាន​និង​កំពុងតែ​អនុវត្តន៍ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ទទួល​ជួប​សវនា​ការ​ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច US-ASEAN ​នា​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច US-ASEAN ​អំពី​អាទិភាព​របស់​កម្ពុជា ដែល​រួម​មាន​ទី​១, ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ជា​អាទិភាព​ចម្បង។ ទី​២, ​ជំរុញ​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ ដោយ​ផ្តោតការ​យក​ចិត្តទុកដាក់​ទៅលើ​ការ​ស្តារ​ប្រព័ន្ធ​ស្រោចស្រព។ ទី​៣, ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន និង​ទូរគមនា​គមន៍ និងទី​៤, ​ការ​ស្ថាបនា​ថាមពល​អគ្គិសនី។

សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​កំពុងតែ​ប្រែ​ទិសនៃ​ការ​អភិវឌ្ឍន៍ ពោល​គឺ​បន្ថែម​ទៅលើ​ការជំរុញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អតិពលកម្ម​តាម​រយៈ​ឧស្សាហកម្ម​កែច្នៃ។

លោក​ជំទាវ​ Kathleen Santillo ​នាយក​គម្រោង​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សាធុរកិច្ច​សហ​រដ្ឋ​អាមេ​រិក​​មានប្រសាសន៍ឲ្យ​ដឹង​ថា លោកជំទាវ​បាន​នាំមក​នូវ​អ្នក​វិនិយោគ ​អាមេរិក​-​អាស៊ាន ​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ​ក្នុង​គោលបំណង​ទី​១, ​ដើម្បីស្វែង​យល់​ពី​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។ ទី​២, ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​វិនិយោគ​លើ​វិស័យ​ឯកជន​ផង និង​វិស័យ​សាធារណៈ​ផង និងទី​៣, ​ដើម្បីចូលរួម​ក្នុង​វិស័យ​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ការងារ​ដទៃទៀត។

ក្នុង​ជំនួប​សាវនាការ​នោះ​ដែរ ឯកឧត្តម វីលៀម ខ​ត ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បា​ន​មាន​ប្រសាសន៍​​ជម្រាប​ជូនសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​​​ថា ក្នុង​ឆ្នាំ​ខាងមុខនេះ ទិសដៅ​របស់​ឯកឧត្តម គឺ​ធ្វើយ៉ាងណា​លើកស្ទួយ​អ្នក​វិនិ​យោគ​ទុន​អាមេរិក​មកកាន់​កម្ពុជា ក្នុង​គោល​បំណង ដើម្បី​បង្កើន​ការងារ​ផង និងដើម្បី​បង្កើន​ប្រាក់​ចំណូល​ជូន​ដល់​ប្រជាជន​កម្ពុជា​ផងដែរ៕

No comments:

Post a Comment