Friday, December 16, 2016

លោក អ៊ិត សំហេង ផ្តល់ប័ណ្ណសរសើរដល់សហគ្រាស ស្ថាប័ន១៧៦ ដែលមានស្នាដៃល្អ ក្នុងការទប់ស្កាត់ជំងឺអេដស៍

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថាន ១៧៦ដែលមានស្នាដៃល្អ ក្នុងការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការសម្រាប់ឆ្នាំ២០១៦ ដែល រៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ និងគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងមានការឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគម្រោងកម្មវិធីអេដស៍នៅកន្លែងធ្វើការ ILO/AIDS
នេះជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្កាទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន។ លើសពីនេះទៀតក៏បាន បង្ហាញយ៉ាងច្បាស់នូវលទ្ធផលដែលប្រសូត្រចេញពីកិច្ចសហការដ៏ជិតស្និទ្ធរវាង ផ្នែកឯកជន ជាមួយរាជរដ្ឋាភិបាល និងដៃគូអង្គការជាតិ អន្តរជាតិក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ សំដៅធ្វើឱ្យមានភាពសុខដុមរមនាវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ។
ចំពោះការចូលរួមសកម្មភាព ប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ភារកិច្ចឱ្យក្រុមអធិការកិច្ចការងារចុះធ្វើការត្រួតពិនិត្យ បូកផ្សំ និងការជួយផ្សព្វផ្សាយការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នេះដល់និយោជក និងកម្មករនិយោជិតផ្នែកនេះឱ្យបានឆាប់ជ្រួតជ្រាប និងអនុវត្តឱ្យបានល្អ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ការប្រយុទ្ធនឹងជំងឺអេដស៍ ការលុបបំបាត់ការរើសអើង និងការថែរក្សាអ្នកផ្ទុកមេរោគអេដស៍ ដោយបានចុះអប់រំ សាកសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនគ្រួសារក្រីក្រ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅតាមខេត្តមួយចំនួន និងសុំឱ្យប្រជាជនទាំងអស់មិនត្រូវមានការរើសអើងដល់ពួកគាត់។ 
តាមរយៈសកម្មភាពដ៏ច្រើនលើសលប់ និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាកាកបាទក្រហមកម្ពុជា ត្រូវបានទទួលគោរម្យងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងរយៈកាល ២៥ឆ្នាំ កន្លងទៅនេះ យើងបានចលនាធនធានប្រមាណ៧០០លានដុល្លារ ដើម្បីឆ្លើយតបនឹងការ រាលដាលនៃមេរោគអេដស៍។ សមិទ្ធផលនៃយុទ្ធនាការរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាកន្លង មក បានសង្គ្រោះមនុស្សរាប់សែននាក់ ឱ្យចាកផុតពីការឆ្លងមេរោគអេដស៍ និងបានពន្យាឱ្យជីវិតប្រជាពលរដ្ឋដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយជីវិតគ្រួសារដែលទទួលរងនូវផល ប៉ះពាល់នៃមេរោគអេដស៍ ឱ្យពួកគាត់មានសេចក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ដូចជាប្រជាជនកម្ពុជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងការងារ ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសហគ្រាស គ្រឹះស្ថានចំនួន ១៧៦ ដែលបានទទួលនូវប័ណ្ណសរសើរនាពេលនេះផងដែរ៕






No comments:

Post a Comment