Friday, December 16, 2016

លោក សាយ ឈុំ៖ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែល្អតទៅទៀត

(ភ្នំពេញ)៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជំរុញឱ្យថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់បន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែល្អតទៅទៀត។ លោក បានមានប្រសាសន៍ដូចនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ ក្នុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមលោកទន្តបណ្ឌិត ប៉ុក បូរិន្ទ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ និងលោក អ៊ុំ សុខា ប្រធានមន្ទីរពេទ្យបានឱ្យដឹងថា បច្ចុប្បន្ន បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ មានចំនួន៤៤នាក់ ហើយក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងព្យាបាលជាមធ្យមប្រមាណ៥០-៨០នាក់ និងមានបងប្អូនជាស្រ្តីចូលមកសម្រាលកូនប្រមាណ០៧-១០នាក់ផងដែរ។ ក្នុងចំណោមប្រជាពលរដ្ឋដែលចូលមកពិនិត្យជំងឺ និង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ គឺមានប្រមាណជាង៤០% ដែលបានទទួលការពិនិត្យព្យាបាលដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល (សម្រាប់ប្រជាជនក្រីក្រ) ឬមានការរ៉ាប់រងដោយបេឡាជាតិសន្តិសុខសង្គម (សម្រាប់បងប្អូនជាកម្មកររោងចក្រ…)។
ប្រធានព្រឹទ្ធសភាជាតិ ក៏បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែល្អតទៅទៀត ព្រមជាមួយនេះ លោកបានអញ្ជើញសួរសុខទុក្ខបងប្អូនជាអ្នកជំងឺ និងស្រ្តីឆ្លងទន្លេប្រមាណជាង២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ និងស្និទ្ធស្នាលជាទីបំផុត ហើយបានឧបត្ថម្ភអ្នកជំងឺក្នុងម្នាក់ៗ១០០.០០០រៀល និងឧបត្ថម្ភរួមសម្រាប់មន្ទីរពេទ្យ ចំនួន៥.០០០.០០០រៀល ផងដែរ៕







No comments:

Post a Comment