Friday, December 16, 2016

រយៈពេល​២៤ឆ្នាំ​ហើយ​ដែល​រមណីយ​ដ្ឋាន​អង្គរ​បាន​ចុះក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក

ថ្ងៃទី១៤ ខែធ្នូ កាលពី២៤ឆ្នាំមុន នៅទីក្រុងSanta Fe សហរដ្ឋអាមេរិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី១៦បានសម្រេចចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ដោយកាលនោះតំបន់អង្គរពុំទាន់មានសុវត្ថិភាពពេញលេញនៅឡើយ ។
ការសម្រេចចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាលក្ខណៈពិសេសដោយសារប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈបង្រួបបង្រួមជាតិបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្ស និងដោយសារតម្លៃ លេចធ្លោជាសកលរបស់អង្គរតំណាងឱ្យស្នាដៃឯករបស់មនុស្សជាតិ ទោះបីជាលក្ខខណ្ឌទាំងឡាយសម្រាប់ធានាដល់កិច្ចការពារនិងអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៅមិនទាន់បានបំពេញគ្រប់គ្រាន់ក៏ដោយ។ ប៉ុន្តែគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានតម្រូវឱ្យប្រទេសកម្ពុជាបំពេញលក្ខខណ្ឌមួយចំនួនក្នុងរយៈពេល៣ឆ្នាំ ដូចខាងក្រោម៖
១-រៀបចំបង្កើតច្បាប់សម្រាប់ការពារបេតិកភណ្ឌនៅកម្ពុជា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព
២-បង្កើតស្ថាប័នជាតិ ទទួលបន្ទុកការពាររមណីយដ្ឋានអង្គរដោយមានបុគ្គលិកនិងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់
៣-កំណត់តំបន់ការពាររមណីយដ្ឋានអង្គរអចិន្រ្តៃយ៍
៤-បង្កើតតំបន់ទ្រនាប់ឱ្យបានសមស្រប
៥-បង្កើតយន្តការត្រួតពិនិត្យ និងសម្របសម្រួលលើគម្រោងអន្តរជាតិក្នុងតំបន់អង្គរ ។
ក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ ប្រទេសកម្ពុជាបានបំពេញលក្ខខណ្ឌទាំងអស់បើទោះបីជាសង្គ្រាមផ្ទៃក្នុងនៅពុំទាន់បញ្ចប់នៅឡើយក្តី។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអប្សរា និងការជួយជ្រោមជ្រែងពី ICC-Angkor និងសហគមន៍អន្តរជាតិ រួមមានប្រទេស និងអង្គការជាច្រើន បានធ្វើឱ្យប្រាសាទរួចផុតពីគ្រោះថ្នាក់ និងហានិភ័យនានា ដូចជា ហានិភ័យដែលអាចកើតឡើងដោយសាគ្រាប់មីនដែលកប់ក្នុងដី និងការលួចប្លន់ និងជួញដូរវត្ថុបុរាណជាដើម។ ដោយពិនិត្យឃើញស្ថានភាពប្រែប្រួលគួរឱ្យកត់សំគាល់ជាវិជ្ជមាន នាខែកក្កដា ឆ្នាំ២០០៤ នៅទីក្រុង Suzhou (ស៊ូចូវ) សាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចប្រជុំលើកទី២៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចដករមណីយដ្ឋានអង្គរចេញពី បញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់។ នេះជាសមិទ្ធផលដ៏ធំធេង និងជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអន្តរជាតិទទួលស្គាល់នូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ៕





No comments:

Post a Comment