Friday, December 16, 2016

ផ្ទះ ២០​ខ្នង ត្រូវ​បានប្រគល់​ជូន​អតីតយុ​ទ្ធជន​ក្នុងខេត្តតា​កែវ កំពត និងកំពង់​ស្ពឺ ឆ្នាំ២០​១៦​នេះ

កំពង់ស្ពឺ៖  សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានបានផ្តល់ផ្ទះសរុប ២០ ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរកឃើញថា ពួកគាត់មានជីវភាពខ្វះខាត និងគ្មានផ្ទះសម្បែងស្នាក់នៅ នៅក្នុងឆ្នាំ២០១៦នេះ ។
របាយការណ៍បានបញ្ជាក់ថា «តាមរយៈដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ពីលោក គន់ គីម បានធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅ ហើយមិនធ្វើឲ្យបងប្អូនអតីតយុទ្ធជនមានអារម្មណ៍ថា ពួកគេឯកោនោះឡើយ ឬមានអារម្មណ៍ថា ពួកគេត្រូវបានគេបំភ្លេចចោលតទៅទៀត»
របាយការណ៍បានបញ្ជាក់ទៀតថា តាមដំណើរចុះសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ គន់ គីម ដឹងកាន់តែច្បាស់ពីសុខទុក្ខ និងផលលំបាក របស់អតីតយុទ្ធជន ហើយក៏បានជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនបានច្រើនថែមទៀតផង។ បើតាមរបាយការណ៍សមាគម អតីតយុទ្ធជន បានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនគ្មានលំនៅឋានចំនួន ២០ខ្នងជួនអតីតយុទ្ធជនគ្មានលំនៅឋាននៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងកំពត។ ក្នុងនោះខេត្តកំពតសាងសង់ជូនអតីតយុទ្ធជន ១៣ខ្នង ខេត្តតាកែវសាងសង់ជូន ៣ខ្នង និងខេត្តកំពង់ស្ពឺ សាងសង់ជូន ៤ខ្នង។
របាយការណ៍ បានបញ្ជាក់ថា ការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សព ដូចមុនទៀតឡើយ។ ជាមួយនោះ សមាគម បានផ្តល់ថវិកាបំរុងឲ្យសមាគមខេត្ត៣ ( កំពង់ស្ពឺ តាកែវ កំពត ) ប្រមាណពី ២០ ទៅ ៤០ លានរៀលសម្រាប់ ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ករណីមានអតីតយុទ្ធជនមរណភាពលើសពីថវិកាកំណត់។
ទោះបីលទ្ធផលការងារក្នុងឆ្នាំ២០១៦ទទួលបានលទ្ធផលល្អយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំរសៀលថ្ងៃទី១៥ ខែធ្នូ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ ពិសេសបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជនតាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់របស់អតីតយុទ្ធជន។
លោក គន់ គីម ក៏បានណែនាំមេឃុំ និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និង បង្កលទ្ធភាពឲ្យអតីតយុទ្ធជន បានទទួលសេវាសាធារណៈផ្សេងៗ ហើយក៏ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រ ទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីស្នើសុំសម្តេចតេជោ ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន៕




No comments:

Post a Comment