Friday, December 16, 2016

លោក សេង ផល្លី ផ្តល់អនុសាសន៍ ៧ចំណុចដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ លោក សេង ផល្លី ប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមក្នុងពិធីសំណេះសំណាលបញ្ចប់វគ្គជាមួយសិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលបំភ័ន្ដអក្ខរៈ និងវគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជំនាញរដ្ឋបាល ជំនាន់១០ ដែលមានសិក្ខាកាមចំនួន ៨៤នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
នៅក្នុងឱកាសនោះ លោក បានធ្វើការណែនាំ និងផ្ដាំផ្ញើរដល់សិក្ខាកាម ដែលទើបបញ្ចប់ការសិក្សាទាំងពីរវគ្គ ដើម្បីឱ្យពួកគេបានយកនូវចំណេះដឹង ជំនាញ ជាមួយនឹងអាកប្បកិរិយា ឥរិយាបថល្អ ដែលទទួលបានពីការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ទៅប្រើប្រាស់ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព។
លោកប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សាដូចជា៖ ១- ត្រូវយកចំណេះដឹង ជំនាញ និងអាកប្បកិរិយា ឥរិយាបថល្អ ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ ២- គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្ដិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពឋានានុក្រមការងារ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ និងមានភាពស្មោះត្រង់ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្តលើសមត្ថភាពការងាររបស់ខ្លួន ។ ៣- ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។ ៤- ត្រូវធ្វើស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍ ពង្រឹងចំណេះដឹង បទពិសោធន៍ការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ។ ៥- ត្រូវមានអាកប្បកិរិយា និងឥរិយាបថល្អ ទាំងនៅកន្លែងបំពេញការងារ និងក្នុងសង្គម ជាពិសេស ជាមួយប្រជាពលរដ្ឋ ពោលគឺ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ។ ៦- កុំពឹងផ្អែកលើអ្នកដ៏ទៃ ។ និង ៧- ត្រូវមានទំនាក់ទំនងល្អ មានឆន្ទៈបំពេញការងារ មានការតស៊ូ៕





No comments:

Post a Comment