Thursday, December 15, 2016

កម្ពុជា-ហ្វីលីពីន​ ចុះហត្ថលេខា៤ចំណុច ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតី ហ្វីលីពីន

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte នៅកម្ពុជារយៈពេល២ថ្ងៃ ភាគីទាំងពីកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខា កិច្ចព្រមព្រៀង ជាមួយចំនួន៤ចំណុច ក្រោមអធិបតីភាព លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Rodrigo Duterte ។
ឯកសារទាំង៤ ដែលបានចុះហត្ថលេខានោះ រួមមាន៖ទី១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន, ទី២-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ , ទី៣-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកីឡា និងទី៤-ការអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍។ ដោយឡែកទាក់ទង ទៅនឹងបញ្ហាសមុទ្រចិន ខាងត្បូងវិញ ដែលមានទំនាស់ រវាងហ្វីលីពីន និងចិននោះ ត្រូវបានលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ បានថ្លែងក្រោយបញ្ចប់ កិច្ចជំនួបថា មិនត្រូវបានលើកយក មកពិភាក្សានោះទេ ព្រោះកន្លងមក កម្ពុជាតែងតែប្រកាន់ជំហរ អព្យាក្រឹត្យដោយបាន ស្នើឲ្យប្រទេសទាំងពីរ ដោះស្រាយគ្នាដោយសន្តិវិធី។
ទាក់ទងទៅនឹងលោក ប៉ាក់ គីអៅ ស្តេចប្រដាល់ ពិភពលោកវិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ លោក ប៉ាក់ គីអៅ នឹងមកចូលរួមផងដែរ។ លោកថា ព្រមជាមួយគ្នា នៅឆ្នាំក្រោយ ស្តេចប្រដាល់ពិភពលោករូបនេះ បានអះអាងថា នឹងមកលេងកម្ពុជាម្តងទៀត។ បើតាមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ លោក ប៉ាក់ គីអៅ បានកោតសរសើរ វិស័យកីឡានៅកម្ពុជា ថាមានរីកចំរើន ជាពិសេស ផ្នែកកីឡាប្រដាល់តែម្តង។ លោក ប៉ាក់ គីអៅ ក៏បានសង្កត់ធ្ងន់ថា លោកនឹងជួយបង្ហាត់បង្រៀន និងបង្វឹកដល់កីឡាករកម្ពុជា លើផ្នែកកីឡាប្រដាល់នេះ៕







No comments:

Post a Comment