Wednesday, March 29, 2023

វិភាគអន្តរជាតិ៖ តើ ចិន-រុស្ស៉ី នឹងបង្កើតបក្សសម្ព័ន្ធនឹងគ្នា ឬ?


(វ៉ាស៊ីនតោន)៖ «តើចិន និងរុស្ស៉ីនឹងបង្កើតសម្ព័ន្ធភាពនឹងគ្នាដែរឬទេ»? នេះគឺជាសំណួរមួយដែលតែងតែត្រូវបានចោទសួរនៅគ្រប់ពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជួបគ្នាម្ដងៗដូចដែលមេដឹកនាំទាំង២ ជួបគ្នាក្នុងទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ។ សម្ព័ន្ធភាពមិនត្រូវបានប្រកាសជាផ្លូវការនោះទេ ហើយ ប្រទេសទាំង២ក៏ធ្លាប់បានបដិសេធជារឿយៗដែរថាខ្លួនមិនមានបំណងបង្កើតសម្ព័ន្ធភាព ឬបក្សសម្ព័ន្ធយោធាណាមួយនោះទេ។ ប៉ុន្តែ ទាំងចិន និងរុស្ស៉ីសុទ្ធតែដឹងច្បាស់ថាមិនអាច ប្រឈមមុខតែម្នាក់ឯងរៀងៗខ្លួនជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរាប់សិបប្រទេសរបស់អាមេរិកបាននោះឡើយ ដោយមានតែប្រទេសទាំង២នៅជាមួយគ្នាប៉ុណ្ណោះ ទើបអាច មានគីឡូប្រជែងនឹងឥទ្ធិពលអាមេរិក និងសម្ព័ន្ធមិត្ត។

សម្ព័ន្ធភាព ឬសម្ព័ន្ធមិត្តមានអាយុចំណាស់ដូចនយោបាយអន្តរជាតិដែរ។ ក្នុងស.វទី៥ មុនគ.ស ប្រជាជនអាតែនបានរៀបចំបុរីរដ្ឋក្រិកនានាជាសម្ព័ន្ធភាពយោធា ដែលគេស្គាល់ថា «Delian League»។ នៅស.វទី១៩ អតីតអធិការបតីអាល្លឺម៉ង់ដំបូងគេ Otto von Bismarck បានបង្កើតសម្ព័ន្ធភាពសម្ងាត់ជាមួយមហាអំណាចក្បែរខាង ដើម្បីរក្សាអំណាចរបស់ អាល្លឺម៉ង់ក្នុងតំបន់អឺរ៉ុបកណ្ដាល ហើយចាប់តាំងពីសង្រ្គាមលោកលើកទី២មក សហរដ្ឋអាមេរិកវិញបានបង្កើតប្រព័ន្ធសម្ព័ន្ធមិត្តសកលរបស់ខ្លួនដើម្បីរក្សាអំណាចរបស់ខ្លួន។

ប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ជាមួយសន្ធិសញ្ញាផ្លូវការ និងពាក្យសន្យាជាសាធារណៈថានឹងការពារសម្ព័ន្ធមិត្តប្រឆាំងនឹងការវាយប្រហារពីសត្រូវ ឬគេស្គាល់ ជាទូទៅថា «ឆត្រនុយក្លេអ៊ែរ» ដែលបានសន្មត់ថាប្រទេសដែលស្ថិតនៅក្រោមឆត្រនុយក្លេអ៊ែរដូចជាជប៉ុន និងអាល្លឺម៉ង់ជាដើម អាចមានអារម្មណ៍សុវត្ថិភាពដោយមិនចាំបាច់ចង់បាន ឬផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឡើយ។ ប្រទេសភាគច្រើនជាសម្ព័ន្ធមិត្តអាមេរិកសុទ្ធសឹងតែជាប្រទេសប្រជាធិបតេយ្យ និងបានបង្ហាញការប្ដេជ្ញាចិត្តការពារ និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាអាសន្ន។ ក៏ប៉ុន្តែ នេះមិនមែនមានន័យថាប្រព័ន្ធសម្ព័ន្ធមិត្តសុទ្ធតែមានទម្រង់ដូចគ្នានេះនោះទេ។ សម្ព័ន្ធមិត្ត ឬសម្ព័ន្ធភាពអាចធ្វើឡើងក្រោមទម្រង់សម្ងាត់ ឬដោយបើកចំហ ផ្លូវការ ឬមិនផ្លូវការ មានមហិច្ឆតាធំ ឬតូច។ និយាយជារួម សម័្ពន្ធមិត្ត គេអាចយល់បានយ៉ាងសាមញ្ញថាគឺជាចងបាច់គ្នារវាងប្រទេសចាប់ពី២ឡើងទៅ ធ្វើកិច្ចសហប្រតិបត្តិការដើម្បី ស្វែងរកផលប្រយោជន៍រួមគ្នា។

តាមរយៈស្ដង់ដារបែបនេះ លោក ស៉ី ជិនពីង និងលោក ពូទីន មានសម្ព័ន្ធភាពគ្នារួចទៅហើយដែលមានល្អូកល្អើននឹងគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយកម្មវត្ថុចម្បងនោះគឺប៉េកាំង និងមូស្គូ ចង់កាត់បន្ថយ ឬក៏បន្សាបឥទ្ធិពលអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ហើយបើធ្វើដូច្នេះបាន ទើបពួកគេអាចពង្រីកដែនឥទ្ធិពល និងបង្កើតពិភពលោកពហុប៉ូលដែលអាមេរិកលែង មានអំណាចផ្ដាច់មុខ។ មហិច្ឆតានេះមិនមែនជារឿងសម្ងាត់ទៀតនោះទេ ដោយវាបានបង្ហាញឱ្យឃើញនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងរុស្ស៉ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលសង្កត់ធ្ងន់ថាភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជា ជាមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសទាំង២។​

នៅក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង វាកាន់តែបង្ហាញយ៉ាងច្បាស់ទៅទៀតថាលោក ស៊ី ជិនពីង និងលោក ពូទីន បានកប់ចោលជម្លោះកាលពីអតីតកាលរវាងរុស្ស៉ី និងចិន ហើយអាចឈរទល់ខ្នងគ្នាដើម្បីតតាំងជាមួយសហរដ្ឋអាមេរិក។ លោក ពូទីន អាចបន្តធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ពីព្រោះលោកអាចទុកតំបន់ចុងបូព៌ាស្ថិតនៅក្បែរចិន ដោយ មិនចាំបាច់ត្រូវការពារ រីឯចិនអាចនឹងបន្តស្វែងរកផលចំណេញពីការធានាឱ្យបាននូវសុវត្ថិភាពតាមតំបន់ព្រំដែនជាមួយរុស្ស៉ី ក្នុងករណីជម្លោះជាមួយសហរដ្ឋអាមេរិក លើកោះតៃវ៉ាន់ ផ្ទុះឡើងនៅថ្ងៃណាមួយ។ ការទម្លាក់ចោលគំនុំចាស់នេះឯង បានជួយសម្រួលដល់ចិន និងរុស្ស៉ី ប្រយុទ្ធតតាំងនឹងសត្រូវរបស់ពួកគេរៀងៗខ្លួន ហើយមិនតែប៉ុណ្ណោះ មហាអំណាចទាំង២ នេះ អាចរួមដៃគ្នាកែប្រែតុល្យភាពអំណាច ដោយរុស្ស៉ីអាចអុកឡុកតំបន់អឺរ៉ុបខាងកើត ហើយចិនអាចអុកឡុកតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះនឹងបង្កភាពស្មុគស្មាញ ដល់សហរដ្ឋអាមេរិក ក្នុងការចាត់វិធានការឆ្លើយតប។

បន្ថែមពីលើនេះ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក៏កំពុងពង្រឹងទំនាក់ទំនងដោយផ្ទាល់នឹងគ្នាលើវិស័យជាច្រើនផងដែរ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា មិនថាការធ្វើសមយុទ្ធយោធា ការលក់អាវុធ និងចែករំលែកបច្ចេកវិទ្យា ការបែងចែកឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ សុទ្ធតែកំពុងកើនឡើងជាលំដាប់ផ្ទុយពីការរំពឹង និងព្យាករពីសំណាក់អ្នកជំនាញលោកខាងលិច ភាគច្រើន។ តួយ៉ាងដូចជានិយាយពីការបែងចែកឥទ្ធិពលភូមិសាស្ត្រនយោបាយ រុស្ស៉ី និងចិនបានសហការគ្នាធ្វើការនៅក្នុងតំបន់អាស៊ីកណ្ដាល ដោយប៉េកាំងពង្រីកឥទ្ធិពលតាមរយៈ សេដ្ឋកិច្ច រីឯរុស្ស៉ីតាមរយៈកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលខ្លី សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែរុញរុស្ស៉ី និងចិនខិតជិតគ្នា ខណៈការធ្វើសមាហរណកម្មទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែកើនឡើង ដោយសារតែរុស្ស៉ី ត្រូវបានកាត់ផ្ដាច់ពីលោកខាងលិច។ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កំពុងបង្កើនការធ្វើពាណិជ្ជកម្មដោយចាយប្រាក់យ័នចិន ដើម្បីកាត់បន្ថយអំណាចលុយដុល្លារអាមេរិក និងផលវិបាកដែល បង្កឡើងដោយទណ្ឌកម្មសេដ្ឋកិច្ច។ ជាការពិតណាស់ លោក ស៊ី ជិនពីង មិនរំភើបជាមួយសង្រ្គាមឈ្លានពានរបស់លោក ពូទីនឡើយ តែលោកក៏មិនអាចទុកឱ្យលោក ពូទីន ចាញ់នោះដែរ ហើយចិនអាចនឹងផ្ដល់អាវុធឱ្យរុស្ស៉ីទៀតផងក្នុងករណីចាំបាច់ ជាថ្នូរនឹងការទទួលបានការតបស្នងពីរុស្ស៉ីមកវិញនូវការផ្ដោះប្ដូរបច្ចេកវិទ្យានាវាមុជទឹក ប្រព័ន្ធការពារដែនអាកាស ឬក៏ការសន្យាពីទីក្រុងមូស្គូថានឹងគាំទ្រ ឬជួយទីក្រុងប៉េកាំង នៅក្នុងជម្លោះណាមួយដែលអាចផ្ទុះឡើងជាមួយសហរដ្ឋអាមេរិក លើកោះតៃវ៉ាន់។

ក៏ប៉ុន្តែ ចិនមកទល់នឹងពេលនេះ មិនទាន់ហ៊ានដើរឆ្លងបន្ទាត់ក្រហម ពីព្រោះតែឆន្ទៈប្រឈមមុខដោយផ្ទាល់ជាមួយលោកខាងលិចរបស់លោក ស៉ី ជិនពីង នៅមានភាពទន់ខ្សោយជាងលោក ពូទីន តែប៉ុណ្ណោះ។ ដូច្នេះជាការអនុវត្តជាក់ស្ដែង មិនថាហៅទំនាក់ទំនងរវាងចិន និងរុស្ស៉ី ជាសម្ព័ន្ធភាព ឬសម្ព័ន្ធមិត្ត ឬក៏ហៅតាមអ្វីដែលលោក ស៊ី ជិនពីង និងលោក ពូទីន ដាក់ឈ្មោះឱ្យ ថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែន» នោះឡើយ ក៏វាគ្រាន់តែជាឈ្មោះមួយប៉ុណ្ណោះ។ ពោលគឺសហរដ្ឋអាមេរិកសព្វថ្ងៃ បានប្រឈមមុខនឹងសម្ព័ន្ធភាពមួយរួចស្រេចទៅហើយ មិនថា ចង់ហៅវាជាអ្វីក៏ដោយ៕ (Fresh News)

No comments:

Post a Comment