Tuesday, February 20, 2018

អន្តរក្រសួងពិនិត្យមើលគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

លើកឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការសកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបរិស្ថានបានអនុវត្តគោលនយោបាយយុទ្ឋ​សាស្រ្ត​ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបរួមគ្នា ដោយក្នុងនោះក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារបរិស្ថាននៅក្នុងទីក្រុង ជាពិសេស​ការគ្រប់គ្រង​សំរាម និងប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង និងពិភាក្សា រកនូវដំណោះស្រាយធ្វើយ៉ាងណាកុំអោយមានការកកស្ទះសំរាមក្នុងលូបង្ហូរទឹកកខ្វក់។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំអន្តរក្រសួងធ្វើការពិភាក្សាឱ្យបានផុលផុសលើចំនុចមួយចំនួនដូចជា៖ ការស្តារប្រព័ន្ធប្រឡាយទឹក ការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធសម្រាប់សាងសង់ ក៏ដូចជា រចនាសម្ព័ន្ធចាស់ឡើងវិញ ពិនិត្យស្ថានីយ៍ច្រោះទឹក ពិនិត្យនីវ៉ូទឹក និងសិក្សាលើទំហំលូដែលត្រូវប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងការហូរទឹកមិនទាន់នៅក្នុងទីក្រុង ជាពិសេសត្រូវរកយុទ្ធសាស្រ្ត រក្សា និងដោះស្រាយអាងស្តុកទឹក ដែលអាចស្តុកទឹកមានទំហំធំនៅ​ជាយក្រុងផងដែរ។ លោក សាយ សំអាល់ បានចាត់ទុកថា ការងារដោះស្រាយបញ្ហាបរិស្ថាន គឺជាកិច្ចការដែលត្រូវអនុវត្តរួមគ្នា និងទាម​ទារ​ការចូលរួមអនុវត្ត ដើម្បីបរិស្ថានល្អ ទីក្រុង និងទីប្រជុំជនមានសោភ័ណ្ឌភាព​ប្រសើរឡើង។ បានដឹក​នាំកិច្ចប្រជុំ ដែលមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួង បរិស្ថាន និងបណ្តាក្រុមហ៊ុនដែលត្រូវចូលរួមអនុវត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដំណើរការ​ដោយ​ផ្តោតលើការអនុវត្តផែនការសកម្មភាពចំនួន៦ រួមមាន៖ ទី១-ការ វិភាគតាមបែបវិទ្យា​សាស្រ្តពីបម្រែបម្រួលទឹក​ភ្លៀង ទី២-សិក្សា និងធ្វើបច្ចុប្បន្នភាពផែនទីស្ថានភាពដី ទី៣-ការស្តារប្រព័ន្ធ​លូដែលមានស្រាប់ដល់ឆ្នាំ២០២០ ទី៤-ការអនុវត្តគម្រោង​សាងសង់ប្រព័ន្ធលូថ្មី សំខាន់ៗបន្ថែម និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមការចាំបាច់​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ទី៥-ពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងពិ​គ្រោះ​យោ​​បល់​ជាមួយក្រុមហ៊ុន METRO PLUS LIMITED ក្រុមហ៊ុន SHANGGHAI CONSTRUCTION GROUP CO.,LTD. និងក្រុមហ៊ុន ION EXCHANGE(INDIA) LTD. ក្នុង​ការអនុវត្តគម្រោងវិនិយោគលើ​ការ​ស្តារ និងកសាងប្រព័ន្ធលូ និងប្រព្រឹត្ត កម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ទី៦-ការរៀប​ចំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្ត ដែល មានសមាសភាពក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ៕





No comments:

Post a Comment