Tuesday, February 20, 2018

ទំនាក់ទំនង​ ចិន-ជប៉ុន​ និង​​ការ​កើន​ឡើង​ភាព​ល្អូក​ល្អើន​ផ្នែក​នយោ​បាយ​នៅ​អាស៊ី​បូព៌ា​

នៅ​ថ្ងៃទី ២៧ និង ២៨ ខែ​មករា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Taro Kono បាន​បំពេញទស្សនកិច្ច​នៅ​ប៉េកាំង​​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរររឡើង​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ ភាគី​ចិន​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ចេតនា​របស់ខ្លួន​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​ជា​មួយ​ជប៉ុន​វិញ​ដែរ។ បរិយាកាសនោះ​មាន​ភាព​វិជ្ជមាន។ លោក Kono បាន​ជួប​ជា​មួយ​មេដឹកនាំ​ចិន​ដ៏មាន​ឥទ្ធិពល​ពីររូប​ គឺ​នាយក​រដ្ឋមន្ត្រី​ លី ខឹឈៀង ​និង​លោក Yang Jiechi ដែល​ចង់​ពង្រីក​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ ចិន​ និង​ជប៉ុន។​

កិច្ច​ប្រជុំនេះ​គឺជា​ការ​ធ្វើ​បន្ត​ពីការ​ពិភាក្សា​គ្នា​ដែល​បាន​ធ្វើ​កាលពី​ពេល​មុន​នៅ​កិច្ច​ប្រជុំ​កំពូល​ APEC នៅ​ដាណាង នៅថ្ងៃទី ១១ និង ១២ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នៅពេល​មេដឹកនាំ​ចិន​និង​ជប៉ុន​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​នោះ។ វា​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​នាយក​រដ្ឋមន្ត្រីជប៉ុន​បាន​ចាត់ទុក​ថា ជា​ “ការ​ចាប់​ផ្តើម​ថ្មី” សម្រាប់​ទំនាក់ទំនង​ចិន ​និង​ជប៉ុន។ វា​គឺជា​ចេតនា ​និង​ការ​ប្រាថ្នា​ដ៏​ច្បាស់​​ក្នុងការធ្វើ​ឲ្យ​​ប្រសើរររ​ឡើង​​ដល់​ទំនាក់ទំនង​ទ្វេភាគី​នោះ។ ចំណុច​សំខាន់​នៅ​ក្នុង​របៀបវារៈ​របស់​មេដឹកនាំ​ទាំង​​ពីរ​នៅពេល​នោះ​​គឺ​ការ​ផ្តោ​ត​​លើ​ភាព​តាន​តឹង​​ដែល​កើត​ឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​។ ចំណុច​ដែល​​ពិភាក្សា​នៅ​ ដាណាង រវាង​ចិន ​និង​ជប៉ុន​ក៏រាប់បញ្ចូល​ទាំង​ការ​បង្កើត​វេទិកា​​ប្រាស្រ័យ​ទាក់ទង​ទ្វេ​ភា​គី​​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។​

ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ មាន​ចេតនាខ្លះ​របស់​ចិន ​និង​ជប៉ុន​ក្នុងការ​​សម្លឹង​ទៅ​រក​​ការ​វិនិយោគ​រួម​គ្នា​នៅ​ក្នុង​តំបន់ផ្សេង​ៗ​ទៀតរបស់​ពិភព​លោក។ ទោះបីជា​មាន​កត្តា​ប្រឈម​ដូចជា​ប្រជាជន​កាន់តែ​ចាស់​ (ជប៉ុន) និង​ការ​បន្ត​សម័យ​អន្តរកាល​ពី​សេដ្ឋកិច្ច​ផ្តល់សន្ទុះ​ដោយ​ការ​នាំ​ចេញ​ទៅ​ជា​សេដ្ឋកិច្ច​ពឹង​ការ​ចំណាយ​ក្នុង​ស្រុក (ចិន) ក៏ដោយ ក៏​ចិន ​និង​ជប៉ុន​នៅតែ​​ជា​សេដ្ឋកិច្ច​ធំជាង​គេ​ទីពីរ​និង​ទី​បី​​របស់ពិភព​លោក​ដែរ។ សមត្ថភាព ​និង​សក្តានុពល​របស់គេ​ក្នុងការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​នៅ​ក្នុង​ពិភព​លោក​គឺ​មាន​ភាព​ធំធេង​ណាស់។​

នៅ​អំឡុង​ខែ​មករា ឆ្នាំ ២០១៨ នេះ លោក Kono ត្រូវ​បាន​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi ទទួល​នៅ​ Diaoyutai State Guesthouse។ ឪពុក​​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​គឺជា​មិត្ត​ចាស់​របស់​ចិន។ លោក Kono ស្ថិត​នៅ​កៀក​ និង​ទុក​ចិត្ត​ដោយ​ទីក្រុង​វ៉ាស៊ីន​តោន និង​ប៉េកាំង។ លោក Kono បាន​ផ្ញើរ​សារ​ទៅកាន់ប៉េកាំង ដោយ​លើក​ឡើង​ពីចេតនា​របស់​នាយក​រដ្ឋមន្ត្រីគាត់​​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ។​

ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​នៅអនាគតដ៏ខ្លី​នេះ​នឹង​កើត​មាន​ឡើង​ ឧទាហរណ៍ដំណើរ​ទស្សន​កិច្ច​ផ្លាស់ប្តូរ​ទ្វេភាគី​រវាង​ប្រធានាធិបតី​ចិន​ និង​នាយក​រដ្ឋមន្ត្រីជប៉ុន ជា​អ្វីមួយ​ដែល​មិន​បាន​កើត​ឡើង​ចាប់​​ពី​ឆ្នាំ ២០១២ មក ហើយ​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឹឈៀង ត្រូវ​គេ​រំពឹង​ថា នឹង​ទៅ​ទស្សនកិច្ច​ក្រុង​​តូក្យូ​​សម្រាប់​កិច្ច​​ប្រជុំ​​ត្រីភាគី​ជា​លើក​ដំបូង​ ចាប់ពីឆ្នាំ ២០១៥ មក។ ពាណិជ្ជកម្ម​ទ្វេភាគី​​អាច​ជា​របៀបវារៈ ដោយ​សារប្រទេស​ទាំង​ពីរ​គឺជា​វិនិយោគិន​ធំជាង​គេ​នៅ​ក្នុង​ប្រទេស​នីមួយៗ។ ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញទៅ​មក​រវាង​មេដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ​​នឹង​ក្លាយជា​និមិត្ត​​រូប​ដ៏ខ្លាំង​សម្រាប់ទំនាក់​ទំនង​ពេល​​អនាគត​របស់​គេ​ ហើយ​ក៏​នឹង​បង្កើត​បរិយាកាស​សម្រាប់​មន្ត្រី​​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផងដែរ។ សម្រាប់​មូល​ហេតុ​ជួប​គ្នា​វិញ គ្មាន​មូល​ហេតុ​ណា​ប្រសើររជាង​ខួប​ទី ៤០ នៃ​ទំនាក់ទំនង​ចិន ​និង​ជប៉ុន​ទេ។ នេះ​អាច​បំបាត់​ចោល​នូវ​ការ​មិន​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។​

កូរ៉េខាងជើង​នៅតែ​ជា​បញ្ហា​បន្ទាន់​ ដែល​ប្រទេស​ទាំង​ពីរ​អាច​បង្កើន​កិច្ច​សហប្រតិបត្តិការ​របស់​គេ​។ លោក Kenji Kanasugi អគ្គនាយក​នៃ​ការិយាល័យ​កិច្ច​ការ​អាស៊ី​ និង​ពិភព​លោក​នៅ​ក្រសួង​​ការ​បរ​ទេសជប៉ុន និង​លោក Kong Xuanyou បេ្រសិត​ពិសេស​ចិន​សម្រាប់​កិច្ច​ការ​កូរ៉េបាន​បើក​កិច្ច​ចរចា​គ្នា​ស្តីពីកូរ៉េខាង​ជើង​នៅ​ថ្ងៃទី ២៩ ខែ​មករា។ ជប៉ុន​មាន​ភាព​រសើបខ្លាំង​ជា​មួយ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​​របស់ក្រុង​ព្យុង​​យ៉ាង ជា​អ្វីមួយ​ដែល​គេ​អាច​យល់​បាន​ ដោយ​សារតែ​គ្រាប់មីស៊ីល​អន្តរទ្វីប​កូរ៉េ​ខាង​​ជើង​បាន​ហោះ​ឆ្លង​កាត់​កោះ​ភាគខាង​ជើង​របស់​ជប៉ុន ហើយ​បាន​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​​ប្រើ​ប្រាស់​​ឥទ្ធិពល​ពិសេស​របស់ខ្លួន​ជាមួយ​ក្រុង​ព្យុង​យ៉ាង​ក្នុងការ​លប់​ចោល​កម្មវិធីនេះ ហើយ​ចូល​រួម​សហគមន៍​អន្តរជាតិ​ឡើង​វិញ។ ជប៉ុន​​គាំទ្រ​ដល់​គោល​វិធីសហការ​គ្នា​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​កូរ៉េខាង​​ជើង។​

ការ​ជូន​ដំណឹង​ជា​មុន​អំពីការ​បាញ់​គ្រាប់​មីស៊ីល​នាពេល​ថ្មីៗនេះ​នៅ​កោះ​ហាវ៉ៃ ​និង​ជប៉ុន​បាន​បង្ហាញ​ពី​អារម្មណ៍​កាន់តែ​តាន​តឹង​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន ​និង​អាមេរិក។ គេ​ចាំបាច់​ត្រូវ​ការ​ដោះស្រាយ​បញ្ហា​ភ័យ​ខ្លាច​ពីការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​​នៅ​ក្នុង​តំបន់។ នៅពេល​ថ្មី​បំផុត​នេះ មេដឹកនាំកូរ៉េខាង​ជើង​ គីម ជុង​អ៊ុន បាន​ព្រមាន​តំបន់​នោះអំពី​ការ​អាច​ចូល​ប្រើ​ប្រាស់​ប៊ូតុង​​នុយក្លេអ៊ែរ។ ការ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​រវាង​ គីម និង​ប្រធានាធិបតី ត្រាំ ក្រោយ​មក​បាន​កើត​ឡើង។ ប៉េកាំង​ចង់​រួម​ចំណែក​​ក្នុងការ​កាត់បន្ថយ​វិបត្តិនេះ​ ដោយ​ធ្វើ​តាមការ​ដាក់ទណ្ឌ​កម្ម​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី ដាក់​សម្ពាធ​ក្រុង​ព្យុង​យ៉ាងដើម្បី បញ្ឈប់ការ​ធ្វើ​តេស្តគ្រាប់​មីស៊ីល​និង​នុយក្លេ​អ៊ែរ។ ជប៉ុន នាពេល​​ថ្មីៗនេះបាន​និយាយថា ខ្លួន​នឹង​​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​ក្រុង​ព្យុង​យ៉ាំង ប្រសិន​បើ​ខ្លួន​ខ្លួន​បញ្ឈប់​​ការ​បង្ករហេតុ​និង​ការ​ធ្វើ​តេស្ត​មីស៊ីល​និង​នុយក្លេអ៊ែរ។ ជប៉ុន​ក៏​បាន​ និង​កំពុង​ព្យា​យាម​​នាំ​យក​​ជន​ជាតិ​ជប៉ុន​​ ឬ​ស្វែងរក​ទីតាំង​​របស់​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុង​ព្យុង​យ៉ាង​ដែរ។​

ចិន​ និង​ជប៉ុន​ក៏​កំពុង​តែ​សកម្ម​​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើររឡើង​ដល់​ទំនាក់ទំនង​ត្រីភាគី​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ដែរ។ ជំនួប​ត្រីភាគី​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ ២០១២ ដោយ​ចិន ដោយ​សារតែ​ជម្លោះ​កំពុង​កើត​មាន​ជា​មួយ​ជប៉ុន​លើ​ប្រជុំកោះ Diaoyu/Senkaku។ នាវាឆ្មាំ​សមុទ្រ​មកពី​ប្រទេស​ទាំងពីរ​​ក៏​បាន​បន្ត​លែង​ល្បែង​​ឆ្មាចាប់​កណ្តុរ​នៅ​សមុទ្រ​ចិនខាង​កើត​​នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់​ជម្លោះ។ ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​នាពេល​បច្ចុប្បន្ន​ក្នុងការ​ជួប​គ្នា​ត្រីភាគី​នោះ​គឺ​ជា​ពេលល្អ ដោយ​សារតែ​បញ្ហា​ទាំង​នោះ​ត្រូវ​ការ​ប្រទេស​ទាំង​ពីរ​ពង្រឹងកិច្ច​សហប្រតិបត្តិការជា​មួយ​កូរ៉េខាង​ត្បូង។ ក្នុង​សញ្ញាដំបូង​​ក្នុងការ​បើក​កិច្ច​ប្រជុំ​ត្រីភាគី​នៅឆ្នាំ ២០១៨ នោះ កូរ៉េខាងត្បូង ជប៉ុន ​និង​ចិន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ហ្វីលីពីន​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ មាន​ចំណុច​រួម​សម្រាប់​ប្រទេស​​អាស៊ីបូព៌ា​ទាំង​បី​នោះ​​ក្នុងការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ដែល​ជា​ការ​ចំាបាច់​ដើម្បី​កាត់​បន្ថយ​កម្តៅ​នៅ​ឧបទ្វីបកូរ៉េ។​

ចិន ​និង​ជប៉ុន​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រសើររឡើង​នូវ​ទំនាក់ទំនង​របស់គេ​ជា​មួយ​កូរ៉េខាងត្បូង​រៀង​ៗខ្លួន​ផង​ដែរ។ ការ​ឈោង​របស់​ជប៉ុន​ទៅ​រក​កូរ៉េខាងត្បូង​​គឺ​​ពេញលេញតែ​ម្តង​ ដោយ​សារតែ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាសជា​សាធារណៈ​នូវ​ចេតនារបស់គាត់​ក្នុងការ​ចូល​រួម​កីឡាអូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េខាងត្បូង។ កិច្ច​ការ​ងារ​ទូត​ចិន​​បាន​បង្ហាញ​​នូវ​ភាព​កក់ក្តៅ​នាពេល​ថ្មីៗនេះ ដោយ​បាន​ជួសជុល​ទំ​នាក់​ទំនង​ជាមួយ​ក្រុង​សេអ៊ូល​ បន្ទាប់ពីភាព​ប្រទូសរ៉ាយ​អស់​ពេលជិត​ ១ ឆ្នាំ​លើ​ការ​សម្រេច​ចិត្ត​របស់សេអ៊ូល​ក្នុងការ​ឲ្យ​អាមេរិក​ដាក់ពង្រាយ​​ប្រព័ន្ធការ​ពារ​មីស៊ីល​នៅ​ក្នុង​កូរ៉េខាង​ត្បូង។ គេ​និ​យាយថា កិ​ច្ច​ព្រមព្រៀង​ធ្វើ​ឡើង​រវាង​​ប៉េកាំង​និង​សេអ៊ូល​​ចំពោះការ​ចូល​ខិតជិត​គ្នា​នោះ​មាន​មូល​ដ្ឋាន​លើ​ការ​សន្យា​របស់​សេអ៊ូល​ក្នុងការ​ព្យួរ​ការ​ពង្រាយ​បន្ថែម​នូ​វ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នោះ។ ប៉េកាំង​​បាន​មើល​ឃើញ​រ៉ាដា​ដ៏មាន​ឥទ្ធិពល​របស់​ប្រព័ន្ធការ​ពារ​មីស៊ីល​នោះ​ក្នុងក្រសែភ្នែក​សង្ស័យ ដោយ​​ចាត់ទុកវា​ ថាជា​​ឧបករណ៍​ដែល​​ស្ទាក់ចាប់​ការ​បាញ់គ្រាប់​មីស៊ីល​និង​ការ​បំលាស់ទី​​យន្ត​ហោះ​យោធា​​​នៅ​ចិន​និង​ដែន​អាកាស​ខ្លួន។​

នៅពីក្រោយ​នៅភាព​ទូទៅ​​នៅ​​អាស៊ីបូព៌ា​នោះ ស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​បាន​បង្ហាញ​ពីភាព​ប្រសើររ​ឡើង​ ដោយ​សារតែ​កូរ៉េទាំង​ពីរ​បាន​ផ្តោត​លើ​កីឡាអូឡាំពិក​រដូង​រងារ​នោះ ដោយ​កូរ៉េខាង​ជើង​បាន​បញ្ជូន​​គណៈ​ប្រតិភូទៅកាន់​ព្រឹត្តិការណ៍​នោះ និង​ប្រកួត​រួម​គ្នា​នៅ​ក្នុង​ពិធីបើក​ទៀត​ផង។

ចំពេល​នឹង​សុទ្ធិដ្ឋនិយម​បែប​ប្រុង​ប្រយ័ត្ន​នោះ មានសញ្ញា​ខ្លះ​ពីការ​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន​ដូចជា​ការ​បើក​នាវា​មុជទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ចូល​ក្នុង​ដែន​ទឹក​ជាប់​ជម្លោះ​រវាង​ចិន ​និង​ជប៉ុន។ មហាអំណាច​ទាំ​ងពីរ​នេះ​ដែល​ធ្វើ​ការ​ជា​មួយ​​អាមេរិក​អាច​នាំ​មក​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ទៅ​កាន់តំបន់នោះ ប្រសិន​បើ​ពួក​គេ​មាន​ឆន្ទៈ​ពិភាក្សា​គ្នា​អំពី​ភាព​ខ្វែង​គំនិត​គ្នា​របស់គេ។

រយៈពេល ៦ ឆ្នាំបន្ទាប់ពី​ឆ្នាំ ២០១២ មក មាន​ភាព​រអាក់រអួល​​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ដោយ​សារតែ​ការខ្វែង​គំនិតគ្នា​លើ​ប្រជុំកោះ Diaoyu/Senkaku នោះ ចិន​និង​ជប៉ុន​កំពុង​ព្យាយាម​​បញ្ជៀស​ការ​ខូច​ខាត​ និង​ងាក​ចេញពី​ភាពតាន​តឹង​។ អ្វីដែល​សន្សល់​ទុក​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជួប​គ្នា​នោះ​គឺ​ការ​ឲ្យ​មន្ត្រី​របស់​ភាគីទាំងពីរ​​ពិនិត្យ​មើល​កាលបរិច្ឆេទដ៏មមាញឹក​របស់មេដឹកនាំគេ​​ដើម្បី​កំណត់​ថ្ងៃ​សមរម្យ​​សម្រាប់​ជំនួប​ទ្វេភាគី​របស់​មេដឹកនាំកំពូល​ទាំង​ពីរនោះ៕

ប្រភព៖ IPP Review ចុះថ្ងៃ១៨ ខែកុម្ភៈ​​ ​ឆ្នាំ២០១៨


No comments:

Post a Comment