Tuesday, February 20, 2018

ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព

នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី១៩​ ខែ កុម្ភ: ឆ្នាំ ២០១៨​នេះ នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល​ បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជាដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាពក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល​ ដោយមានសិក្ខាកាមចូលរួមជាអនុប្រធានមន្ទីរសុខាភិបាលនិងអ្នកទទួលខុសត្រូវមន្ទីរពិសោធន៍មកពីបណ្តារាជធានី-ខេត្ត​ តំណាងអង្គការសុខភាពពិភពលោក​ អង្គការ​ DMDP និង​ I-TECH សរុបប្រមាណជា៧០នាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិ​បាលសាធារណ:​ ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រ​សិទ្ធភាព​។ លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងគោរពក្រមសីលធម៌វិជ្ជាជីវ:​សុខា​ភិបាល​ពិសេសផ្នែកមន្ទីរពិសោ​ធន៍នេះឱ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៍ត្រូវផ្សាភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ​ អ្នកគ្រូពេទ្យ​ដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាព​ល្អ​ នឹងជួយជំរុញឱ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រឹតល្អ ហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជំរុញឱ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់​ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឱ្យសោះ​ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ ម្យ៉ាងទៀត​ មន្ទីរពិសោធន៍ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។

លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានសង្កត់ធ្ងន់បន្ថែមសូមឱ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់​ឆ្ពោះទៅរកគុណភាពតាម​ ISO15189​ និងបំពេញតាមគោលការណ៍​ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស​ ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ​ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការណ៍ការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឱ្យមានការវិភាគជំងឺខុស​ ឬព្យាបាលមិនពូកែ​ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ផ្តល់ចេញមកមិនត្រឹមត្រូវឱ្យសោះ។ លោកស្រីបានថ្លែងកោតសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមក​របស់បុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា​ MERS, SARS, Ebola, និងZika ជាដើម​ ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសម្រាប់ជំងឺផ្តាសាយបក្សី​ H5N1​ ផងដែរ៕













No comments:

Post a Comment