Tuesday, February 20, 2018

ចូលឆ្នាំចិន វៀតណាម ៣ថ្ងៃ ភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និង​ចរា​ចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈ ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃ​ណី​​ជន​ជាតិ​ចិន វៀតណាម មានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មក​កម្សាន្តនៅខេត្តព្រះសីហនុ មាន​​ចំនួន ៨៨.០០០នាក់ កើនឡើង ៦ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ​២០១៧  ក្នុង​នោះ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​មានចំនួន ៧៩.០៥០​នាក់ កើន  ៦,១ភាគរយ និង​ភ្ញៀវ​ទេស​ចរណ៍​​អន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,២៩​ភាគរយ ។

ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តតាមកោះ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មាន​ចំនួន ៩.០០៦នាក់ កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥​ភាគ​រយ  និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។

ឈ្មោះរមណីយដ្ឋានដែលភ្ញៀវទេសចរណ៍និយមទៅក្នុងនោះរួមមាន៖ រមណីយដ្ឋានពិកនិក ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលា  មាន​ភ្ញៀវ​ចំនួន ២.១៨០នាក់ និងរមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១​នាក់ ។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ កន្លងមកនេះ សភាព​ការណ៍​សន្តិសុខ សណ្តាប់​ធ្នាប់​សាធា​រណៈ​ត្រូវ​បាន​រៀប​ចំ​គ្រប់​គ្រង ការ​ពារ និង​រឹត​បន្តឹង​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​ផែន​ការ និង​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ ស្នង​ការ​នគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញ​បាន​ចេញ​ប្រតិ​បត្តិ​ការ​ល្បាត​តាម​គោល​ដៅ និង​ភូមិ​សាស្ត្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕




No comments:

Post a Comment