Thursday, November 21, 2013

បទអត្ថាធិប្បាយ ដោយ រាជ្យ សុវណ្ណនគរ «១០ ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង»



បទអត្ថាធិប្បាយ
១០ ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង

          មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ថា “គណ​បក្ស​នេះ​ នឹងឈប់ធ្វើការចរចារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទៀតហើយ ដរាបណា​គណ​​បក្ស​គ្រប់​គ្រងអំណាច មិនព្រមរៀបចំឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត ហើយពួកនេះ នឹងដឹកនាំ​ធ្វើ​​​មហា​​បាតុកម្ម ធំជាមុនដើម្បីធ្វើការផ្លាស់ប្តូរឲ្យទាល់តែបាន នៅថ្ងៃទី១០ ធ្នូ ២០១៣ ខាងមុខនេះ”។
          នៅក្នុងសង្គមប្រជាធិបតេយ្យ និង នីតិរដ្ឋ ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបាន ត្រូវផ្អែកតាមគន្លង​ច្បាប់ គឺ​​មាន​តែពីររូប​ភាពប៉ុណ្ណោះ គឺ ទី១. ការបោះឆ្នោត និង ទី២. ការចរចា ដើម្បីផ្លាស់ប្តូរ។ នៅក្នុងរូបភាព​ទី១ ប្រជាពល​​រដ្ឋខ្មែរ បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនចប់សព្វគ្រប់រួចរាល់ហើយ ដោយឈរលើគោលការណ៍​បោះ​ឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ និង អាចទទួលយកបាន ដោយ​មាន​ការចូលរួម​ពី​បក្ស​​​នយោ​បាយ​ចំនួន ៨ រួមទាំងគណ​បក្ស​សង្គ្រោះជាតិផងដែរ។ ​ព្រោះថា គោលការណ៍ប្រជាធិបតេយ្យ​ដែល​បាន និង កំពុងតែចាក់​ឫស​នៅកម្ពុជា ក៏មិនខុសពីគោលការណ៍​ប្រជា​ធិប​តេយ្យរបស់ប្រទេស​ស៊ីវីល័យ​ក្នុង​លោកដែរ គឺការប្រើ​អំណាច​របស់​ប្រជាពលរដ្ឋទៅ​តាមការកំណត់​របស់​ច្បាប់ បើមិនដូច្នោះទេ វានឹង​ក្លាយ​ជាអនាធិបតេយ្យ​មិន​ខាន។
          នៅក្នុងរូបភាពទី២ ការចរចា គឺជាយន្តការមួយដ៏ស័ក្តិសិទ្ធិរបស់គណបក្សនយោបាយ ទាំងអ្នកកាន់​អំណាច និង អ្នកប្រឆាំង ដែលត្រូវប្រកាន់យក ប្រកបដោយការតស៊ូ អត់ធ្មត់ ដើម្បីធ្វើឲ្យមានការផ្លាស់​ប្តូរ​នូវ​របត់​​នយោបាយ សេដ្ឋកិច្ច និង សង្គម ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅរបស់សង្គមជាតិ និង ប្រជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ។ ការចរចា ត្រូវការពេលវេលា ការប៉ិនប្រសព្វ និងការហ៊ានលះបង់ធ្វើសម្បទាន​ឲ្យគ្នា​ទៅ​វិញ​​ទៅ​មក។ តាមប្រវត្តិនៃការចរចាដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា រហូតឈានដល់កិច្ចព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានការខិតខំប្រឹងប្រែងឥត​គណនារបស់តួអង្គ​សំខាន់​ពីរ ​គឺ​សម្តេច​​​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន បានប្រើពេលវេលាមិនតិចជាង៤ ឆ្នាំនោះទេ គឺចាប់ពីឆ្នាំ១៩៨៧ រហូតឆ្នាំ១៩៩១ ទើប​​សម្រេចបាន។ ចុះនៅ​ពេល​នេះ តើគណបក្សសង្គ្រោះជាតិ បានប្រើពេលវេលាយូរប៉ុណ្ណាហើយ បើគិត​ចាប់​​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ នេះមក ហើយបែរជាហ៊ាន ប្រកាសថាឈប់​ចរចាជា​មួយគណ​បក្ស​ប្រជា​ជន​កម្ពុជា។
          តើគណបក្សសង្គ្រោះជាតិ កំពុងប្រកាន់គោលជំហរណាមួយឲ្យច្បាស់លាស់ទៅវិញទេ បើម្តងប្រកាស​ថា ចរចា​ដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ ម្តងចរចាទាមទារបែងចែកអំណាចក្នុងសភា និង រដ្ឋា​ភិ​បាល និង ម្តង ប្រកាសឈប់ធ្វើការចរចា។
          ការប្រកាសរបស់មេគណបក្សសង្គ្រោះជាតិនេះ ធ្វើមហាបាតុកម្ម ថ្ងៃទី១០ ធ្នូ ខាងមុខ ដោយមាន​គោល​ដៅ​ធ្វើ “ការផ្លាស់ប្តូរ” ឲ្យទាល់តែបានសម្រេច គឺមានន័យស្មើនឹង ការធ្វើរដ្ឋប្រហារ យ៉ាងច្បាស់​ក្រឡែត មិនអាច​ប្រកែក​បាន តាមរូបភាព “អំណាចប្រជាជន” នៅកម្ពុជា។ បើសិនដូច្នេះមែន តើមានព្រឹត្តិការណ៍អ្វីខ្លះ នឹង​កើតឡើងនៅក្នុងសង្គមកម្ពុជា បើគណបក្សមួយជាអ្នកការពារអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ និង គណបក្សមួយ ជាអ្នកដណ្តើមអំណាចតាមរូបភាពអំណាចប្រជាជន ឬ និយាយឲ្យខ្លី និង ស្រួលស្តាប់ គឺ “រដ្ឋ​ប្រហារ”។
          ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញប្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់នូវសោកនាដកម្មមហាមហន្ត​រាយ ដែល​មិនអាចរៀបរាបបាន ជាពិសេសរបបប្រល័យពូជសាសន៍ ដែលកើតចេញមួយផ្នែកពីការសងសឹក​គ្នា “ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” និង សង្រ្គាមស៊ីវិលជាងពីរទសវត្ស គឺកើតចេញពីការ​ “ផ្លាស់ប្តូរ” ក្រៅប្រព័ន្ធច្បាប់ និង គោលការណ៍ប្រជាធិបតេយ្យនេះហើយ ទើបប្រទេសកម្ពុជា មានស្ថានភាព​ដូច​​សព្វ​ថ្ងៃ។
          ហេតុដូច្នេះហើយ បើគណបក្សសង្គ្រោះជាតិ ប្រកាសថា ការធ្វើមហាបាតុកម្ម នៅថ្ងៃទី១០ ធ្នូ ជាថ្ងៃ​ផ្លាស់​ប្តូរនៅក្នុងនយោបាយកម្ពុជានោះ គឺវាមានន័យច្បាស់គ្រប់គ្រាន់ហើយថា គណបក្សសង្រ្គោះ​ជាតិ បាន និង កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
ដោយ រាជ្យ សុវណ្ណនគរ

No comments:

Post a Comment