Tuesday, February 15, 2022

កិច្ចប្រជុំស្តីពីការពិនិត្យ និងតាមដានការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ ភូមិសាស្ត្រស្រុកវាលវែង

ពោធិ៍សាត់៖  លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការអន្តរក្រសួង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយម្ចាស់ក្រុមហ៊ុន អិម ឌី អេស ហេង ហ៉ី អ៉ីនវេសម៉ិន ឯ.ក ខូអិលធីឌី នៅតំបន់សេដ្ឋកិច្ចពិសេសថ្មដា ដើម្បីពិនិត្យ និងតាមដានការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង នៃខេត្តពោធិ៍សាត់។


នៅក្នុងពិធីនោះ ក៏មានការអញ្ជើញរួមមាន លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត លោកអភិបាលរងស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការនគរបាលការពារព្រំដែន៨២៥ មេបញ្ជាការវរៈការពារព្រំដែន៥០១ និងមន្ត្រីជំនាញមួយចំនួនទៀត។


បន្ទាប់ពីលោក ចេង ឡៃ បានលើកឡើងពីគោលបំណង នៃការចុះមកនាពេលនេះ ជូនភាគីតំណាងក្រុមហ៊ុនបានដឹងនោះរួចមក ភាគីក្រុមហ៊ុនបានជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន គឺបានប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ នៅក្នុងស្រុក មិនបានប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ទេ។ ចំពោះបណ្ដាញខ្សែបង្កប់តាមព្រៃ ចំនួន២ខ្សែ ឆ្លងកាត់ព្រំដែន រវាងខេត្តត្រាត ប្រទេសថៃ ឆ្លងចូលខេត្តពោធិ៍សាត់ ប្រទេសកម្ពុជានោះ គឺជាខ្សែចាស់ ដែលក្រុមហ៊ុនបានឈប់ប្រើប្រាស់ តាំងពីអំឡុងខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។


ថ្លែងក្នុងឱកាសនោះ លោក ចេង ឡៃ បានឱ្យដឹងថា បញ្ហានៃការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបាត់បង់ចំណូលដល់ថវិកាជាតិ ដូច្នេះហើយបានជាក្រុមការងារ ដែលចុះមកនាពេលនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានឱ្យបានច្បាស់លាស់ ជាក់លាក់ ស្របតាមគោលការរបស់ លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្ត។ ប្រសិនបើក្នុងករណីក្រុមហ៊ុនប្រើប្រាស់មិនគ្រប់គ្រាន់ ឬរអាក់រអួល ខាងក្រុមហ៊ុនអាចជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងផ្ទាល់ទៅមន្ទីរជំនាញ ដើម្បីអន្តរាគមន៍ទៅក្រសួងឈានទៅផ្គត់ផ្គង់សេវាបន្ថែម សម្រាប់តម្រូវការប្រើប្រាស់។


លោកអភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យជាក់ស្ដែង ដល់ព្រំដែនរវាងខេត្តត្រាត និងខេត្តពោធិ៍សាត់ ព្រមទាំងបានកាត់ផ្ដាច់ខ្សែកាបអុបទិចចាស់ ដែលបានតភ្ជាប់ពីមុនមក ដើម្បីជាភស្ដុតាងបញ្ជាក់ថា ក្រុមហ៊ុនពិតជាបានឈប់ប្រើប្រាស់ពិតប្រាកដមែន៕






No comments:

Post a Comment