Tuesday, February 15, 2022

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ដើម្បីបំពេញតំរូវការព្យាបាលអ្នកជំងឺ

 ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២  រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលតំរូវឲ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយះពេលមួយឆ្នាំ។


 ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភះ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។


តាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយ:ពេលរវាង១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការឆ្លងលឿនទៀតផង។


មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៍ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ៣ការពារ ៣កុំឲ្យបានហ្មត់ចត់និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ ឲ្យបានគ្រប់ដូសនិងដូសជំរុញ។


ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នាពេលនេះ បានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណាដូច្នេះយើងត្រូវរៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះក្រោមការដឹកនាំរបស់លោក ឃួង ស្រេង៕








No comments:

Post a Comment