Friday, August 09, 2019

ការពង្រឹងកិច្ចសហការរវាងអង្គការសង្គម និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា

កែប៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំសង្កាត់ មេភូមិទាំងអស់ក្នុងខេត្ត និងអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ទូទាំងខេត្តកែប។
ក្នុងសុន្ទរកថាស្វាគមន៍ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ចាក់ថា ការអភិវឌ្ឍប្រទេសក៏ដូចខេត្ត មិនអាចកាត់ផ្តាច់ពីវិស័យឯកជនដែរ ក្នុងនោះ មានអង្គការសង្គមស៊ីវិល ផងដែរ។ អត្រាភាពក្រីក្រក្នុងខេត្តកែប បានប្រែប្រួលយ៉ាងខ្លាំងពី ១៤,៣៧% នៅឆ្នាំ២០១៥ ចុះមកត្រឹម ៤,៤៣% នៅឆ្នាំ២០១៩ សមិទ្ធិផលដ៏ធំធេងនេះ ដែលខេត្តកែបសម្រចបានក្នុងរយ:ពេល៥ឆ្នាំចុងក្រោយនេះ គឺដោយមានការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត មានការចង្អុលបង្ហាញពីប្រមុខរដ្ឋាភិបាល និងមានការចូលរួមពី អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ផងដែរ ។
លោក ក៏បានបន្ថែមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកែប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គការសង្គមស៊ីវិល សមាគមន៍ សហជីព និងសហគមន៍នានា ដែលមានបំណងធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍនៅខេត្ត និងបានស្នើឲ្យអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ទាំងអស់ ត្រូវបន្តគោរពច្បាប់សមាគមន៍ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា និងធ្វើតាមការណែនាំសម្របសម្រួលរបស់អជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានបង្ហាញក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបង្ហាញពីតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលសមាគម សហជីព និងសហគមន៍ ដែលត្រូវចូលរួមអភិវឌ្ឍន៍ក្នុងគោលដៅណាមួយ តាមវិស័យដែលខ្លួនបានបំពេញ ។
លោក កូយ នុល មន្រ្តីសាខាពន្ធដាខេត្តកែប បានបង្ហាញ និងបញ្ជាក់ថាគ្រប់អង្គការសង្គមស៊ីវិលសមាគមន៍ សហជីព និងសហគម ត្រូវមានកាតព្វកិច្ចចុះបញ្ជី និងអនុវត្តភារកិច្ចពន្ធដាជាប្រចាំខែ និងប្រចាំឆ្នាំ ។
លោក ឆែក រដ្ឋ មន្រ្តីបណ្តុះបណ្តាលច្បាប់នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពច្បាប់មួយចំនួន ដែលអង្គការសង្គមស៊ីវិលត្រូវអនុវត្ត ទាំងក្នុងពេលបង្កើត អំឡុងពេលប្រតិបត្តិការ។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចួលរួមសហការជាមួយអង្គការសង្គមស៊ីវិលឲ្យបានល្អ ដើម្បីបន្តសម្រេចបាននូវលទ្ធផលប្រសើរតាមគោលដៅទាំងអស់ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ហើយឯកឧត្តម ក៏បានអំពាវនាវឲ្យអង្គការ សមាគម សហជីព និងសហគមន៍ទាំងអស់ ត្រូវបន្តគោរពច្បាប់សមាគមន៍ និងច្បាប់របស់ប្រទេសកម្ពុជា ៕



No comments:

Post a Comment