Friday, August 09, 2019

អ្នកសារព័ត៌មានត្រូវមានសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ផ្សព្វផ្សាយព័ត៌មានការពិត និង រហ័សទាន់សភាពការណ៍

កំពង់ឆ្នាំង៖ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងព័ត៌មានបានជំរុញបែបនេះក្នុងកម្មវិធីប្រកាសចូលកាន់តំណែងប្រធានការិយាលល័យទូរទស្សន៍និងសម្រួលភារកិច្ចជូនមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ មន្រ្តីរាជការចំណុះមន្ទីរព័ត៌មានសរុបចំនួន៤៥នាក់ផងដែរ។
លោក ម៉ម ឈឿមបានប្រសាសន៍បន្តថា លោកប្រធានការិយាល័យទូរទស្សន៍ទើបទទួលភារកិច្ចថ្មី ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ការិយាល័យវិទ្យុនិង ការិយាល័យព័ត៌មានក្រុងស្រុក ត្រូវរៀបចំប្រព័ន្ធ អនឡាញ ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជាច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ ឬព័ត៌មានទូរទសស្សន៍ទេ តែពួកគាត់អាចបើកមើលកម្មវិធី ឬ ព័ត៌មានទូរទស្សន៍នោះ តាមទូរស័ព្ទនាពេលក្រោយបាន នៅពេលដែលពួកគាត់ទំនេរពីការងារ។ ជាពិសេសការិយាល័យទូរទស្សន៍និងការិយាល័យវិទ្យុ ត្រូវបញ្ជូនព័ត៌មានទៅទូរទស្សន៍ជាតិនិងវិទ្យុជាតិអោយបានទាន់ពេលវេលា។
លោក ម៉ម ឈឿម បានបន្តទៀតថា ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្ត្រីរាជការ ហើយត្រូវសហការគ្នាក្នុងជួរថ្នាក់ដឹកនាំមន្ទីរ ថ្នាក់នាំការិយាល័យដើម្បីឈានទៅសម្រេចបានផែនការសកម្មភាពហើយទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកក៏បានផ្តាំផ្ញើដល់ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការងារជំនាញរបស់ខ្លួន ត្រូវចេះសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន តែការពិត រហ័សទាន់សភាពការណ៍ ព្រមទាំងយកព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយ។
សូមបញ្ជាក់ថា យោងតាមដីការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានសម្រេចប្រគល់ភារកិច្ចជូនលោក ង៉ែត ចន្ថា ជាប្រធានការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលភារកិច្ចលោកទី សារៈពីអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកផែនការ គណនេយ្យមកជាអនុប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍,លោកកា ហានពីអនុប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍មកជាអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកផែនការ គណនេយ្យ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ថ្មី បានប្តេជ្ញានឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង អោយបានល្អនៅក្នុងមន្ទីរ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និង ចូលរួមជំរុញវិស័យព័ត៌មាន អោយកាន់ប្រសើរឡើង ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕




No comments:

Post a Comment